ប្រទេសសិង្ហបុរី ៖ ប្រជាជនសិង្ហបុរីដែលអត់ការងារធ្វើដោយមិនបានតាំងចិត្ត ឬព្យាយាមរកដែរ តែមិនបានលទ្ធផលនោះ ដោយឥឡូវនេះ ពួកគេអាចដាក់ពាក្យសុំប្រាក់ឧបត្ថម្ភប្រចាំខែសរុបចំនួន ៦ពាន់ដុល្លារសិង្ហបុរី ឬស្មើនឹង ៤,៥០០ដុល្លារអាមេរិក សម្រាប់រយៈពេល៦ខែ តាមរយៈគម្រោងរបស់រដ្ឋាភិបាល ដែលគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែមេសាខាងមុខនេះ។
លោក Koh Poh Koon ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស បានថ្លែងប្រាប់កាសែត The Straits Times កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ថា ទឹកប្រាក់ចំនួន២០០លានដុល្លារ នឹងត្រូវបានបែងចែកសម្រាប់គម្រោងមានឈ្មោះថា «SkillsFuture Jobseeker» ជំនួយដល់អ្នកស្វែងរកការងារ ដោយមកជាមួយការរំពឹងថានឹងជួយគាំទ្រប្រជាជនសិង្ហបុរីប្រហែល៦ម៉ឺននាក់ក្នុងមួយឆ្នាំ ឬច្រើនជាង ៦០% នៃអ្នកអត់ការងារធ្វើដោយមិនបានតាំងចិត្ត។

យោងតាមគេហទំព័ររដ្ឋាភិបាលសម្រាប់គម្រោងនេះ ពលរដ្ឋសិង្ហបុរីអាយុចាប់ពី២១ឆ្នាំឡើងទៅមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ ប្រសិនបើពួកគេធ្លាប់ធ្វើការងារយ៉ាងហោចណាស់៦ខែ កាលពីឆ្នាំមុន និងមានប្រាក់ចំណូលប្រចាំខែជាមធ្យម ៣,៧៥០ដុល្លារ ឬតិចជាងនេះ អំឡុងពេលនោះ។
លើសពីនេះទៀត ពួកគេត្រូវតែគ្មានការងារធ្វើយ៉ាងហោចណាស់១ខែ ចាប់តាំងពីថ្ងៃចុងក្រោយនៃអាជីពការងារពួកគេ ដោយសារតែហេតុផលហួសពីការគ្រប់គ្រងរបស់ពួកគេ ដូចជា ការកាត់បន្ថយបុគ្គលិក ការបិទអាជីវកម្ម ឬការបញ្ឈប់ពីការងារដោយសារបញ្ហាសុខភាព។ កន្លែងស្នាក់នៅពួកគេទៀតសោត ក៏ត្រូវតែមានតម្លៃប្រចាំឆ្នាំ ២៣,២០០ដុល្លារ ឬតិចជាងនេះ ខណៈការផ្តល់ជូនពិសេសពីរដ្ឋាភិបាលនេះ នឹងអស់សុពលភាពនៅពេលពួកគេរកបានការងារធ្វើ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្នកដាក់ពាក្យស្នើសុំក៏ត្រូវតែបំពេញសំណុំឯកសារ នៃសកម្មភាពទាក់ទងនឹងការងារជារៀងរាល់ខែ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ទទួលបានការផ្តល់ជូនប្រាក់ឧបត្តម្ភ។ សកម្មភាពទាំងនេះ រួមទាំងការធ្វើបច្ចុប្បន្នភាពប្រវត្តិរូប ការចូលរួមពិព័រណ៍ការងារ និងសិក្ខាសាលានានា ដើម្បីផ្តល់ការណែនាំវិជ្ជាជីវៈដល់អ្នកស្វែងរកការងារ និងផ្តល់ទំនុកចិត្តថា ពួកគេកំពុងដើរលើផ្លូវត្រូវក្នុងការស្វែងរកការងារថ្មី៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ