រាជធានីភ្នំពេញ ៖ ចូលមកដល់ដើមឆ្នាំថ្មី២០២៥ បានរយៈពេល៥ប៉ុណ្ណោះ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ បានប្រតិបត្តិការបង្ក្រាបបទល្មើសចំនួន៤ករណីផ្សេងៗគ្នាហើយឃាត់ខ្លួនជនសង្ស័យសរុបចំនួន១០នាក់ ។
ដោយឡែក នៅវេលាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងមន្ត្រីនគរបាលក្រោមឱវាទ ធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមជនសង្ស័យខាងលើនោះជាសាធារណៈ ។ ចំនួន៤បទល្មើសផ្សេងគ្នា ក្រោយពីការបង្ក្រាប និងឃាត់បានចំនួន១០នាក់ ដោយត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ។
លោកអធិការបានថ្លែងប្រាប់ឲ្យដឹងថា បទល្មើទាំង៤ករណីនោះត្រូវបានបង្ក្រាបត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក្នុងនោះទី១ ,អំពើចោរកម្មលួចមានស្ថានទម្ងន់ទោសគា.ស់ទម្លុះទម្លាយ (ប្រើកូនកន្ត្រៃកាត់ហែកយកដែកស័ង្កសីដំបូលឃ្លាំង) ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចឃ្លាំងគ្មានលេខ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំពោះការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖ ទី១-ឈ្មោះ ង៉ុក ផា ហៅជ្រូក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទី២-ឈ្មោះ នួន ប៊ុនសាន ហៅ អូន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ។ ជនសង្ស័យទាំង០២នាក់ខាងលើ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានផ្ទុកសារធាតុញៀ.នក្នុងខ្លួនផងដែរ ។
លោកអធិការបានប្រាប់ឲ្យដឹងបន្តទៀតថា បទល្មើសទី២ ,អំពើចោរកម្មលួចមានស្ថានទម្ងន់ទោសប្រើអំពើហិ.ង្សាយកមួកសុវត្តិភាព និងកាំបិតប៉័ងតោវា.យនិងគំរា.មកា.ប់ប្ល.ន់យកម៉ូតូ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀ.ន ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០២និង៣០នាទីយប់ នៅត្រង់ចំណុចមុខដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមផ្លូវបេតុង៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី១-ឈ្មោះ លុច រ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ អុល ប្រុសកា ហៅ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំង២មានទីលំនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកជឹម ស៊ីថា បានបញ្ជាក់ប្រាប់បន្ថែមថា បទល្មើសទី៣ ,អំពើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដុំថ្មគប់អ្នកដទៃបណ្តាលឱ្យរងបួសក្បាលធ្ងន់ធ្ងរ) ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ទី១-ឈ្មោះ ឡុង សារ៉េត ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះ ថន វណ្ណនាថ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣-ឈ្មោះ សុខ សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ ទី៤-ឈ្មោះ ចំរើន វិបុល ភេទប្រុស អាយុ១៨ឆ្នាំ ។ ជនសង្ស័យទាំង៤នាក់ខាងលើ គឺជាជនជាតិខ្មែរ មានមុខរបរជាងជួសជុលម៉ូតូ និងមានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នាយនគរបាលខណ្ឌដង្កោរូបនោះ បាននិយាយបន្តថា បទល្មើសទី៤ ,អំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោគប់យុវជនម្នាក់ បណ្តាលឱ្យរងរបួសថ្គាម និងកខាងឆ្វេងធ្ងន់ធ្ងរ) ។ ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទីរសៀល នៅត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមផ្លូវបេតុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ អុល សំអាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទី២-ឈ្មោះ អុល សំអែម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកបានបញ្ជាក់ប្រាប់ផងដែរថា ដោយអនុវត្តន៍ការណែនាំ និងបញ្ជាដ៏ម៉ឺងមាត់ពីលោកឧត្ដមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបញ្ចេញកម្លាំងប៉ុស្តិ៍ និងផ្នែកទាំងអស់ចេញល្បាត និងប្រចាំការយ៉ាងយកចិត្តទុកដាក់ ។ ទើបកន្លងមកពេលមានបទល្មើសកើតឡើងបង្ក្រាបបានភ្លាម ដោយឡែកចុងក្រោយនេះក្នុង១សប្ដាហ៍ដើមឆ្នាំ២០២៥នេះ កម្លាំងរបស់លោកបង្ក្រាបបទល្មើសទាំង៤ករណីខាងលើ ដោយឃាត់ខ្លួនជានសង្ស័យ១០នាក់ និងបានបង្ហាញមុខជាសាធារណៈផងដែរ ។
ក្នុងនាមជាអធិការនគរបាលខណ្ឌដង្កោ លោកក៏បានអំពាវនាវដល់យុវជនទាំងអស់ សូមកុំចាកចេញពីផ្ទះទៅស្នាក់នៅផ្ទះជួលបង្កើតក្រុម ឬបក្សពួកប្រព្រឹត្តបទល្មើស បង្កអសន្តិសុខក្នុងសង្គម បង្កការរំខានដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋឲ្យសោះ បើហ៊ានប្រព្រឹត្តនោះកម្លាំងរបស់លោកក៏នឹងបង្ក្រាបបោសសម្អាតឲ្យដល់ឫសគល់ផងដែរមិនឲ្យសល់ឡើយ ៕
ចែករំលែកព័តមាននេះ