រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវវាយតម្លៃឲ្យត្រឹមត្រូវចំពោះការជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា នៅតំបន់ខ្វះខាត ឲ្យច្បាស់លាស់ និងត្រូវជំនាញ ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យវ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅសាលសន្នីបាតកោះពេជ្រ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅពេលមានការខ្វះខាតគ្រូបង្រៀន និងបញ្ហាចំពោះមុខនោះ ត្រូវជ្រើសរើស គ្រូបង្រៀនមកបង្រៀន រួមទាំងគ្រូ ដែលចូលនិវត្តន៍ផង ដោយមានកុងត្រា ។
សម្តេចបវរធិបតី បានបញ្ជាក់ថា «នៅពេលមានបញ្ជា ហើយត្រូវដោះស្រាយក្នុងរយៈពេលខ្លី គឺត្រូវបើកច្រកក្នុងការរើសគ្រូ កុងត្រានៅនឹងកន្លែង រួមទាំងគ្រូ ដែលចូលនិវត្តន៍ ដើម្បីគាត់បានបន្តប្រៀន។ រឿងនេះ មិនមែនតែរឿងថ្មីទេ កន្លងមក ក៏មានអាណាព្យាបាល ម្តាយឪពុក បានអញ្ជើញអ្នកគ្រូមកបង្រៀនវិញ» ។
សម្តេចបវរធិបតី ក៏បានលើកឡើងថា សម្តេចបានប្រកាសទទួលយកការព្រួយបារម្ភ ចំពោះការជ្រើសរើសគ្រូបង្រៀនតាមរយៈកុងត្រា ប៉ុន្តែផ្អែកលើតថភាពជាក់ស្តែង ត្រូវធ្វើការច្នៃប្រឌិត ក្នុងការបើកច្រក ដោយមានភាពបត់បែន។ តាមអនុក្រឹត្យឆ្នាំ២០១៤ មានការនិយាយពីការបំពេញបន្ថែមចំពោះគ្រួបង្រៀនថ្នាក់មន្តតេយ្យ និងបឋមសិក្សា ប៉ុន្តែចំពោះថ្នាក់គ្រូមធ្យម សិក្សាត្រូវគិតគូរឲ្យបានម៉ត់ចត់ បើមិនដូច្នេះនឹងត្រូវប្រឈម ។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ៖ «ខ្ញុំសូមឲ្យគោលការណ៍ឲ្យច្បាស់ហើយ ដាក់គោលការណ៍ជាថ្មី គឺត្រូវបំពេញគ្រូបង្រៀននៅកន្លែងខ្វះពិតប្រាកដ ហើយមានការវាយតម្លៃពិតប្រាកដលើ ជំនាញពិតប្រាកដ។ បើខ្វះគ្រូជីវៈ ហើយលើសគ្រូគណិត មិនត្រូវទុកគ្រូគណិតទេ គឺត្រូវទុក គ្រូជីវៈបង្រៀន» ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតី បានបន្ថែមថា ការជ្រើសរើសគ្រូបង្រៀន ត្រូវគិតពីសុខភាព និងសកម្ម និងការងារ ដោយមិនត្រូវគិតពីមនោសញ្ចេតនានោះទេ។ ក្នុងនោះដែរ គ្រូកុងត្រា និងការទទួលខុសត្រូវមិនដូចគ្រូ ក្របខណ្ឌ ឬក្នុងប្រអប់នោះទេ ។
សម្តេចបវរធិបតី បានលើកឡើងទៀតថា នៅពេលសម្តេចចុះទៅតាមតំបន់ជនបទ មានការលំបាកបំផុត គឺការខ្វះគ្រូបង្រៀននៅថ្នាក់វិទ្យាល័យ នៅតាមមូលដ្ឋាន ដែលមានការពិបាកក្នុងការបំពេញបន្ថែម។ ចំណុច គឺជាការពិបាកក្នុងការទទួលខុសត្រូវ ចំពោះសិស្សក្មេងៗ។
សម្តេចបវរធិបតី បានស្នើក្រសួងអប់រំ ត្រូវតែខិតខំគិតគូរ ក្នុងខុសចំពោះសិស្សានុសិស្សចំពោះការខ្វះគ្រូបង្រៀន ព្រោះពួកគេជាធនធានសំខាន់ ។
ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី ក៏ស្នើឲ្យមានការយោគយល់ចំពោះការគិតគ្រូដាក់គ្រូបង្រៀន នៅតំបន់ខ្វះខាត ព្រោះថា អ្វីដែលសម្តេចគិតនេះ គឺផ្អែកមើលមូលដ្ឋាននិយម មិនមែនផ្អែកលើ ទ្រឹស្តី ឬមានការលើកយោយល់នោះទេ ។ តាមការចុះទៅដល់ជាក់ស្តែងតាំងពីនៅមេទ័ពជើងគោក សម្តេចបវរធិបតី បានអះអាងនៅកន្លែងខ្លះ មានអគារសិក្សា ប៉ុន្តែខ្វះគ្រូបង្រៀន ហើយកន្លែងខ្លះ មានគ្រូ តែខ្វះអគារសិក្សា ផងដែរ ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ