ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​ជន​ជាតិ​ជប៉ុន​ចាស់​ជាង​គេ​លើ​លោក​​ទទួល​អនិច្ច​កម្ម​ហើយ

2 ថ្ងៃ មុន

ទី​ក្រុង​តូក្យូ៖ សោក​ស្ដាយ​ដែល​សង្ខារ​របស់​មនុស្ស​មិន​ទៀង។​​ កើត​ ចាស់​ ជរា​ ព្យាធិ និង​មរណៈ​តែង​តែ​កើត​មាន​ចំពោះ​បុគ្គល​គ្រប់​រូប​ គ្មាន​នរណា​អាច​គេច​ផុត​បាន​ឡើយ​។ ថ្មី​ៗ​នេះ លោក​យាយ​ជន​ជាតិ​​ជប៉ុន​ដែល​ជាប់​ឈ្មោះ​​ជា​ស្ត្រី​​ដែល​មាន​​​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក​នោះ​​បាន​ទទួល​អនិច្ច​កម្ម​ហើយ​នៅ​ក្នុង​ជន្មា​យុ​១១៦​ឆ្នាំ​ដោយ​ជរាពាធ…

ទី​ក្រុង​តូក្យូ៖ សោក​ស្ដាយ​ដែល​សង្ខារ​របស់​មនុស្ស​មិន​ទៀង។​​ កើត​ ចាស់​ ជរា​ ព្យាធិ និង​មរណៈ​តែង​តែ​កើត​មាន​ចំពោះ​បុគ្គល​គ្រប់​រូប​ គ្មាន​នរណា​អាច​គេច​ផុត​បាន​ឡើយ​។ ថ្មី​ៗ​នេះ លោក​យាយ​ជន​ជាតិ​​ជប៉ុន​ដែល​ជាប់​ឈ្មោះ​​ជា​ស្ត្រី​​ដែល​មាន​​​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក​នោះ​​បាន​ទទួល​អនិច្ច​កម្ម​ហើយ​នៅ​ក្នុង​ជន្មា​យុ​១១៦​ឆ្នាំ​ដោយ​ជរាពាធ និង​រោគា​ពាធ​។​

លោក​យាយ​តូមីកូ អ៊ីទូកា​ (Tomiko Itooka) ស្លាប់​កាល​ពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៤​ នៅ​ក្នុង​គេហ​ដ្ឋាន​របស់​គាត់​ឯ​ទី​ក្រុង​អាស៊ី​យ៉ា​ ខេត្ត​សូអូហ្គោ (Ashiya, Hyōgo)​។ នេះ​បើ​យោង​តាមមន្ត្រី​​រដ្ឋា​ភិបាល​ម្នាក់​ដែល​ទទួល​បន្ទុក​ខាង​មើល​ថែ​ទាំ​លោក​យាយ​។ លោក​យាយ​អ៊ីទូកា​ដែល​និយម​​ចូល​ចិត្ត​ពិសា​ចេក​ទុំ​ និង​ភេជ្ជៈ​រស​ជាតិ​ទឹក​ដោះ​គោ​ជូរ (យ៉ា​អួរ) តាម​បែប​ជប៉ុន​​នោះ​បាន​ចាប់​កំណើត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​១៩០៨​។

​ក្រោយ​មរណ​ភាព​របស់​លោក​យាយ​​ជន​ជាតិ​​អាមេរិក​​អាយុ​១១៧​ឆ្នាំ​​​កាល​ពី​ឆ្នាំ​២០២៤ លោក​យាយ​ជន​ជាតិ​ជប៉ុន​រូប​នេះបន្ត​គ្រប់​គ្រង​តំណែង​ជើង​ឯក​ខាង​អាយុ​វែង​នៅ​លើ​ពិភព​លោក​វិញ​ម្ដង​​។ ​ចាប់​កំណើត​នៅ​ទី​ក្រុង​អូសាកា លោក​យាយ​អ៊ីទូកា​ជា​កីឡាការនី​បាល់​ទះ​នៅ​មធ្យម​សិក្សា​ និង​ជា​មនុស្ស​មាន​ចិត្ត​អំណរ​ជា​និច្ច​។ ​លោក​យាយ​ធ្លាប់​ដើរ​ឡើង​ភ្នំ​អុន​តា​កិ (Ontake) ដែល​មាន​កម្ពស់​៣០៦៧​​ម៉ែត្រ​ចំនួន​២​ដង​។

លោក​យាយ​រៀប​ការ​នៅ​អាយុ​២០​ឆ្នាំ​ និង​មាន​កូន​ប្រុស​២​នាក់ កូន​​ស្រី​២​នាក់​ជា​ចំណង​ដៃ​អាពាហ៍​ពិពាហ៍​។ លោក​យាយ​ជា​អ្នក​រៀប​ចំ​ចាត់​ចែង​កន្លែង​ធ្វើ​ការ​របស់​ស្វាមី​នៅ​ក្នុង​រោង​ចក្រ​តម្បាញ​​កាល​ពី​​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ​។ ក្រោយ​ពេល​ស្វាមី​ស្លាប់​កាល​ពី​ឆ្នាំ​១៩៧៩​ លោក​យាយ​រស់​នៅ​តែ​ម្នាក់​ឯង​គត់​។​

នៅ​ពេល​ស្លាប់​ទៅ លោក​យាយ​បន្សល់​ទុក​​កូន​ប្រុស​ម្នាក់, ​កូន​ស្រី​ម្នាក់​ និង​ចៅ​​​​៥​នាក់​។ ក្រុម​គ្រួសារ​បាន​រៀប​ចំ​ពិធី​បុណ្យ​សព​ជូន​លោក​យាយ​ទៅ​តាម​ទំនៀម​ទម្លាប់​របស់​ជប៉ុន​ដោយ​មាន​​​មិត្ត​ភក្តិ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ចូល​រួម​យ៉ាង​អធិក​អធម​។ លោក​យាយ​អ៊ីទូកា​បាន​ហែល​ឆ្លង​ឆាក​ជីវិត​ដ៏​សម្បូរ​បែប​នៅ​ក្នុង​សង្គម និង​ឆ្លង​កាត់​សង្គ្រាម​ពិភព​លោក​រហូត​ដល់​ទៅ​២​ដង​។

លោក​យាយ​​មាន​ថាម​ពល​ខ្លាំង​ក្លា​អាច​​ចាក​ផុត​ពី​ការ​​យា​យី​នៃ​ជំងឺ​កូវីដ​១៩​។ ជា​ទូទៅ​ គេ​សង្កេត​ឃើញថា​ស្ត្រី​ជនជាតិ​ជប៉ុន​ច្រើន​មាន​អាយុ​​​​វែង​​​​មែន​ទែន​រហូត​ដល់​១០០​ឆ្នាំ ឬ​ជាង​១០០​ឆ្នាំ​។ ​​ជប៉ុន​ក៏​មិន​ខុស​ពី​កូរ៉េ​ខាង​ត្បូង​នោះ​ទេ​កំពុង​ជួប​នឹង​បញ្ហា​ប្រជា​សាស្ត្រ​ឡើង​ចុះ​មិន​ស្មើ​គ្នា​។ ពោល​គឺ​អត្រា​កំណើត​ទារក​ប្រចាំ​ឆ្នាំ​​មាន​កម្រិត​ទាប​បំផុត​គួរ​ឱ្យ​ព្រួយ​បារម្ភ​​។​ ឥឡូវ​នេះ អ្នក​គ្រប់​គ្រង​តំណែង​ជើង​ឯក​ពិភព​លោក​ខាង​អាយុ​វែង​បំផុត​បាន​ទៅ​លើ​លោក​យាយ​ជន​ជាតិ​ប្រេ​ស៊ីល​អាយុ​១១៦​ឆ្នាំ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ