ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​កម្ពុជា​លេង​ផាវ​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់ ដោយសារ​តែ​វា គឺជា​គ្រឿងផ្ទុះ​ដែល​អាច​បង្ក​គ្រោះថ្នាក់ ហើយ​ក៏​អាច​ប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម បង្ក​សំឡេង​រំខាន … ។ ប៉ុន្តែ​កាំជ្រួច​មិន​អី ជាក់ស្តែង​កាលពី​រាត្រី​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០២៥…

នៅ​កម្ពុជា​លេង​ផាវ​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់ ដោយសារ​តែ​វា គឺជា​គ្រឿងផ្ទុះ​ដែល​អាច​បង្ក​គ្រោះថ្នាក់ ហើយ​ក៏​អាច​ប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម បង្ក​សំឡេង​រំខាន … ។ ប៉ុន្តែ​កាំជ្រួច​មិន​អី ជាក់ស្តែង​កាលពី​រាត្រី​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០២៥ កន្លង​ទៅ​វា​ផ្ទុះ​សឹងតែ​គ្រប់​ទីកន្លែង​ឡើង​រន្ទឺ​រាជធានី ។ មក​ដល់​ពេល​នេះ​រវាង​ផាវ និង​កាំជ្រួច វា​សឹងតែ​ដូច​គ្នា​តែ​ទាំងអស់ ពោល គឺ​ទាំង​សំឡេង ទាំង​ផ្សែង ហើយ​ក៏​រំខាន​ដែរ ។ តែ​អ្វី​ដែល​ខុស​គ្នា គឺ​នៅ​ត្រង់​ថា កាំជ្រួច​វា​មាន​ភ្លើង​នៅ​លើ​អាកាស​ដែល​អាច​លេច​ចេញ​ជា​រូបភាព​នេះ រូបភាព​នោះ​ស្អាត​តែ​ប៉ុណ្ណោះ ។

កាំជ្រួច គឺជា​ឧបករណ៍ ឬ​អាច​និយាយ​ថា ជា​គ្រឿងផ្ទុះ​កម្រិត​ទាប ដូច​តែ​គ្នា​ជាមួយនឹង​ផាវ​ដែរ ដោយ​វា​ត្រូវ​បាន​គេ​ផលិត​ឡើង​សម្រាប់​ប្រើ​នៅ​ក្នុង​គោលបំណង​សោភ័ណ និង​ការ​កម្សាន្ត​នៅ​ស្បៃ​រាត្រី ។ ការ​លេង ការ​បា​.​ញ់ ឬ​ការ​ដុត​កាំជ្រួច បែប​នេះ គឺជា​ចំណុច​ស្នូល​នៃ​ការ​ប្រារព្ធ​ពិធី​វប្បធម៌ និង​សាសនា ក៏​ដូច​ជា ឱកាស​នៃ​ការ​កម្សាន្ត​ជា​ច្រើន ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា វា​នៅ​តែ​ជា​គ្រឿងផ្ទុះ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សង្គម និង​អ្នកលេង​ជា​រឿយ​ៗ​ដូច​ជា អគ្គិភ័យ របួស ដែល​យើង​គួរតែ​ប្រុង​ប្រយ័ត្ន និង​យកចិត្តទុកដាក់ ។

សំណាង​ការ​លេង​ប៉ាតណាប៉ាតណី កាលពី​រាត្រី​ឆ្លង​ឆ្នាំ​មិន​បាន​បង្ក​គ្រោះថ្នាក់​មួយ​កើត​មាន​ឡើង​គួរ​ឲ្យ​កត់ សម្គាល់​នៅ​កម្ពុជា​យើង ។ គ្រាន់តែ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា នៅ​កន្លែង​មួយ​ការ​ដុត​នោះ​ខុស​បច្ចេកទេស ។ ករណី​មួយទៀត​ដែល​លេចធ្លោ​ដែរ​នោះ គឺ​ករណី​ជនបរទេស​មួយ​រូប​ចេញ​លិខិត​សូម​ការ​អភ័យទោស​ថ្នាក់ដឹកនាំ​មួយ​រូប​ករណី​លេង​កាំជ្រួច​នៅ​រាត្រី​ឆ្លង​ឆ្នាំ ។ ករណី​នេះ មា​នទី​តាំងនៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ជនបរទេស​រូប​នោះ​បាន​សរសេរ​លិខិត​សូមទោស​ថ្នាក់ដឹកនាំ ដែល​បង្ក​សំឡេង​រំខាន ។

ជា​ការ​ពិត កាំជ្រួច មាន​ទម្រង់​ជា​គ្រឿងផ្ទុះ ដែល​អាច​បង្កើត​ផល​ប៉ះពាល់​ចម្បង​បួន​ធំ​ៗ គឺ​សំឡេង ពន្លឺ ផ្សែង និង​កម្ទេចកម្ទី ។ ដោយសារ​ផល​ប៉ះពាល់​ទាំងនេះ​ហើយ​បាន​នៅ​ប្រទេស​ជា​ច្រើន​តម្រូវ​ឲ្យ​មានច្បាប់​និង​លិខិត​បទដ្ឋាន​គ្រប់គ្រង​វា ហើយ​មិនមែន​អនុញ្ញាត​ឲ្យ​លេង​គ្រប់​តែ​ពេលវេលា​ដូច​ជា នៅ​កម្ពុជា​យើង​នោះ​ទេ ។

នៅ​អង់គ្លេស​ច្បាប់​ចេញ​បំរាម​ដាច់ខាត​មិន​អោយ​ដុត ឬ​លេង​កាំជ្រួច ចាប់ពី​ម៉ោង​១១​យប់ រហូត​ដល់​៧​ព្រឹក ។ អ្នកលេង​ទៀត​សោត ក៏​មិន​អាច​ចេះ​តែ​លេង​តាម​ផ្លូវ ឬ​តាម​ទីកន្លែង​សាធារណៈ​ផ្តេសផ្តាស​ដែរ ។ ការ​លេង​កាំជ្រួច​អាច​រហូត​ដល់​ពេល​កណ្តាល​អ​ធ្រា​ត្យ​បាន គឺ​ម្តងម្កាល ពោល គឺ​មុន​បុណ្យ​ឆ្លង​ឆ្នាំ ឬ​បុណ្យចូលឆ្នាំ​ចិន​ជាដើម ។ ប៉ុន្តែ​អ្នកលេង គឺ​ត្រូវ​តែ​សុំ​ច្បាប់ ហើយ​ច្បាប់​ក៏​មិន​ចេះ​តែ​អោយ​ផ្តេសផ្តាស​ដែរ ។ នៅ​សហរដ្ឋអាមេរិក​ដែល​ជា​កន្លែង​មាន​សេរីភាព​ពលរដ្ឋ​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ក៏​មានច្បាប់​ដែរ គ្រាន់តែ ច្បាប់​នោះ​ខុស​ៗ​គ្នា​ទៅ​តាម​រដ្ឋ​នីមួយ​ៗ​។ ប៉ុន្តែ​ការ​លេង​កាំជ្រួច​ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​តឹងរ៉ឹង គួរសម ដែរ ។

នៅ​រដ្ឋ​ផ្ល​រី​ដា ការ​ដុត​កាំជ្រួច គឺ​អនុញ្ញាត​តែ​បី​ដង​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​តាម​គ្រិស្តសាសនា បុណ្យ​ឆ្លង​ឆ្នាំ​សាកល និង​បុណ្យ​ឯករាជ្យ​។ ប៉ុន្តែ​ការ​លេង​នេះ​បាន​ទាល់តែ​អ្នកលេង​នោះ​មានការ​ឯកភាព​ពី​អ្នក​ជិតខាង​មិនមែន​លេង​គ្រប់​ទីកន្លែង​គ្រប់ពេល​ទល់​តែ​ភ្លឺ​ដូច​នៅ​កម្ពុជា​ឡើយ ។ ច្បាប់​នៅ​ទីនោះ​ដាក់​កម្រិត បែប​នេះ​ដោយសារ​តែ​សំឡេង​នេះ​វា​ប៉ះពាល់​ដល់​សត្វ​ចិញ្ចឹម និង​រំខាន​ដំណេក​អ្នក​ជិតខាង ។

នៅ​រដ្ឋ​ហា​វៃ​វិញ អ្នក​ណា​ក៏​ដោយ​ដែល​មាន​កាំជ្រួច ឬ​គ្រឿងផ្ទុះ​នៅ​ក្នុង​ខ្លួន​ដោយ​មិន​មានច្បាប់​អាច​នឹង​ត្រូវ កាត់ទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ ។ ការ​លេង​កាំជ្រួច​អាច​អនុញ្ញាត​បាន គឺ​មាន​តែ​២​ឱកាស​ទេ ពោល គឺ​បុណ្យ​គ្រិ​ស​ស្មាស់ ចាប់ពី​ម៉ោង​៩​យប់​ទៅ និង​បុណ្យ​ឆ្លង​ឆ្នាំ​មិន​អោយ​លើស​ពី​ម៉ោង​១​យប់ ។ អ្នក​ដែល​លេង ឬ​ដុត​កាំជ្រួច គឺ​ត្រូវ​តម្រូវ​ឲ្យ​សុំ​ច្បាប់​ពី​ការិយាល័យ​បង្ការ និង​ពន្លត់អគ្គីភ័យ​ដោយ​តម្រូវ​ឲ្យ​បង់​២៥​ដុល្លារ​ថែម​ទៀត​ផង ។

ផ្អែក​តាម​ទឡ្ហីករណ៍​ខាងលើ កម្ពុជា​គួរតែ​សិក្សា និង​រៀបចំ​ដែរ ពីព្រោះ​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំងអស់​មិនមែន​គ្រប់​គ្នា​សុទ្ធតែ​រីករាយ​នឹង​ការ​លេង​ក៏​ដូច​ជា ការ​ដុត​កាំជ្រួច​ដែល​បង្ក​បញ្ហា​ទាំង​៤​ខាងលើ​បាន​ឡើយ ។ ម្យ៉ាងវិញទៀត នៅ​កម្ពុជា​យើង​ពាក់ព័ន្ធ​នឹង​បញ្ហា​កាំជ្រួច​នេះ ដូច​ជា នៅ​មិន​ទាន់​មាន​លិខិត​បទដ្ឋាន​ចែង​ច្បាស់លាស់​នៅឡើយ​ទេ ។

ការ​ដុត​កាំជ្រួច គឺជា​សកម្មភាព​មួយ​ដែល​អាច​ធ្វើ​អោយ​មនុស្ស​សប្បាយ ប៉ុន្តែ​ទន្ទឹម​នោះ​គេ​ក៏​ត្រូវ​គិត​អំពី​ផល​រំខាន និង​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ផង​ដែរ ។ វា​មាន​ភាព​ចាំបាច់​ដែល​ត្រូវ​មានការ​ច្បាប់ និង​ការ​គ្រប់គ្រង​បាន​ត្រឹមត្រូវ​ដើម្បី​ធានា​ថា ការ​លេង​កាំជ្រួច​ឬ​ផាវ នឹង​ផ្តល់​ភាព​រីករាយ​ហើយ​ចៀស​ផុត​ពី​ការ​បង្ក​ផល​រំខាន និង​គ្រោះថ្នាក់​ដល់​មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ