ទីក្រុងសេអ៊ូល៖ អង្គភាពប្រឆាំងអំពើពុករលួយ និងនគរបាលជាតិកំពុងពិគ្រោះគ្នាយ៉ាងផុលផុសដើម្បីរកវិធីចាប់ខ្លួនលោកយូនស៊ុកយូលយកឃុំឃាំង និងរង់ចាំការកាត់ទោសនៅតុលាការពីបទក្បត់ជាតិ និងរំលោភអំណាច។ នៅសល់មិនប៉ុន្មានម៉ោងទៀតទេ ដីកាចាប់ខ្លួននឹងផុតសុពលភាពត្រឹមពាក់កណ្ដាលអធ្រាត្រថ្ងៃចន្ទ។
គេមិនទាន់ដឹងថាតើត្រូវអនុវត្តវិធីណាទៀតបន្ទាប់ពីកងសន្តិសុខការពារប្រធានាធិបតីបានបិទខ្ទប់កាលពីថ្ងៃសុក្រ។ កងសន្តិសុខថានេះជាដីកាខុសច្បាប់ និងគ្មានសុពលភាពទេ។ ឥឡូវនេះ សមត្ថកិច្ចកំពុងស្នើសុំឱ្យតុលាការចេញដីកាចាប់ខ្លួនថ្មីមួយទៀត។ កាលពីសប្ដាហ៍មុន តុលាការសាលាដំបូងបានចេញដីកា២ដើម្បីចាប់ខ្លួនលោកយូនស៊ុកយូល និងឆែកឆេរផ្ទះរបស់លោក។
អង្គភាពប្រឆាំងអំពើពុករលួយដែលកំពុងដឹកនាំការស៊ើបអង្កេតរួមគ្នាជាមួយតុលាការយោធា និងនគរបាលបានបង្ហើបឱ្យដឹងថាភារកិច្ចចាប់ខ្លួនលោកយូនស៊ុកយូលសូមប្រគល់ជូនទៅខាងនគរបាលជាតិជាអ្នករ៉ាប់រងធ្វើរឿងនេះទាំងស្រុង។ ប៉ុន្តែក្រោយមក អង្គភាពដដែលបានកែសម្រួលការងារឡើងវិញបន្ទាប់ពីនគរបាលអះអាងថាបើប្រគល់ការងារនេះឱ្យខ្លួនរ៉ាប់រងតែម្នាក់ឯងមិនកើតទេព្រោះអង្គភាពប្រឆាំងអំពើពុករលួយជាអ្នកស្នើសុំដីកាចាប់ខ្លួន។ ដូច្នេះត្រូវតែចូលរួមទាំងអស់គ្នា។
មេធាវីអះអាងថាអង្គភាពប្រឆាំងអំពើពុករលួយគ្មានដែនសមត្ថកិច្ចក្នុងការស៊ើបអង្កេតសំណុំរឿងប្រកាសច្បាប់អាជ្ញាសឹកទេព្រោះមានវិសមិតភាពនឹងគ្នា។ ដូច្នេះ មេធាវីយល់ថាដីកាចាប់ខ្លួននោះខុសច្បាប់ និងគ្មានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក្ដី កាលពីព្រឹកមិញ នៅពេលមេធាវីស្នើសុំឱ្យតុលាការធ្វើមោឃភាពដីកានោះ តុលាការបានច្រានចោលសំណើនេះទាំងស្រុង។
នគរបាលថ្លែងថាតាមមើលទៅ ពួកគេត្រូវតែប្រើប្រាស់ធម៌ក្ដៅហើយទើបបានដើម្បីចូលចាប់ខ្លួនលោកយូនស៊ុកយូល។ គេឃើញកងសន្តិសុខរបស់ប្រធានាធិបតីចាប់ផ្ដើមរាយលួសបន្លាក្បែររបងផ្ទះរបស់លោកជាបណ្ដើរៗហើយ។ នគរបាលកំពុងពិគ្រោះថាបើលើកនេះពួកគេលើកកម្លាំងទៅចាប់លោកយូនសុកយូល ហើយត្រូវកងសន្តិសុខរារាំង និងប្រទាំងប្រទើសគ្នាដូចកាលពីថ្ងៃសុក្រតើត្រូវចាប់ខ្លួនទាំងកងសន្តិសុខទៀតឬយ៉ាងណា។
ចំពោះសំណួរថាតើនគរបាលអាចនឹងប្រើប្រាស់កងកម្លាំងពិសេសនៅក្នុងការចាប់ខ្លួនលើកក្រោយទៀតដែរឬទេ មន្ត្រីនគរបាលម្នាក់ប្រាប់យើងកំពុងពិភាក្សាជម្រើសទាំងអស់ដែលអាចនឹងកើតមាន។ បើសមត្ថកិច្ចអាចចាប់ខ្លួនលោកយូនស៊ុកយូលបានសម្រេច ពួកគេអាចឃុំខ្លួនលោកបានតែ៤៨ម៉ោងប៉ុណ្ណោះ។ ហេតុនេះ ពួកគេត្រូវស្នើសុំដីកាឃុំខ្លួនពីតុលាការ។ អង្គភាពប្រឆាំងអំពើពុករលួយក៏បានស្នើសុំឱ្យប្រធានាធិបតីស្ដីទីចេញបញ្ជាទៅកងសន្តិសុខដើម្បីចូលរួមសហការនៅក្នុងការចាប់ខ្លួន។ ប៉ុន្តែខុទ្ទកាល័យរបស់ប្រធានាធិបតីស្ដីទីមិនទាន់ឆ្លើយតបនៅឡើយទេ៕
ចែករំលែកព័តមាននេះ