ទីក្រុងម៉ូស្គូ៖ នៅពេលសភាពការណ៍តានតឹងខ្លាំងរវាងរុស្ស៊ី និងក្រុមបស្ចិមប្រទេស លោកពូទីនចង់ប្រើអាវុធនុយក្លេអ៊ែរព្រោះលោកមានកំហឹងយ៉ាងខ្លាំងដែលពួកគេអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលទឹកដីរុស្ស៊ី។ ប៉ុន្តែបានប្រធានាធិបតីចិន លោកស៊ីជីនពីង ឃាត់ទាន់។ កុំអីពិភពលោកនេះមិនដឹងទៅជាអ្វីនោះទេ។ រដ្ឋមន្ត្រីការបរទេសអាមេរិកដែលជិតផុតអាណត្តិ លោកប្លីងខិន បានបង្ហើបឱ្យដឹងអំពីអាថ៌កំបាំងដ៏ព្រឺព្រួចនេះដែលស្ដាប់ទៅសឹងតែញ័រខ្លួនម្ដងៗ។
បន្ទាប់ពីទីក្រុងម៉ូស្គូព្រមានប្រើប្រាស់អាវុធនុយក្លេអ៊ែរជាញឹកញាប់រួចមក លោកប្លីងខិនក៏បញ្ចេញរឿងនេះប្រាប់សារព័ត៌មានហ្វាយណាន់សលថាមស៍ (Financial Times) ថាទីក្រុងប៉េកាំងបាននិយាយបញ្ចុះបញ្ចូលលោកពូទីនដើម្បីកុំឱ្យធ្វើដល់ថ្នាក់ហ្នឹងពេក។ ក្រោយពេលផ្ទុះសង្គ្រាមអ៊ុយក្រែន បស្ចិមប្រទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ីយ៉ាងចាស់ដៃ។
ទ្រព្យសម្បត្តិរុស្ស៊ីនៅអឺរ៉ុប និងអាមេរិករាប់រយពាន់លានដុល្លារត្រូវបានផ្អិបទុក។ រុស្ស៊ីមិនអាចនាំទំនិញទៅលក់នៅក្រៅប្រទេសបានឡើយ។ ទោះបីប្រទេសខ្លះអាចទិញទំនិញពីរុស្ស៊ីដូចជាចិន និងឥណ្ឌាជាដើមក៏ទិញដោយលួចលាក់ផងដែរ។លោកពូទីនត្រូវការចំណាយលុយច្រើនទៅលើសង្គ្រាម។ ដូច្នេះ ទោះបីលក់បានថ្លៃ-ថោកក៏លោកមិនសូវខ្វល់ប៉ុន្មានដែរ។
ការទទួលរងសម្ពាធសេដ្ឋកិច្ចនេះហើយធ្វើឱ្យចិនក្លាយជាប្រទេសមានឥទ្ធិពលគ្រាន់បើ ហើយក៏មានតែចិននេះហើយជាទីពឹងរបស់លោកពូទីន។ កាសែតហ្វាយណាន់សលថាមស៍បានសាកសួរលោកប្លីងខិនថាតើទីក្រុងវ៉ាស៊ីនតោនស្ដាប់ដោយយកចិត្តទុកដាក់ ឬក៏ស្ដាប់ចោលទេនូវការព្រមានប្រើអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ តាមមើលទៅ អាមេរិកក៏មិនចង់លេងសើចចំពោះបញ្ហានេះដែរ។ ហេតុនេះ ពួកគេមិនសូវហ៊ានបណ្ដោយឱ្យអ៊ុយក្រែនបាញ់មីស៊ីលចូលប្រទេសរុស្ស៊ីប៉ុន្មានទេ។
លោកប្លីងខិនថ្លែងថាវ៉ាស៊ីនតោនពិតជាខ្វាយខ្វល់យ៉ាងខ្លាំងចំពោះវោហារសាស្ត្រនេះ។ លោកពូទីនមិនមែននិយាយលេងសើចទេ។ នៅពេលដល់ក លោកនឹងប្រើប្រាស់អាវុធនេះជាមិនខាន។ កន្លងមក ក្រុមអ្នកវិភាគច្រើនព្យាករថាលោកពូទីនប្រហែលជាមិនប្រើនុយក្លេអ៊ែរទេ។ ប៉ុន្តែគេត្រូវដឹងថាអ្នកដែលសម្រេចចិត្តប្រើ ឬមិនប្រើគឺលោកពូទីន មិនមែនអ្នកវិភាគទេ។
លោកប្លីងខិនថ្លែងបន្តទៀតថាថ្វីដ្បិតលទ្ធភាពមានត្រឹម៥%ទៅ១៥%ដែលថាលោកពូទីនប្រើនុយក្លេអ៊ែរ ប៉ុន្តែនៅក្នុងកាលៈទេសៈនោះ អាមេរិកព្រួយបារម្ភខ្លាំងជាងពេលណាៗទាំងអស់។ លោកថាយើងមានហេតុផលគ្រប់គ្រាន់ក្នុងការសន្និដ្ឋានថាប្រាកដជារដ្ឋាភិបាលចិនចេញមុខធ្វើអន្តរាគមន៍នៅក្នុងបញ្ហានេះ និងនិយាយប្រាប់លោកពូទីនថាកុំធ្វើដល់ថ្នាក់ហ្នឹងពេក។
ទោះជាយ៉ាងណាក្ដី ការព្រមាននេះមានទៅមានមក។ មិនមែនលោកពូទីនព្រមានគេតែម្នាក់ឯងនោះទេ។ លោកក៏ទទួលរងសញ្ញាព្រមានផងដែរ។ អាមេរិកបានផ្ដាំផ្ញើតាមរយៈប្រទេសចិនទៅប្រាប់លោកពូទីនថាខ្លួនមានផែនការបញ្ជូនអាវុធនុយក្លេអ៊ែរទៅក្នុងទីអវកាស។
លោកប្លីងខិនថ្លែងថាលោកពូទីនចាប់ផ្ដើមចាញ់ប្រៀបអង្គការណាតូ ព្រោះណាតូមានធនធានច្រើនជាងរុស្ស៊ី។ ណាតូបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែនដើម្បីតស៊ូនៅក្នុងសង្គ្រាម។
ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរហូតមកដល់ពេលនេះជិតបីឆ្នាំហើយ នៅខ្វះតែជាងមួយខែទៀតប៉ុណ្ណោះ។ អាមេរិក និងអឺរ៉ុបបានជួយអ៊ុយក្រែនសរុបជាទឹកប្រាក់ជាងបីរយពាន់លានដុល្លារ។ ក្នុងនោះ អាមេរិកជួយ១៧៥ពាន់លានដុល្លារ ខណៈដែលអឺរ៉ុបជួយ១៣០ពាន់លានដុល្លារ។ ហេតុនេះ លោកប្លីងខិនមានជំនឿថារុស្ស៊ីក៏ចំណាយលុយមិនតិចដែរនៅក្នុងសង្គ្រាម។
ការថ្លែងរបស់លោកប្លីងខិនត្រង់ចំណុចដែលថាចិនចេញមុខធ្វើអន្តរាគមន៍នោះក៏សមហេតុផលម៉្យាងដែរព្រោះចាប់តាំងពីលោកបៃដិនអនុញ្ញាតឱ្យបាញ់មីស៊ីលអាត់តាខំ (ATACMS) កាលពីខែវិច្ឆិការហូតមកដល់ពេលនេះ សភាពការណ៍មិនសូវវិវត្តទៅរកភាពតានតឹងខ្លាំងប៉ុន្មានឡើយ។ មានន័យថារុស្ស៊ីមិនទាន់មានផែនការដាច់ខាតថាត្រូវតែប្រើនុយក្លេអ៊ែរនោះទេ៕
ចែករំលែកព័តមាននេះ