រាជធានីភ្នំពេញ ៖ ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ ខណៈសម្រេចបាន៧៨%ហើយ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងជញ្ជូន ។
លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកបណ្តាញសង្គមនៅថ្ងៃទី៥ មករា ឆ្នាំ ២០២៥ថា នៅមិនយូរប៉ុន្មានទេ ការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត ACនេះ គ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ ។
ទន្ទឹងនឹងនោះ កំណាត់ខ្លះនៃគម្រោងក៏បានស្ថាបនារួចរាល់ហើយដែរ ។ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (បំបែកស្រែអំបិល)ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន៧៨%ហើយ ។
អ្នកនាំពាក្យបានលើកឡើងថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍ ។ ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ខ្ញុំបាទសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម ។
អ្នកនាំពាក្យដដែលបានលើកឡើងថា ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងជួយកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ៕
ចែករំលែកព័តមាននេះ