ទីក្រុងបាងកក៖ ឧបនាយករដ្ឋមន្ត្រីថៃអំពាវនាវឱ្យខិតខំដោះស្រាយបញ្ហាដើម្បីធានាសន្តិភាពយូរអង្វែងនៅភាគខាងត្បូង។ លោកភុំថាម វិឆាយ៉ាឆៃចង់ពិនិត្យសើរើឡើងវិញទៅលើយុទ្ធសាស្ត្រ និងនីតិវិធីក្នុងការចរចា និងដោះស្រាយអំពើបះបោរដែលកើតឡើងរយៈពេលជាងម្ភៃឆ្នាំមកហើយ។ នៅក្នុងកិច្ចប្រជុំថ្មីៗនេះ លោកភុំថាមក្នុងនាមជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិផងដែរនោះបានប្រកាសលុបចោលការប្រកាសអាសន្ននៅស្រុកយ៉ាហា (Yaha) នៃនៅខេត្តយ៉ាឡា។
ប៉ុណ្ណឹងលោកយល់ថាមិនទាន់គ្រប់គ្រាន់ទេ។ លោកដាក់ជាសំណួរថាតើរដ្ឋាភិបាលថៃកំពុងដើរនៅលើផ្លូវត្រឹមត្រូវដែរឬទេក្នុងការធ្វើឱ្យមានសន្តិភាពនៅក្នុងតំបន់នោះ។ ហេតុនេះ លោកស្នើសុំឱ្យវាយតម្លៃឡើងវិញទៅលើយុទ្ធសាស្ត្រដោះស្រាយជម្លោះ។ លោកភុំថាមបានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់សូមស្វែងដំណោះស្រាយឱ្យឃើញនៅក្នុងរយៈពេល១ខែទៀត។
លោកសង្កត់ធ្ងន់ថាលុះត្រាតែយើងមានយុទ្ធសាស្ត្រច្បាស់លាស់ និងត្រឹមត្រូវទើបអាចតែងតាំងប្រធានក្រុមអ្នកចរចាសន្តិភាព។ លោកភុំថាមនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួមរបស់ប្រទេសម៉ាឡេស៊ីនៅក្នុងការចរចាគ្នា។ លោកថាក់ស៊ីនដែលកំពុងបំពេញបេសកកម្មនៅម៉ាឡេស៊ីអាចនឹងដើរតួនាទីសំខាន់នៅក្នុងការសម្រុះសម្រួល។ លោកថាក់ស៊ីនដែលត្រូវឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងជាទីប្រឹក្សារបស់លោកទទួលបន្ទុកខាងកិច្ចការអាស៊ាននោះអាចនឹងជួយនៅក្នុងរឿងនេះ។
លោកភុំថាមមានជំនឿថាលោកថាក់ស៊ីនអាចនឹងជួយធ្វើឱ្យមានស្ថិរភាពនៅតំបន់ព្រំដែនថៃ និងម៉ាឡេស៊ី ហើយនឹងជួយលើកកម្ពស់ការអភិវឌ្ឍនៅក្នុងតំបន់នោះផងដែរ។ លោកទទួលស្គាល់ថារដ្ឋាភិបាលប្រឈមនឹងបញ្ហាជាច្រើនដែលកើតឡើងជាហូរហែ។ ក្នុងនោះ មានបញ្ហាដែលអ្នករស់នៅតាមមូលដ្ឋាននៃតំបន់ជម្លោះមិនទាន់មានជំនឿ១០០%ទៅលើការដោះស្រាយបញ្ហា។
ហេតុនេះ លោកយល់ថាត្រូវតែធ្វើឱ្យមានការជឿទុកចិត្តពីសាធារណជន។ បើយើងផ្ដោតសំខាន់ទៅលើផលប្រយោជន៍របស់មនុស្សភាគច្រើន ពេលនោះ យើងនឹងទទួលបានការស្វាគមន៍ពីពួកគេ។ ការចរចាសន្តិភាពរវាងរដ្ឋាភិបាលថៃ និងក្រុមបះបោរនៅភាគខាងត្បូងក៏មានបញ្ហាស្មុគស្មាញផងដែរដោយសារនិយាយមិនត្រូវគ្នាពាក់ព័ន្ធនឹងនីតិវិធី និងរចនាសម្ព័ន្ធនៃការចរចា។ លោកភុំថាមចង់ឱ្យក្រុមឧទ្ទាមជ្រើសរើសអ្នកតំណាងរបស់ខ្លួនដែលគួរឱ្យជឿទុកចិត្ត និងនិយាយយកជាសាច់ការបាន៕
ចែករំលែកព័តមាននេះ