ខេត្តព្រៃវែង ៖ ថ្មីៗនេះគេឃើញគ្រឿងចក្រជាច្រើនរបស់ក្រុមឈ្មួញរកស៊ីដឹកដី កំពុងសប្បាយ ចិត្តក្នុងការកាប់កាយដីព្រែកដីប្រឡាយ យកអាចម៍ ដីលក់យ៉ាងគគ្រឹកគគ្រេង នៅតាមបណ្ដាភូមិនានាក្នុងឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ដែលសកម្មភាពនេះ ត្រូវបានគេបញ្ជាក់ប្រាប់ថា មានការអនុញ្ញាតពីអាជ្ញាធរភូមិឃុំផងដែរ។
ពលរដ្ឋដែលរស់នៅក្នុងឃុំកញ្ចំ បានលើកឡើងថា សកម្មភាពក្រុមឈ្មួញ ដែលនាំគ្នាជីកយកដីបឹងដីព្រែកលក់យកលុយដាក់ហោប៉ៅធ្វើមានបាននេះពួកគាត់មិនឈឺចាប់អ្វីនោះទេ ព្រោះវាជាដីសាធារណៈរបស់រដ្ឋ ប៉ុន្តែអ្វីដែលពួកគាត់ទទួល យកមិនបាន គឺក្រុមរថយន្តដឹកដីទាំងនោះ ដឹកអត់គ្រប ធ្វើអោយដីជ្រុះពេញផ្លូវ និងហុយធូលីដីខ្លាំង ធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ដែលរស់នៅតាមដងផ្លូវជាខ្លាំង ដូច្នេះហើយទើបពួកគាត់ស្នើសុំឲ្យអាជ្ញាធរនិងមន្ត្រីជំនាញ ដែលទទួលផលជាមួយជួយពិនិត្យមើលរឿងនេះផង។
ពលរដ្ឋទាំងនោះបានលើកឡើងជាចំងល់ថា ដីព្រែកដីបឹងដីប្រឡាយ សុទ្ធតែជាដីសាធារណៈរបស់រដ្ឋ ហេតុអ្វីបានជាក្រុមឈ្មួញ អាចចូលជីកយកអាចម៍ដីដឹកលក់ បានយ៉ាងស្រួលបែបនេះទៅវិញ? ហេតុអ្វីបានជាអាជ្ញាធរមិនធ្វើការហាមឃាត់? ឬមួយក្រុមឈ្មួញគេធ្វើការទំនាក់ទំនងត្រូវរូវគ្នាហើយទេដឹង?
ជុំវិញករណីនេះលោក អុិត ស៊ីម មេឃុំកញ្ចំបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការជីកនេះគឺលោកមេភូមិជាអ្នកស្នើសុំឲ្យគ្រឿងចក្ររបស់ឈ្មួញចូលជីក ហើយទទួលបានផលប្រយោជន៍ទាំងសង ខាង គឺឈ្មួញបានអាចម៍ដីយកទៅលក់ ចំណែកអាជ្ញាធរគឺបានស្ដារព្រែកស្ដារប្រឡាយ បានប្រភពទឹកសម្រាប់ប្រើប្រាស់ និងការពារកុំឲ្យពលរដ្ឋរំលោភយកផងដែរ ហើយសព្វថ្ងៃនេះក្រុមឈ្មួញកំពុងជីកប្រឡាយនិងព្រែក នៅក្នុងភូមិចំនួន 3 គឺភូមិទ្រា ភូមិកញ្ចំ(ក) និងភូមិកញ្ចំ(ខ)។
លោកមេឃុំបានបញ្ជាក់ថា បច្ចុប្បន្ននេះដីព្រែកដីបឹងដីប្រឡាយ បានគោករាក់អស់ទៅហើយ ធ្វើឲ្យប្រជាពលរដ្ឋចេះតែមើលឃើញ និងនាំគ្នាចង់បានចំណែកអាជ្ញាធរគ្មានលទ្ធភាពការពារនោះទេ។ដូច្នេះហើយជាជម្រើសល្អ មានតែអនុញ្ញាតឲ្យក្រុមឈ្មួញចូលជីកស្ដារឲ្យជ្រៅ ការពារដីបឹងព្រែកកុំឲ្យបាត់បង់ផង និងបានទឹកប្រើប្រាស់ផង ហើយអាចម៍ដីឱ្យឈ្មួញដឹកយកទៅលក់ បានថវិកាខ្លះជួយទ្រទ្រង់ដល់ភូមិឃុំផង គឺប្រយោជន៍បានទាំងសងខាង ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ