ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចិន​បាន​ច្រាល​ចោល​មិន​ទទួលយក​ផលិតផល​ទឹក​ស៊ី​រ៉ូ និង​ម្សៅ​ស្ករ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង​១១​លាន​ដុល្លារ ដោយសារ​តែ​បញ្ហា​អនាម័យ ។ អ្នកវិភាគ​បារម្ភ​ថា វា​អាច​នឹង​ត្រូវ​គេ​បង្វែរ​ការ​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​លក់​វិញ ។ កាសែត​ដែល​ចេញផ្សាយ…

អាជ្ញាធរ​ចិន​បាន​ច្រាល​ចោល​មិន​ទទួលយក​ផលិតផល​ទឹក​ស៊ី​រ៉ូ និង​ម្សៅ​ស្ករ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង​១១​លាន​ដុល្លារ ដោយសារ​តែ​បញ្ហា​អនាម័យ ។ អ្នកវិភាគ​បារម្ភ​ថា វា​អាច​នឹង​ត្រូវ​គេ​បង្វែរ​ការ​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​លក់​វិញ ។

កាសែត​ដែល​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា ឧស្សាហកម្ម​ស្ករ​ថៃ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ខាតបង់​អស់​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ ក្រោយ​ពេល​ដែល​ទីភ្នាក់ងារ​សុវត្ថិភាព​ចំណីអាហារ​របស់​ចិន បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​អនាម័យ​ក្នុង​រោងចក្រ នៅ​ក្នុង​ប្រទេស​ថៃ ។

រូបតំណាង

ដោយសារ​តែ​បញ្ហា​នេះ ផលិតផល​ទឹក​ស៊ី​រ៉ូ​ថៃ ដែល​មាន​តម្លៃ​សរុប​ជាង​១១​លាន​ដុល្លារ ត្រូវ​ស្ទះ​នៅ​កំពង់​ផែ​សមុទ្រ នៅ​ពេល​ដែល​រៀបនឹង​ចេញដំណើរ ក្រោយ​ពេល​ដែល​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​នៃ​រដ្ឋបាល​ទូទៅ​គយ​ចិន បាន​ចេញ​សេចក្តី​ប្រកាស​ប្រឆាំង​នឹង​ទឹក​ស៊ី​រ៉ូ ដែល​ផលិត​ដោយ​ប្រទេស​ថៃ (​លេខ​កូដ 170290110) និង​ម្សៅ​ស្ករ​លាយ (​លេខ​កូដ 1702901200)​។

ការ​ផ្អាក​នេះ​ត្រូវ​បាន​អាជ្ញាធរ​ជំនាញ​ចិន​ចេញ​បំរាម​ចាប់ពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ ហើយ​នៅ​ពេល​នេះ ការិយាល័យ​កិច្ចការ​កសិកម្ម​ថៃ​កំពុង​ព្យាយាម​ជួយ​អ្នក​នាំ​ចេញ ដោយ​ដំបូង​ឡើយ ស្វែងរក​ការ​សម្រួល​ដល់​ការ​បើកផ្លូវ​សម្រាប់​ផលិតផល​ដែល​ផលិត​មុន​កាលបរិច្ឆេទ​ដែល​ចិន​បាន​កំណត់ ។

លោក ថូ​ត​សា​ផ​ន រួ​ង​ផា​តា​ណា​នុ​ន ( Todsaporn Ruangpattananont) ប្រធាន​សមាគម​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ស្ករ​ថៃ​បាន​និយាយ​ថា ឧស្សាហកម្ម​ស្ករ​ថៃ​កំពុង​រង​ផល​ប៉ះពាល់​ពីព្រោះ​ផលិតផល​ត្រូវ​ទុក​ចោល​នៅ​កំពង់​ផែ ។ លោក​បាន​និយាយ​ថា ក្រុមហ៊ុន​ផលិត​ស៊ី​រ៉ូ និង​ស្ករ​ម្សៅ​ចម្រុះ​ចំនួន​៧៤ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី សម្រាប់​នាំ​ចេញ​ទៅ​ចិន​នឹង​មិន​អាច​ដឹក​ជញ្ជូន​ទំនិញ​របស់​ពួក​គេ​បាន​ទេ ប្រសិនបើ​ការ​ចរចា​រវាង​ក្រសួងកសិកម្ម និង​សហករណ៍​របស់​ប្រទេស​ថៃ និង​អាជ្ញាធរ​ចិន​គ្មាន​ប្រសិទ្ធភាព ។ លោក​បាន​អះអាង​ថា អសមត្ថភាព​នៃ​ការ​នាំ​ចេញ​ផលិតផល​ទឹក​ស៊ី​រ៉ូ និង​ម្សៅ​ស្ករ​នោះ​នឹង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ស្ករ​ថៃ ដោយសារ​បរិមាណ​ស្ករ​ដែល​ស្ទះ​នេះ​មាន​ទំហំ​ប្រមាណ​ជា​២,១​តោន ខណៈ​ដែល​ឧស្សាហកម្ម​ស្ករ​ថៃ​មួយ​ឆ្នាំ​អាច​ផលិត​បាន​ប្រមាណ​ជា​៦,៥ លាន​តោន ។

រូបតំណាង

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកវិភាគ​នៅ​ក្នុងស្រុក​បាន​សំដែង​ការ​ព្រួយបារម្ភ​ថា ផលិតផល​ទឹក​ស៊ី​រ៉ូ និង​ម្សៅ​ស្ករ​ទាំងនេះ​អាច​នឹង​ហូរ​ចូល​ទៅ​កាន់​ទីផ្សារ​តំបន់​ដោយ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ដូច្នេះ​សង្ឃឹមថា ស្ថាប័ន ពាក់ព័ន្ធ​នឹង​មានការ​ប្រុង​ប្រយ័ត្ន ។

រូបតំណាង

អ្នកវិភាគ​រូប​នេះ​បាន​លើក​ឡើង​ថា បរិមាណ​ផលិតផល​ដែល​មាន​បញ្ហា​នៅ​ទីផ្សារ​ចិន​នេះ​ច្រើន​ណាស់​។ ដូច្នេះ​ដើម្បី​គេច​ពី​ការ​ខាតបង់​ធ្ងន់ធ្ងរ​អ្នក​នាំ​ចេញ​ថៃ​អាច​នឹង​បង្វិល​រក​ប្រភព​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ផ្សេង ដែល​ទុនខ្សោយ ឬ​មាន​ស្តង់ដា​អនាម័យ​ទាប​ជាង​ចិន នៅ​ក្នុង​នោះ​កម្ពុជា គឺជា​គោលដៅ​មួយ​ដោយសារ​តែ ទីផ្សារ​ស្ករ​ថៃ​នៅ​កម្ពុជា​មាន​ស្រាប់ ហើយ​ប្រភេទ​ទឹក​ស៊ី​រ៉ូ​ពី​ថៃ​នេះ​ក៏​មាន​ច្រើន​ប្រភេទ​ដែរ ។ រឿង​នេះ​កម្ពុជា​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​រាល់​ផលិតផល​ដែល​មិន​មាន​ស្តង់ដារ ឬ​អាច​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ