ទីក្រុងប៉េកាំង៖ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍ឆេះផ្សារលក់ឥវ៉ាន់មួយកន្លែងនៅទីក្រុងសាងជាគូ (Zhangjiakou) ខេត្តហឺប៉ី (Hebei) ប្រទេសចិនបានកើនឡើងដល់៨នាក់ហើយ ខណៈដែលមនុស្ស១៥នាក់ទៀតរងរបួស។ ខាងលើនេះជាការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់អាជ្ញាធរមូលដ្ឋាន។
សាក្សីនិយាយថាអគ្គិភ័យចាប់ផ្ដើមឆាបឆេះនៅម៉ោង៨:៤០ព្រឹកនៅទីផ្សារលក់បន្លែ និងទំនិញសំខាន់ៗដទៃទៀតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ភ្នាក់ងារពន្លត់អគ្គិភ័យក៏ប្រញាប់ចុះធ្វើអន្តរាគមន៍ រួមទាំងភ្នាក់ងារសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាលផងដែរ។ រហូតដល់ម៉ោង១០:១០ព្រឹកថ្ងៃដដែលនេះទើបភ្លើងរលត់ទៅវិញ។
អាជ្ញាធរ និងក្រុមអ្នកជួយសង្គ្រោះប្រមូលសាកសពជនរងគ្រោះ និងអ្នករបួសចេញពីកន្លែងឆេះនោះចប់សព្វគ្រប់នៅវេលាថ្ងៃត្រង់។ ក្រោយពេលបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ អ្នករបួសបានគ្រាន់បើជាងមុន និងមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតទេ។ ទូរទស្សន៍ជាផ្លូវការរបស់ចិនផ្សាយថាអាជ្ញាធរកំពុងស្រាវជ្រាវរកមូលហេតុនៃការឆេះនេះហើយ។
តាមរយៈវីឌីអូឃ្លីបដែលគេបង្ហោះនៅលើបណ្ដាញសង្គមវេប៉ូ (Weibo) គេឃើញផ្សារលក់ឥវ៉ាន់នេះឆាបឆេះនៅក្នុងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ និងឃើញផ្សែងខ្មៅងងឹតហុយទ្រលោមទៅលើអាកាស។ មើលទៅគួរឱ្យព្រឺព្រួចជាពន់ពេក។ ផ្សារលក់បន្លែមួយកន្លែងនេះបើកដំណើរការដំបូងកាលពីឆ្នាំ២០១១។
របស់របរលក់នៅទីនេះមានដូចជាផ្លែឈើ, គ្រឿងសមុទ្រ និងគ្រឿងអគ្គិសនី។ នៅក្នុងទីផ្សារបែបបុរាណបែបនេះពោរពេញដោយសភាពចង្អៀតខ្លាំងដោយសារមនុស្សចូលចិត្តទៅទិញឥវ៉ាន់នៅកន្លែងបែបនេះព្រោះរបស់របរលក់ធូរថ្លៃជាងផ្សារសម័យទំនើប៕
ចែករំលែកព័តមាននេះ