ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​«​មរតក​តេ​ជោ​» គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​​ខ្មែរ ​ឆ្នាំ​២០២៥​ ខាង​មុខ​នេះ

21 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ស្ពាន​អាកាស «​មរតក​តេ​ជោ​» ប្រសព្វ​រវាង​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និងមហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១)…

រាជធានីភ្នំពេញ ​៖ ស្ពាន​អាកាស «​មរតក​តេ​ជោ​» ប្រសព្វ​រវាង​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និងមហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១) ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន គិត​មក​ដល់​ពេល​នេះ ការដ្ឋាន​ទាំងមូល​សម្រេច​បាន​៩៩% ហើយ​។

លោកស្រី ​ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល ​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ មី​នា​នេះ​ថា​ ៖ ស្ពាន​អាកាស «​មរតក​តេ​ជោ​» នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ឆ្នាំ​២០២៥ ​ខាង​មុខ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ទៅ​លេង​ស្រុក​កំ​ណើ​យ ​និង​ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​ចរាចរ​នៅ​ទីតាំង​នោះ​ផង​ដែរ «​មុន​នឹង​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​» ​។

បើ​មន្ត្រី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃ​ទី១០ ខែមីនា ឆ្នាំ​២០២៥ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស មរតក​តេ​ជោ សម្រេច​បាន ៩៩% ដែល​នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ​២០២៥ ខាង​មុខ។ ​ស្ពាន​អាកាស​កំពស់ ២​ជាន់​នេះ នឹង​ជួយ​លំហូរ​ចរាចរ​បាន​ល្អ​ប្រសើរ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​នៅ​ចំណុចប្រសព្វ​រវាង​មហាវិថី ព្រះ​មុនី​វង្ស មហាវិថី​កង​យោធពលខេមរភូមិន្ទ និង​មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ ។

គួរ​រំលឹក​ថា​ ស្ពាន​អាកាស «​មរតក​តេ​ជោ​» ​ក្នុង​ជំហាន​ទី​២ បាន​ធ្វើ​ពិធី​ត​ភ្ជាប់​ស្ពាន ​(​ស្ពាន​អាកាស​ជាន់​ទី​១) កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ និង​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល OCIC​ ។ ស្ពាន​អាកាស​ថ្មី​នេះ ត្រូវ​បាន​អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​លោក​ជំទាវ​អញ្ជើញ​ជា​អធិបតី ក្រុង​ពាលី​បញ្ចុះ​បឋមសីលា សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​កាលពី​រសៀល​ថ្ងៃ​ទី​៣០ សីហា​ឆ្នាំ​២០២២ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០២២ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា ​។

ស្ពាន​អាកាស​នេះ​ សាងសង់ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះ​មុនី​វង្ស ជាមួយ​វិ​ថី​កង​យោធពលខេមរភូមិន្ទ ហៅ​ផ្លូវ​លេខ​២៧១ ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ ដោយ​គ្រោង​ចំណាយ​ថវិកាជាង ៣៦​លាន​ដុល្លារ និង​ចំណាយ​ពេលវេលា​សាងសង់ ៣៦​ខែ​ ។

ស្ពាន​អាកាស​ថ្មី​នេះ​ នឹង​ដោះស្រាយ​បាន​នៅ​លំហូរ​លំហូរចរាចរពី​ខេត្តកណ្ដាល ឆ្លងកាត់​មហាវិថី​តេ​ជោ ​ហ៊ុន សែន ពី​ព្រ​លាន​យន្តហោះ​តេ​ជោ​អន្តរជាតិ​ភ្នំពេញ​ថ្មី ​នៅ​ខេត្តកណ្ដាល ចូល​មក​រាជធានី​ភ្នំពេញ​ និង​ទី​២​ទៀត អាច​កាត់​បន្ថយ​បាន នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​១ ​ចូល​មក​រាជធានី​ភ្នំពេញ ​ផង​ដែរ ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ