រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹក កាលពី៤៩ឆ្នាំមុននៃជីវិតអាពាហ៍ពិពាហ៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (៥មករា ១៩៧៦ -៥មករា ២០២៥) ។ នៅលើបណ្ដាញទំនាក់ទំនងសង្គមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ សម្ដេចតេជោ បានសរសេរថា ថ្ងៃនេះជាខួប៤៩ឆ្នាំនៃថ្ងៃរៀបការរបស់ខ្ញុំ និងភរិយា (៥មករា ១៩៧៦.៥មករា២០២៥) ។ ដោយមិនចង់សរសេរឡើងវិញខ្ញុំសូមចាក់ផ្សាយនូវការអានប្រវត្តិរបស់ខ្ញុំ និងភរិយា ពីការចាប់ផ្តើមនាឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៩ ។
សម្ដេចតេជោបន្តថា ឆ្នាំ២០២៦ខាងមុខនឹងឈានដល់ខួបលើកទី៥០ឆ្នាំ ខ្ញុំនឹងខិតខំសរសេរបន្ថែមនូវជីវិតគ្រួសារពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៦ បន្ថែមទៀតដែលផ្តោតសំខាន់លើការកសាងគ្រួសារពិសេសលើការអប់រំកូន និងចៅ ។
គួរម្លឹកដែរថា ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នេះ គឺខួបអាពាហ៍ពិពាហ៍ ៤៩ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយ ដោយសារតែកាលនោះ គឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនា ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត នោះ គឺគ្មានឡើយសេចក្តីសុខ ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានតស៊ូរួមគ្នាឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ ៕
ចែករំលែកព័តមាននេះ