ទីក្រុងម៉ូស្គូ៖ រុស្ស៊ីចាប់ផ្ដើមផ្ទុះកំហឹងឡើងវិញបន្ទាប់ពីរក្សាភាពស្ងប់ស្ងាត់អស់មួយរយៈដោយសារដឹងថាលោកត្រាំជិតចូលកាន់តំណែង។ ប៉ុន្តែថ្មីៗនេះ អ៊ុយក្រែនបានបាញ់មីស៊ីលអាត់តាខំ (ATACMS) ចូលទីក្រុងបែលហ្គោរ៉ូត (Belgorod) ដែលស្ថិតនៅជាប់នឹងព្រំដែនរុស្ស៊ី-អ៊ុយក្រែនតែម្ដង។ ការប្រើប្រាស់មីស៊ីលនេះក៏ដោយសារអ៊ុយក្រែនទទួលបានសញ្ញាភ្លើងខៀវពីលោកបៃដិនដែលជិតផុតអាណត្តិ។
នៅក្នុងក្រសែភ្នែករបស់ទីក្រុងម៉ូស្គូ ការអនុញ្ញាតឱ្យបាញ់មីស៊ីលចូលឆ្ងាយៗទៅក្នុងទឹកដីរុស្ស៊ិនេះមិនមែនជាបំណងល្អ និងចង់បញ្ចប់សង្គ្រាមទេ។ ប៉ុន្តែជាការដុតបញ្ឆេះសង្គ្រាមឱ្យផ្ទុះឡើងកាន់តែខ្លាំង។ ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ អ៊ុយក្រែនបាញ់មីស៊ីលអាត់តាខំចេញពីទឹកដីរបស់ខ្លួន (អ៊ុយក្រែន) ចូលទៅក្នុងតំបន់បែលហ្គោរ៉ូត។
ទង្វើរបស់ទីក្រុងកៀវក្រោមការជួយជ្រោមជ្រែងពីក្រុមបស្ចិមប្រទេសនឹងត្រូវយើងវាយបកវិញជាមិនខានឡើយ។ ក្រសួងអះអាងថាមីស៊ីលរបស់អ៊ុយក្រែនវាយប្រហារមិនបានសម្រេចទេព្រោះត្រូវរុស្ស៊ីបាញ់ទម្លាក់។ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីក៏មានសមត្ថភាពខ្លាំងក្លាមិនធម្មតានោះទេ។ អ៊ុយក្រែនបាញ់ស៊ីលអាត់តាខំចូល៨គ្រាប់ រុស្ស៊ីអាចបាញ់ទម្លាក់បានទាំងអស់។
សូមរំលឹកថាកាលពីចុងឆ្នាំ២០២៤ លោកពូទីនធ្លាប់ព្រមានធ្ងន់ៗថារុស្ស៊ីត្រៀមវាយប្រហារសង្គ្រប់ទៅលើទីក្រុងកៀវដោយប្រើប្រាស់មីស៊ីលលឿនជាងសំឡេង ហាយពើសូនិច (hypersonic) ម៉ាកអូរេស្នីក (Oreshnik) បើសិនអ៊ុយក្រែននៅតែមិនព្រមបញ្ឈប់សកម្មភាពបាញ់មីស៊ីលរបស់បស្ចិមប្រទេសចូលជ្រៅៗទៅក្នុងទឹកដីរុស្ស៊ីនោះទេ។
ផ្ទុយពីមីស៊ីលម៉ាកអាត់តាខំដែលរុស្ស៊ីអាចបាញ់ទម្លាក់បាន មីស៊ីលអូរេស្នីកត្រូវលោកពូទីនអះអាងថាទំនើបបំផុតដែលគ្មានប្រព័ន្ធការពាររបស់បស្ចិមប្រទេសណាមួយអាចទប់ទល់បានឡើយ។ នៅសល់តែ២អាទិត្យទៀតប៉ុណ្ណោះ លោកត្រាំនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ គេមិនទាន់ដឹងថាតើលោកត្រាំនឹងប្រកាន់ជំហរបែបណាទេ។ ជាពិសេស ករណីដែលលោកបៃដិនបើកដៃឱ្យអ៊ុយក្រែនបាញ់មីស៊ីលអាត់តាខំ។
ប៉ុន្តែកាលពីពេលកន្លងមក លោកត្រាំប្រកាសមិនគាំទ្រការប្រើមីស៊ីលដ៏គ្រោះថ្នាក់នេះទេ។ លោកចាត់ទុកថាការនេះជាការពង្រីកសង្គ្រាម។ ងាកទៅមើលទិដ្ឋភាពនៅលើសមរភូមិមុខឯណោះវិញ រុស្ស៊ីអះអាងថាខ្លួនដណ្ដើមបានភូមិ១ឈ្មោះណាឌីអ៊ីយ៉ា (Nadiia) ដែលស្ថិតនៅតំបន់លូហ្កាន (Lugansk)។ យោងតាមការវិភាគរបស់អាអែហ្វប៉េ (AFP) គិតតែឆ្នាំ២០២៤មួយប៉ុណ្ណោះ រុស្ស៊ីអាចវាយយកបានជិត៤ពាន់គីឡូម៉ែត្រការ៉េ។
អ៊ុយក្រែន និងរុស្ស៊ីស្លាប់កងទ័ពមិនតិចនាក់នោះទេ។ អ្នកវិភាគបស្ចិមប្រទេសយល់ថារុស្ស៊ីបានបាត់បង់កម្លាំងប្រយុទ្ធ និងសម្ភារៈសឹកច្រើនណាស់។ ប៉ុន្តែពួកគេនៅតែបន្តវាយទៅមុខជានិច្ច។ ចំណែកអ៊ុយក្រែនខ្វះខាតគ្រប់យ៉ាង ទាំងកម្លាំងទ័ព និងសម្ភារៈសឹក។ ពួកគេត្រូវតែប្រើប្រាស់គ្រាប់កាំភ្លើងដោយសន្សំសំចៃ ហើយមិនអាចជ្រើសរើសកងទ័ពថ្មីៗដើម្បីជំនួសយុទ្ធជនដែលបានពលីជីវិត ឬត្រូវរបួសនៅលើសមរភូមិបានឡើយ៕
ចែករំលែកព័តមាននេះ