ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោម​គោលនយោបាយ​បើកចំហ​ជើងមេឃ​វិស័យ​អាកាសចរណ៍​ស៊ី​វិល និង​ទេសចរណ៍​កម្ពុជា​ពិតជា​រីក​ចំរើន​មែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​គោលនយោបាយ​នេះ​ទាមទារ​ការ​យកចិត្តទុកដាក់ និង​ការ​លើកទឹកចិត្ត​បន្ថែម​ទៀត ដើម្បី​ធានា​នូវ​កំណើន​ប្រកបដោយ​និរន្ត​ភាព ។ ជា​ការ​ពិត​គោលនយោបាយ​នេះ ត្រូវ​បាន​ដាក់​ចេញ​តាំងពី​ចុង​ទស្សវត្សរ៍​នៃ​ឆ្នាំ​១៩៩០​មក​ម្ល៉េះ ហើយ​មក​ដល់​ពេល​នេះ​មាន​អាយុកាល​ប្រមាណ​ជា​៣​ទស្សវត្សរ៍​ហើយ ប៉ុន្តែ​គោលដៅ​នៃ​ការ​ហោះហើរ​ផ្លូវអាកាស…

ក្រោម​គោលនយោបាយ​បើកចំហ​ជើងមេឃ​វិស័យ​អាកាសចរណ៍​ស៊ី​វិល និង​ទេសចរណ៍​កម្ពុជា​ពិតជា​រីក​ចំរើន​មែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​គោលនយោបាយ​នេះ​ទាមទារ​ការ​យកចិត្តទុកដាក់ និង​ការ​លើកទឹកចិត្ត​បន្ថែម​ទៀត ដើម្បី​ធានា​នូវ​កំណើន​ប្រកបដោយ​និរន្ត​ភាព ។

ជា​ការ​ពិត​គោលនយោបាយ​នេះ ត្រូវ​បាន​ដាក់​ចេញ​តាំងពី​ចុង​ទស្សវត្សរ៍​នៃ​ឆ្នាំ​១៩៩០​មក​ម្ល៉េះ ហើយ​មក​ដល់​ពេល​នេះ​មាន​អាយុកាល​ប្រមាណ​ជា​៣​ទស្សវត្សរ៍​ហើយ ប៉ុន្តែ​គោលដៅ​នៃ​ការ​ហោះហើរ​ផ្លូវអាកាស មក​កាន់​កម្ពុជា​ហាក់​មិន​មានការ​ត​ភ្ជាប់​ទូលំទូលាយ​នៅឡើយ​ទេ ។

មក​ដល់​ពេល​នេះ តាម​អាកាសយានដ្ឋាន​អន្តរជាតិ ៣ កម្ពុជា​ទើបតែ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ដែល កំពុង​តែ​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស​ប្រមាណ​ជា​៣០​ក្រុមហ៊ុន​ប៉ុណ្ណោះ ។ ក្រុមហ៊ុន​អាកាសចរណ៍ ទាំងនោះ​ទៀត​សោត គឺ​ហោះត​ភ្ជាប់​ពី​កម្ពុជា​ទៅ​អាស៊ាន​៨ ប្រទេស ក្រៅពី​នោះ គឺ​ទៅ​ចិន កូរ៉េ​ខាងត្បូង ហុងកុង តៃវ៉ាន់ ឥណ្ឌា កា​តា និង​សហភាព​អា​រ៉ាប់ អេ​មី​រ៉ាត់ ប៉ុណ្ណោះ ។

កន្លង​មក​កម្ពុជា​ធ្លាប់​មានការ​ត​ភ្ជាប់​ទៅ​ប្រទេស​ច្រើន​ជាង​នេះ​ដែរ គឺ​មាន​ទៅ​អឺរ៉ុប​មាន​ដូច​ជា ទៅ​បារាំង ហើយ​និង​ទៅ​ជប៉ុន ប៉ុន្តែ​កា​រត​ភ្ជាប់​នេះ​ត្រូវ​បាន​លុប​ចោល​វិញ ។ ជើងហោះហើរ​ទៅ​បារាំង​នៅ​ខ្សត់​អ្នកដំណើរ ហើយ​គេ​ក៏​សម្រេចចិត្ត​ផ្អាក​តាំងពី​មុន​កូ​វី​ដ​១៩​ទៅ​ទៀត រីឯ​ទៅ​ជប៉ុន​ក៏​ប្រហែលជា​ដូច​គ្នា ដូច្នេះ​ហើយ​ទើប​បានជា​ជើងហោះហើរ​នេះ​ត្រូវ​បាន​ផ្អាក ចាប់តាំងពី​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ កន្លង​ទៅ​នេះ ហើយ​នៅ​ពេល​បច្ចុប្បន្ន គឺ​នៅ​មិន​ទាន់​មានការ​ត​ភ្ជាប់​ឡើង​វិញ​នៅឡើយ ។

នៅ​លើ​ពិភពលោក​នេះ មាន​ទ្វីប​ដល់​ទៅ​មាន​ទ្វីប​ដល់​ទៅ​៧ ដែល​រួម​មាន អាស៊ី អាហ្វ្រិក អា​មេ​រិ​ក​ខាងជើង អា​មេ​រិ​ក​ខាងត្បូង អង់តាកទិក អឺរ៉ុប និង​អូ​សេ​អា​នី ។ ទ្វីប​ទាំងនេះ​សុទ្ធតែ​មាន​មនុស្ស​រស់នៅ​លើកលែងតែ​ទ្វីប​អត់​តាក​ទិ​កមួយ​ទេ ប៉ុន្តែ​កម្ពុជា​មាន​ជើងហោះហើរ​ត្រង់​តែ​នៅ​អាស៊ី​ប៉ុណ្ណោះ ។

ជា​ការ​ពិត​បើ​និយាយ​អំពី​កា​រត​ភ្ជាប់​នេះ ជើងហោះហើរ​ដែល​កម្ពុជា​មាន គឺ​អាច​ភ្ជាប់​ទៅ​គ្រប់​ទិស​ទី​បាន ប៉ុន្តែ​គ្រាន់តែ​អ្នកដំណើរ​អាច​ខាត​ពេលវេលា​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ក៏​ធុ​យ​ទ្រាន់​នឹង​ការ​ធ្វើ​ដំណើរ​ឆ្លង កាត់​ប្រទេស​ច្រើន ទម្រាំ​ដល់​គោលដៅ​ដែល​ពួក​គេ​ចង់ទៅ ។ ការ​ហោះហើរ​ត្រង់ គឺ​អាច​ឲ្យ​អ្នកដំណើរ​ចំណេញ​ពេលវេលា​កាត់​បន្ថយ​ការ​ធុញថប់​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ក៏​អាច​កាត់​បន្ថយ​ការ​ចំណាយ​ផង​ដែរ ។

ជា​ការ​ពិត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្រោម​គោលនយោបាយ​បើកចំហ​ជើងមេឃ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវអាកាស​កម្ពុជា គឺ​ពិតជា​រីក​ចំរើន​មែន ពោល គឺ​ចំនួន​អ្នកដំណើរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​មាន​កំណើន​ជា​បន្តបន្ទាប់ លើកលែងតែ​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ។

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល មាន​ប្រសាសន៍​ហើយ​ត្រូវ​ដកស្រង់​សំដៅ​ដោយសារ​ព័ត៌មាន​នា​ពេល​ថ្មី​ៗ​នេះ​ថា ឆ្នាំ​២០២៤ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​អ្នកដំណើរ​តាម​ផ្លូវអាកាស ការ​ហោះហើរ​ត្រង់ និង​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ពង្រីក​ជើងហោះហើរ​ទៅ និង​មក​ពី​ប្រទេស​កម្ពុជា ។

លោក​បាន​និយាយ​ថា អ្នក​ធ្វើ​ដំណើរ​ផ្លូវអាកាស​នៅ​ឆ្នាំ​២០២៤ បាន​កើនឡើង​ដល់​៥,៦​លាន​នាក់ ហើយ​វា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ដល់​៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២៥​នេះ ។

សក្ខីភាព​នៃ​ការ​រីក​ចម្រើន​ក្រោម​គោលនយោបាយ​បើកចំហ​ជើងមេឃ​នេះ ក៏​គេ​អាច​មើលឃើញ​នូវ​កំណើន អ្នកដំណើរ​រហូត​ដល់​មាន​តម្រូវការ​កសាង​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​តម្លៃ​ជាង​១០០០ លាន​ដុល្លារ​នៅ​សៀមរាប ។ ជាមួយ​គ្នា​នោះ​ក៏​មានការ​ត្រៀម​ផ្លាស់​ប្តូរ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​តាំងពី​ពាក់កណ្តាល​ទស្សវត្សរ៍​នៃ​ឆ្នាំ​១៩៥០ ទៅ​កាន់​អាកាសយានដ្ឋាន​ថ្មី​ដែល​កំពុង​តែ​សាងសង់​ក្រោម​ទឹកប្រាក់​សរុប​១.៥០០ លាន​ដុល្លារ នៅ​ក្នុង​រង្វង់​ខែកក្កដា ឆ្នាំ​២០២៥​នេះ ។

ក្រោម​គោលនយោបាយ​បើកចំហ​ជើងមេឃ​ដែល​ដាក់​ចេញ​មកនេះ វិស័យ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា​វា​ពិតជា​រីក​ចម្រើន​មែន ប៉ុន្តែ​ការ​ខិតខំ និង​ពង្រឹង​យន្តការ​ពាក់ព័ន្ធ​ផ្សេង​ទៀត គឺ​ចាំបាច់​ត្រូវ​តែ​ធ្វើ ដើម្បី​បង្កើន​កា​រត​ភ្ជាប់​ទៅ​កាន់​គោលដៅ​នានា​បន្ថែម ។ ការ​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​នេះ គឺ​គួរតែ​ធ្វើ​ជា​ឲ្យ​កាន់តែ​ខ្លាំងក្លា ដើម្បី​ឆ្លើយ​តប​នឹង​ការ​សម្រេចចិត្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសចរណ៍​ដែល​កម្ពុជា​បាន​ជះ​ទឹក​លុយ​ជាង ជិត​៣​ពាន់​លាន​ដុល្លារ​ហើយ មក​ដល់​ពេល​នេះ ។

ការ​ពង្រឹង​សេវាកម្ម និង​ថែរក្សា​កា​រត​ភ្ជាប់​នៅ​តាម​គោលដៅ​នានា​ដែល​មាន​ស្រាប់ គឺជា​រឿង​ត្រូវធ្វើ ហើយ​ការ​ស្តា​រកា​រត​ភ្ជាប់​គោលដៅ​ដែល​ធ្លាប់​ភ្ជាប់​ហើយ​ដាច់ គឺ​ត្រូវ​តែ​ធ្វើ ក្រៅពី​នោះ​ក៏​ត្រូវ​តែ​ពង្រឹង និង​ពង្រីក​ព្រម​គ្នា​ចំពោះ​កា​រត​ភ្ជាប់​ទៅ​កាន់​គោលដៅ​ថ្មី​ៗ ឲ្យ​កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ