ខេត្តស្វាយរៀង ៖ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ចេញ ចូលមកកម្ពុជា សរុប១,៥៧៨,៦៩៩នាក់ មាន១៧២សញ្ជាតិ បើប្រៀបធៀបទៅនិងរយៈពេល១២ខែដូចគ្នា នៅឆ្នាំ២០២៣ មានការកើនឡើង ចំនួន២៦៣,១៦០នាក់ ស្មើនឹង១៩.០១ % ក្នុងនោះមានភ្ញៀវបរទេស ចូលមកកម្ពុជា កើនឡើងចំនួន១៨៧ ,៦៨៧នាក់ មាន១៧២សញ្ជាតិ ស្មើនឹង១៦.០៦% នេះបើតាមការបភ្លឺពីលោក ពុធ សុភាកែវ មន្ត្រីជំនួយការប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ។
លោក ពុធ សុភាកែវ បានប្រាប់ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ថា ទន្ទឹមនឹងភ្ញៀវបរទេស និងភ្ញៀវខ្មែរ វិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាកលំហែកាយ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤នេះដែរ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប ១,៥២៥,១៤៣នាក់ មាន១៦៨សញ្ជាត្តិ បើប្រៀបធៀបទៅនិងរយៈពេល១២ខែ ឆ្នាំ២០២៣ មានការកើនឡើង ចំនួន ២០៨,៦០៤នាក់ នាក់ ១៥.៨៤% ក្នុងនោះភ្ញៀវបរទេសចេញ ចំនួន ១,៣០១,២៩០នាក់ មាន១៦៧សញ្ជាតិ ។
លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀងបរទេស បានចូលមកកម្ពុជាច្រើន នៅក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤នេះ បើតាមការសន្និដ្ឋានរបស់មន្ត្រីច្រក គឺភ្ញៀវមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល បង្កអោយមានសន្តិសុខល្អ ពិសេសរាជរដ្ឋាភិបាល បានធ្វើការបញ្ជៀសនិងទប់ស្កាត់ជំងឺគ្រប់ប្រភេទឆ្លងចូលសហគមន៏ និងប្រជាពលរដ្ឋ ។
បន្ថែមលើសពីនេះ បើតាមមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានឲ្យដឹងថា សម្រាប់ភ្ញៀវអឺរ៉ុប ក៏មានចំនួនកើនឡើងដែរ ដែលធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនមួយនេះ ដោយពួកគេបានធ្វើដំណើរទៅស្នាក់នៅរាជធានីភ្នំពេញ និងបន្តទៅលេងទស្សនាប្រាង្គប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប និងតំបន់ទេសចរមួយចំនួនទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ