ហុងកុងក្លាយជាឋានសួគ៌ទំនិញអនឡាញដ៏ទាក់ទាញបំផុត សម្រាប់អតិថិជននៅអាស៊ីអាគ្នេយ៍
ទីក្រុងហុងកុង ៖ យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២៥ បានរាយការណ៍ថា…
ទីក្រុងហុងកុង ៖ យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២៥ បានរាយការណ៍ថា…
ទីក្រុងហុងកុង ៖ យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២៥ បានរាយការណ៍ថា ច្រើនជាងពីរភាគបីនៃអ្នកទិញទំនិញអនឡាញ ដែលត្រូវបានស្ទង់មតិនៅក្នុងទីផ្សារប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៦ បានទិញផលិតផលពីហុងកុង កាលពីឆ្នាំកន្លងទៅ ហើយគ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះសម្បែងទទួលបានប្រជាប្រិយភាពខ្លាំងបំផុត។
ការស្ទង់មតិដែលធ្វើឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសហុងកុង ចាប់ពីខែមិថុនាដល់ខែកក្កដា កាលពីឆ្នាំមុន ដោយប្រមូលបានចម្លើយពីអ្នកទិញទំនិញតាមអនឡាញជាង ១,៨០០នាក់មានអាយុចាប់ពី ១៨ ទៅ ៦០ឆ្នាំ មកពីប្រទេសឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងសិង្ហបុរី បង្ហាញថា ៦៩% នៃពួកគេបានទិញផលិតផលមានប្រភពពីហុងកុងយ៉ាងតិចមួយក្នុងរយៈពេល១២ខែកន្លងមកនេះ ដោយក្នុងចំណោមនោះថៃ និងឥណ្ឌូណេស៊ីនាំមុខគេ។
យ៉ាងណាមិញ អ្នកទិញទំនិញអនឡាញពីសិង្ហបុរីមានការចំណាយខ្ពស់ជាងគេក្នុងការទិញទំនិញមួយមុខ និងការចំណាយជាមធ្យមខ្ពស់លើផលិតផលពីហុងកុងតែម្តង បើប្រៀបធៀបនឹងទំនិញពីប្រទេសផ្សេងទៀត ដោយចំណាយទៅលើសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងទំនិញកីឡា។ ចំណែកអ្នកទិញមកពីថៃ និងឥណ្ឌូណេស៊ីបានទិញទំនិញហុងកុងដែលមានតម្លៃថោក។ អ្នកទិញពីសិង្ហបុរី និងវៀតណាមកោតសរសើរចំពោះវិធីសាស្ត្រដែលផលិតផលហុងកុងរួមបញ្ចូលគ្នារវាងធាតុផ្សំរបស់ចិន និងលោកខាងលិច ខណៈអ្នកទិញមកពីម៉ាឡេស៊ី និងហ្វីលីពីនចូលចិត្តផលិតផលហុងកុង ព្រោះចាត់ទុកថា ទាន់សម័យជាងផលិតផលប្រទេសផ្សេងទៀត។
គ្រឿងអេឡិចត្រូនិក រួមមានទាំងទូរសព្ទ ទូរទស្សន៍ និងកាមេរ៉ា មានប្រជាប្រិយភាពខ្លាំងបំផុត ដែលស្មើនឹង ៧០% នៃផលិតផលដែលបានទិញពីហុងកុង បន្ទាប់មកគឺសំលៀកបំពាក់ ៣៨% និងគ្រឿងសម្អាង ក៏ដូចជាសម្ភារៈថែទាំសម្រស់ផ្ទាល់ខ្លួន ៣៤%។ កម្មវិធី Shopee និង Lazada គឺជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេក្នុងតំបន់ ដោយអតិថិជនអះអាងថា ពួកគេចូលចិត្តប្រើកម្មវិធីទាំងនេះ ដោយផ្តល់ជម្រើសជាច្រើនសម្រាប់ពួកគេ ទាំងការផ្សព្វផ្សាយ និងការពណ៌នាអំពីព័ត៌មានផលិតផល។
ការស្ទង់មតិនេះ គឺជាការស្ទង់មតិលើកទីមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ដែលពិនិត្យទៅលើឧស្សាហកម្មពាណិជ្ជកម្មអនឡាញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយមានគោលដៅជួយសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ហុងកុងឱ្យយល់កាន់តែច្បាស់ពីទីផ្សារ និងការបង្កើតយុទ្ធសាស្ត្រអាជីវកម្ម។
នៅពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកលកំពុងកើនឡើងកម្តៅ ទីក្រុងហុងកុងបានព្យាយាមបើកទីផ្សារថ្មីទៅកាន់អាស៊ាន និងតំបន់មជ្ឈិមបូព៌ា ខណៈដែលអស់ពេលជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបាននិងកំពុងតែព្យាយាមជួយសហគ្រាសធុនតូច និងមធ្យម សម្រាប់ការអភិវឌ្ឍអាជីវកម្មអនឡាញ ដោយចាប់ផ្តើមមូលនិធិ BUD នៅក្នុងឆ្នាំ ២០១២។
សូមជម្រាបជូនថា អាស៊ាន គឺជាប្លុកពាណិជ្ជកម្មមានរដ្ឋសមាជិកចំនួន ១០ មានប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ប្លុកនេះគឺជាដៃគូពាណិជ្ជកម្មទំនិញធំទីពីររបស់ហុងកុង បន្ទាប់ពីចិនដីគោក អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ជាក់ស្តែង នៅឆ្នាំ ២០២៣ ពាណិជ្ជកម្មមានតម្លៃដល់ ១៤៥ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ១៣% នៃពាណិជ្ជកម្មសរុបរបស់ទីក្រុងហុងកុងជាមួយនឹងពិភពលោក នៅអំឡុងឆ្នាំនោះ ដ្បិតហុងកុងក៏ជាឋានសួគ៌ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មទំនិញរវាងអាស៊ាន និងចិនដីគោកផងដែរ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ