ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូរ៉េ​ខាង​ត្បូង​ស្នើ​ឱ្យ​ប្រធានា​ធិបតី​ស្ដី​ទី​សហ​ការ​ចាប់​លោក​យូន​ស៊ុក​យូល

2 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ សមត្ថ​កិច្ច​​​កូរ៉េ​ខាង​ត្បូង​កំពុង​ស្នើ​សុំ​ទៅ​ប្រធានា​ធិបតី​ស្ដីទី​ លោក​ឆយ​សាង​ម៉ុក (Choi Sang-mok) ដើម្បី​​​សហ​ការ​នៅ​ក្នុង​ការ​ចាប់​ខ្លួន​ប្រធានា​ធិបតី​យូ​ន​ស៊ុក​យូល​យក​ទៅ​ឃុំ​ឃាំង​​ និង​រង់​ចាំ​សេច​ក្ដី​​សម្រេច​របស់​តុលាការ​។ សូម​ជម្រប​ថា​លោក​យូន​ស៊ុក​យូល​សព្វ​ថ្ងៃ​នេះ​កំពុង​មាន​ក្ដី​ក្ដាំ​នៅ​តុលាការ​ធម្ម​នុញ្ញ​ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​ថា​ត្រូវ​ដក​តំណែង​របស់​លោក​ស្ថា​ពរ​​ ឬ​យ៉ាង​ណា​នៅ​ក្នុង​សំណុំ​រឿង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​។ ​ក្រៅ​ពី​នេះ…

ទី​ក្រុង​សេអ៊ូល៖ សមត្ថ​កិច្ច​​​កូរ៉េ​ខាង​ត្បូង​កំពុង​ស្នើ​សុំ​ទៅ​ប្រធានា​ធិបតី​ស្ដីទី​ លោក​ឆយ​សាង​ម៉ុក (Choi Sang-mok) ដើម្បី​​​សហ​ការ​នៅ​ក្នុង​ការ​ចាប់​ខ្លួន​ប្រធានា​ធិបតី​យូ​ន​ស៊ុក​យូល​យក​ទៅ​ឃុំ​ឃាំង​​ និង​រង់​ចាំ​សេច​ក្ដី​​សម្រេច​របស់​តុលាការ​។ សូម​ជម្រប​ថា​លោក​យូន​ស៊ុក​យូល​សព្វ​ថ្ងៃ​នេះ​កំពុង​មាន​ក្ដី​ក្ដាំ​នៅ​តុលាការ​ធម្ម​នុញ្ញ​ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​ថា​ត្រូវ​ដក​តំណែង​របស់​លោក​ស្ថា​ពរ​​ ឬ​យ៉ាង​ណា​នៅ​ក្នុង​សំណុំ​រឿង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​។

​ក្រៅ​ពី​នេះ លោក​ក៏​ប្រឈម​នឹង​ការ​កាត់​ទោស​នៅ​តុលាការ​ព្រហ្ម​ទណ្ឌ​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​ច្បាប់​​អាជ្ញា​សឹក​​ដូច​គ្នា​។ បើ​តុលាការ​រក​ឃើញ​ថា​លោក​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន​ លោក​ប្រឈម​នឹង​ទោស​ធ្ងន់​ណាស់​ព្រោះ​ជា​ទោស​កំហុស​ក្បត់​ជាតិ និង​រំលោភ​អំណាច​។​ នៅ​ថ្ងៃ​សៅរ៍ សមត្ថ​កិច្ច​ស្នើ​សុំ​ឱ្យ​លោក​ឆយ​សាង​ម៉ុក​ចេញ​បញ្ជា​ទៅ​កង​អង្គ​រក្ស និង​​កង​សន្តិ​សុខ​ការ​ពារ​លោក​យូន​ស៊ុក​យូល​ត្រូវ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ដើម្បី​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​។

ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នគរ​បាល​ និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងៃ​សុក្រ​បាន​នាំ​កម្លាំង​ប្រមាណ​៨០​នាក់​ដើម្បី​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​។ ប៉ុន្តែ​ពួក​គេ​ប្រឈម​នឹង​ការ​ប្រទាំង​ប្រទើស​គ្នា​ជា​មួយ​អ្នក​គាំទ្រ​ និង​កង​ការ​ពារ​​របស់​លោក​យូន​ស៊ុក​យូល​​​។ កាល​ពី​ថ្ងៃ​សុក្រ គេ​ឃើញ​ថា​កង​​អង្គរក្ស​ និង​ទាហាន​របស់​លោក​យូន​ស៊ុក​យូល​បាន​រា​រាំង​មិន​ឱ្យ​​រដ្ឋ​អាជ្ញា​ចូល​ចាប់​ខ្លួន​ទេ​។ ​ភាគី​ទាំង​២​ប្រទាំង​ប្រទើស​គ្នា​រយៈ​ពេល​ជាង​៦​ម៉ោង។​​

នៅ​ទី​បញ្ចប់​ សមត្ថ​កិច្ច​ក៏​ប្រកាស​កាត់​រំសាយ​ផែន​ការ​ចាប់​ខ្លួន​នោះ​វិញ​ព្រោះ​ពួក​គេ​មិន​ចង់​ឱ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា​។ បើ​ផ្ទុះ​អាវុធ​ដល់​ស្លាប់​មនុស្ស​នាំ​ឱ្យ​មាន​រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ​។ ម៉្លោះ​ហើយ​ ពួក​គេ​ក៏​ដក​ខ្លួន​ថយ​ទៅ​វិញ​។ ប៉ុន្តែ​ពួក​គេ​បញ្ជា​ក់​ថា​​រឿង​​មិន​ទាន់​បញ្ចប់​​ត្រឹម​នេះ​ទេ​។ ពួក​គេ​នឹង​ព្យាយាម​ចាប់​ខ្លួន​លោកយូន​ស៊ុក​យូល​ឱ្យ​ខាង​តែ​បាន​។ ចំពោះ​ដីកា​របស់​តុ​លា​ការ​ដែល​នឹង​ផុត​​កំណត់​ត្រឹម​​ថ្ងៃ​ទី​៦ ខែមករា​នោះ​ ពួក​គេ​នឹង​ស្នើ​សុំ​បន្ត​សុពល​ភាព​ឡើង​វិញ​។

​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ទទួល​បន្ទុក​សំណុំ​រឿង​ចាប់​ខ្លួន​នេះ​ថ្លែង​ថា​​ខ្លួន​បាន​បញ្ជូន​សំណើ​ទៅ​លោ​កឆយ​សាង​ម៉ុក​រួច​ហើយ​ដើម្បី​ឱ្យ​លោក​ចេញ​បញ្ជា​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​យុន​ហាប់​របស់​កូរ៉េ​ខាង​ត្បូង​ចុះ​ផ្សាយ​ថា​នគរ​បាល​បាន​​កោះ​ហៅ​​ប្រធាន​កង​អង្គ​រក្ស​​របស់​​លោក​យូន​ស៊ុក​យូល​​​​​ដើម្បី​ចូល​ខ្លួន​​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ