ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្លែងថាសន្តិសុខជាតិរបស់ប្រទេសអ៊ុយក្រែនលុះត្រាតែអាមេរិកចេញមុខធានាអះអាងទើបមានប្រសិទ្ធភាព។ លោកសង្ឃឹមថានៅពេលលោកត្រាំស្បថចូលកាន់តំណែងមិនយូរប៉ុន្មាន លោកនឹងមានឱកាសជួបមុខគ្នាដោយផ្ទាល់ដើម្បីពិភាក្សាគ្នាអំពីបញ្ហានេះ។
តាមរយៈបទសម្ភាសពិសេសជាមួយអ្នកសារព័ត៌មាន លោកហ្សេឡិនស្គីគ្មានរំពឹងអ្នកណាក្រៅពីលោកត្រាំក្នុងការបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនទេ។ លោកក៏ឆ្លៀតបង្ហាញការខ្វាយខ្វល់ផងដែរថារុស្ស៊ីនឹងដើរលុកលុយទ្វីបអឺរ៉ុបកាន់តែខ្លាំងបើអាមេរិកដកខ្លួនពីអង្គការណាតូ។ លោកហ្សេឡិនស្គីចាប់ផ្ដើមផ្លាស់ប្ដូរភាសានិយាយរបស់លោកនៅពេលលោកត្រាំជិតកាន់អំណាច។
ផ្ទុយពីជំនាន់លោកបៃដិនដែលលោកហ្សេឡិនស្គីច្រើនអំពាវនាវឱ្យផ្ដល់អាវុធ និងជំនួយយោធា នៅពេលនេះ លោកច្រើននិយាយកោតសរសើរលោកត្រាំ និងហាក់ដូចជាគាំទ្រការបញ្ចប់សង្គ្រាម។ ថ្មីៗនេះ លោកចាត់ទុកលោកត្រាំជាមនុស្សខ្លាំង និងមានយុទ្ធសាស្ត្រអាថ៌កំបាំងដែលអ្នកដទៃមិនអាចប៉ាន់ស្មានត្រូវនូវជំហានដើររបស់លោកបានឡើយ។
សង្គ្រាមអ៊ុយក្រែនមានរយៈពេលជិតបីឆ្នាំហើយនៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ។ គ្រប់គ្នាកំពុងសង្ឃឹមថាលោកត្រាំអាចនឹងមានវិធីបញ្ចប់សង្គ្រាមតាមដំណោះស្រាយនយោបាយ និងការទូត។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងកៀវបារម្ភថាបើលោកត្រាំផ្ដោតសំខាន់ទៅលើការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័សពេក ពេលនោះសន្តិភាពនេះធ្វើឱ្យអ៊ុយក្រែនខាតបង់ទៅវិញទេ។
ជាថ្មីម្ដងទៀត លោកហ្សេឡិនស្គីនៅតែចិញ្ចឹមចិត្តចង់ចូលជាសមាជិកអង្គការណាតូជានិច្ច។ លោកបានលើកទឡ្ហីករណ៍ថាបើត្រឹមតែបទឈប់បាញ់មួយមុខគត់មិនគ្រប់គ្រាន់ទេ។ លុះត្រាតែអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូទើបមានអារម្មណ៍កក់ក្ដៅ។ បើមិនដូច្នេះទេ រុស្ស៊ីនឹងឆ្លៀតពេលកំពុងមានបទឈប់បាញ់ដឹកជញ្ជូនអាវុធ និងកងទ័ពទៅសមរភូមិមុខ។
លោកថ្លែងបន្តទៀតថានៅក្នុងអាណត្តិរបស់លោកត្រាំនាពេលឆាប់ៗនេះ សេតវិមាននឹងដើរតួនាទីសំខាន់បំផុតដើម្បីផ្ដល់ការធានាសន្តិសុខជាតិសម្រាប់អ៊ុយក្រែន។ លោកនិយាយតាមត្រង់ថាអឺរ៉ុបនៅមានកម្លាំងយោធាទន់ខ្សោយណាស់ ទប់ទល់មិនឈ្នះរុស្ស៊ីនោះទេ។ ហេតុនេះ ពួកគេការពារតែខ្លួនឯងមិនបានផង កុំថាឡើយមកធានាសន្តិសុខជាតិសម្រាប់អ៊ុយក្រែន៕
ចែករំលែកព័តមាននេះ