ជនជាតិថៃរហូតដល់ពីរលាននាក់ ដោយមកលេងប្រទេសកម្ពុជា ខណ:ដែលខ្មែរយើងកន្លះលាននាក់បានទៅប្រទេសថៃ កាលពីឆ្នាំ២០២៤ ។ នេះបើយោងតាមសម្តីអ្នកនាំពាក្យព្រឹទ្ធសភា កាលពីថ្ងៃទី១១ ខែមីនា ។
បន្ទាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ជាមួយនឹងឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំនៅកម្ពុជា គឺលោក ធុល ត្រៃសូរ៉ាត រួចមក អ្នកនាំពាក្យព្រឹទ្ធសភា គឺលោក ជា ធីរិទ្ធ បាននិយាយថា សម្ដេចតេជោ ក៏បានសម្ដែងនូវភាពរីករាយចំពោះកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ ដែលក្នុងនោះកំណើនភ្ញៀវទេសចរថៃមកកាន់ប្រទេសកម្ពុជា មានការកើនឡើងដែលឆ្នាំ២០២៤ មានរហូតដល់២លាននាក់ ដែលឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរណ៍បរទេស ហើយទេសចរណ៍កម្ពុជាទៅប្រទេសថៃវិញ គឺប្រមាណ៥៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មផងដែរ ដោយពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារធៀបឆ្នាំ២០២៣ ដែលយើងមាន៨ពាន់លានដុល្លារ ។
ការកើនឡើងនេះ បង្ហាញអំពីទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ទន្ទឹមនឹងការដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរក៏កាន់តែល្អប្រសើរដែរ តាមរយៈការផ្លាស់ប្ដូរថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលកន្លងទៅនេះសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយពេលខាងមុខនេះ នាយករដ្ឋមន្ត្រីថៃនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ក្នុងឱកាសខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ