ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ មនុស្ស០៣នាក់ (ប្ដី ប្រពន្ធ និងកូនស្រីអាយុ០៥ឆ្នាំ) បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ខណៈកូនស្រីម្នាក់ទៀតអាយុ០៣ឆ្នាំម្នាក់ទៀតរងរបួសស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកម៉ូតូ ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៥ និង៤៥នាទីរសៀលថ្ងៃទី០៧ មករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវក្រួសក្រហមមួយខ្សែ ក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ដមួយគ្រឿងម៉ាកតូយ៉ូតាVIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខពោធិ៍សាត់ 2C.9699 បើកបរដោយឈ្មោះ តាន់ មេសា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិនិងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាមួយម៉ូតូហុងដាម៉ាកWAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1N.1400 ក្នុងទិសដៅបញ្ច្រាសគ្នា ។
សមត្ថកិច្ចឲ្យដឹងថា នៅរសៀលនោះ គេឃើញរថយន្ដបង្កគ្រោះថ្នាក់ខាងលើ បើកបរក្នុងល្បឿនលឿនហុចដីទ្រលោមក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ភ្នំក្បាលសៀម ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិឃុំខាងលើ ក៏បុកម៉ូតូដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង ខ្ទាតទាំងមនុស្សនិងម៉ូតូរដូករណែលពេញថ្នល់ បណ្ដាលឲ្យស្លាប់០៣នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ១-ឈ្មោះ ឈុំ សុផុន ភេទប្រុស អាយុ៣១ឆ្នាំ (ជាប្ដី) ២-ឈ្មោះ ហេង គឹមឡេង ភេទស្រី អាយុ២៧ឆ្នាំ(ជាប្រពន្ធ) និង៣-ឈ្មោះ ផុន ផអ៊ី ភេទស្រី អាយុ០៥ឆ្នាំ (ជាកូន)។ ចំណែកកូនស្រីម្នាក់ទៀត អាយុ០៣ឆ្នាំ រងរបួសស្រាល ។ ក្រុមគ្រួសារជនរងគ្រោះ រស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីបើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្ដាំ គួបផ្សំផ្លូវកោង និងដីហុយពីរថយន្ដខាងមុខផង(ពិបាកមើលផ្លូវ)។ សាកសពទាំង០៣នាក់ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ហើយកូនស្រីអាយុ០៣ឆ្នាំបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកវត្ថុតាង និងអ្នកបើកបររថយន្ដ បានធ្វើការឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននាំយកថវិកាចំនួន១០លានរៀល និងអង្ករ២០០គីឡូក្រាម ទៅចូលរួមបុណ្យសពជនរងគ្រោះទាំង០៣នាក់ នៅឯគេហដ្ឋាននៃសព ស្ថិតនៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ដោយបានសន្យាថា នឹងជួយផ្គត់ផ្គង់កូនស្រីច្បងអាយុ១២ឆ្នាំ ឲ្យបានរៀនសូត្របន្តផងដែរ៕
ចែករំលែកព័តមាននេះ