រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ។
បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២រូប រួមមាន ៖ ទី១-ឈ្មោះ អ.ណ.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល និងទី២-ឈ្មោះ ផ.ស.ជ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ ជាអ្នកណែនាំឱ្យជនរងគ្រោះចុះឈ្មោះ និងធ្វើការទទួលប្រាក់-ផ្ទេរប្រាក់តាមបញ្ជារបស់មេខ្លោង ដែលមិនស្គាល់អត្តសញ្ញាណ ហើយខ្លួនក៏បានទទួលផលពីបទល្មើសនេះដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ ។
នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រយ័ត្ន ពីការអូសទាញរបស់ជនអនាមិក ក្នុងការវិនិយោគតាមប្រព័ន្ធអនឡាញដោយសន្យា នឹងទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី និងការប្រើប្រាស់គណនីធនាគារ ដែលជាអត្តសញ្ញាណរបស់ខ្លួន ដើម្បីទទួល-ផ្ទេរប្រាក់ ដែលមិនមានប្រភពច្បាស់លាស់ ដោយទទួលបានប្រាក់កម្រៃពីអំពើនោះ វាគឺជាចំណែក នៃការចូលរួមប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕
ចែករំលែកព័តមាននេះ