រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមករានេះ បានឱ្យដឹងថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៧:៣០នាទី គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧-មករា-១៩៧៩ ~០៧-មករា-២០២៥) នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងនោះ ដើម្បីឱ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច នឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបជលផល ដល់វិថីឧកញ៉ាឈុន) កំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់វិថីឧកញ៉ាឈុន) កំណាត់មហាវិថី ព្រះសុរាម្រឹត និងកំណាត់មហាវិថីព្រះសីហនុ (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបនាគបាញ់ទឹក) និងផ្អាកកំពង់ចម្លង ជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូត ដល់បញ្ចប់កម្មវិធី ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើសុំការយោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ និងកំពង់ចម្លងខាងលើ តាមកាលបរិច្ឆេទដោយអនុគ្រោះ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ ៕
ចែករំលែកព័តមាននេះ