«សំណេរអង្គរ»មានបេក្ខជន៨១ឆ្នាំ និង៦ឆ្នាំចូលរួមប្រកួតដែរ
- សៀមរាប
ខេត្តសៀមរាប៖នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោកឡុង កុសល អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកលឹម ប៊ុនហុក គណៈកម្មការរៀបចំកម្មវិធីសំណេរអង្គរ បានធ្វើសន្និសីទសារព័ត៌មាន នៅមុខប្រាសាទអង្គរ ដើម្បីបង្ហាញចំនួនអ្នកចូលរួម និងគុណតម្លៃនៃរមណីយដ្ឋានអង្គរផ្សារភ្ជាប់ជាមួយកម្មវិធីសរសេរតាមអាននេះ ។
ក្នុងនាមអាជ្ញាធរជាតិអប្សរា លោកឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិនេះបានលើកឡើងពីគុណតម្លៃនៃរមណីយដ្ឋានអង្គរ ផ្សារភ្ជាប់ជាមួយការប្រកួតសំណេរអង្គរ និងការលើកកម្ពស់អក្សរសាស្រ្តខ្មែរ ។
ភ្ជាប់ជាមួយការប្រកួតសំណេរអង្គរនោះ លោកអគ្គនាយរងអាជ្ញាធរជាតិអប្សរាបានលើកឡើងផងដែរ អំពីស្ថានភាពភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ មានការកើនឡើង ។
ចំណែកលោកលឹម ប៊ុនហុក បញ្ជាក់ថា ព្រឹត្តិការណ៍សំណេរអង្គរលើកទី២នេះនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរ ។ មានបេក្ខជនចូលរួមសរុប១.២២០ នាក់ ក្នុងនោះបេក្ខជន៨១៨នាក់ មានអាយុ១៩ឆ្នាំឡើង និងបេក្ខជន៣៩៦នាក់ ចាប់ពីអាយុ៦ឆ្នាំ ទៅ១៨ឆ្នាំ ។
ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមធ្វើជាអ្នកអានអត្ថបទសម្រាប់បេក្ខជនប្រកួត ។ ក្រៅពីនេះមានវត្តមានចូលរួមពីលោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈផងដែរ។
បើតាមលោកលឹម ប៊ុនហុក ក្នុងចំណោមបេក្ខជនចុះឈ្មោះជាង១ពាន់នាក់នោះ មានបេក្ខជនចាស់ជាងគេអាយុ៨១ឆ្នាំ ,បេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ មានជនបរទេសចូលរួមប្រកួត ព្រមទាំងបេក្ខជនជាព្រះសង្ឃ៨០អង្គផងដែរ ។
បេក្ខជនខេត្តសៀមរាបចូលរួមប្រកួតច្រើនជាងគេ បន្ទាប់មករាជធានីភ្នំពេញ និងបាត់ដំបង ។
ការប្រឡងសរសេរតាមអានសំណេរអង្គរ គណៈកម្មការនឹងចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជន បន្ទាប់ពីចប់ការប្រឡង ហើយនឹងប្រកាសលទ្ធផលនារសៀលថ្ងៃដដែលនោះ ។
ជ័យលាភីនឹងត្រូវបែងចែកជា២ គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម ពីលេខ១ដល់លេខ៣ ។ បេក្ខជនអាយុ១៩ឆ្នាំឡើង ជ័យលាភីលេខ១ដល់លេខ៣ ។
ជ័យលាភីអក្សរស្អាត និងជ័យលាភីផ្សេងៗទៀត ។
ព្រឹត្តិការណ៍សំណេរអង្គរបានសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងសមាគម ក្លឹបទេសចរណ៍ខេត្តសៀមរាប ៕












ចែករំលែកព័តមាននេះ