ប្រទេសជប៉ុនប្រារព្ធខួប១ឆ្នាំនៃការប៉ះទង្គិចគ្នារវាងយន្តហោះ Japan Airlines ជាមួយយន្តហោះឆ្មាំសមុទ្រ កណ្តាលទីក្រុងតូក្យូ និងខួប១ឆ្នាំ នៃគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារឧបទ្វីប Noto ។
ថ្ងៃទី២ មករា ឆ្នាំ២០២៤ ដល់០២ មករា ២០២៥ គឺមានរយៈពេល១ឆ្នាំគត់នៃឧបទ្ទវហេតុដ៏រន្ធត់ ដែលបណ្តាលមកពី យន្តហោះដឹកអ្នកដំណើរ Airbus A350 ជើងហោះហើរ 516 របស់ក្រុមហ៊ុន Japan Airlines បានបើកបុកគ្នាជាមួយ យន្តហោះឆ្មាំសមុទ្រ នៅលើផ្លូវរត់ក្នុងអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបង្កឱ្យយន្តហោះផ្ទុះឆេះ សម្លាប់ឆ្មាំសមុទ្រជប៉ុន ៥នាក់ ខណៈដែលមនុស្សទាំងអស់នៅលើយន្តហោះ Airbus ទាំង ៣៧៩នាក់បានជម្លៀសយករួចខ្លួន ទាំងព្រលឹងចុងសក់ ចេញពីអណ្តាតភ្លើងដ័សន្ធោសន្ធៅ។
ទីភ្នាក់ងារសារព័ត៌មានជប៉ុន KYODO បានចុះផ្សាយកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ថា ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍បានប្រារព្ធខួបមួយឆ្នាំចាប់តាំងពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរនៅអាកាសយានដ្ឋាន Haneda រវាងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ដែលចុះចត និងយន្តហោះឆ្មាំឆ្នេរសមុទ្រ ដែលកំពុងតែត្រូវបានសណ្តោងចូលទៅលើផ្លូវត់ដើម្បីហោះឡើង។
ឧបទ្ទវហេតុនេះ បានសម្លាប់មនុស្ស ៥ នាក់ក្នុងចំណោម ៦នាក់នៅលើយន្តហោះ Bombardier DHC-8-300 របស់ឆ្មាំឆ្នេរសមុទ្រជប៉ុន ខណៈដែលអ្នកដំណើរ ទាំងបុគ្គលិកបម្រើការ និងអ្នកបើកយន្តហោះដែលជិះលើយន្តហោះ ៣៧៩នាក់នៅលើយន្តហោះរបស់ក្រុមហ៊ុន Japan Airlines បានរងរបួសតិចតួចតែប៉ុណ្ណោះ។
យន្តហោះឆ្មាំឆ្នេរសមុទ្រត្រូវបានគេរាយការណ៍ថា គ្រោងនឹងហោះហើរចេញពីទីក្រុងតូក្យូឆ្ពោះទៅកាន់ខេត្ត Niigata ដើម្បីផ្តល់ជំនួយសង្គ្រោះដល់ប្រជាជនដែលរងគ្រោះដោយការរញ្ជួយដីកម្រិត 7.6 ដែលបានវាយប្រហារឧបទ្វីប Noto ក្នុងខេត្ត Ishikawa និងតំបន់ជុំវិញនៅឆ្នេរសមុទ្រជប៉ុនកាលរាត្រីឆ្លងឆ្នាំសកល ២០២៣ ឈានចូល ២០២៤។
ក្រៅពីប្រារព្ធខួប ១ឆ្នាំនៃគ្រោះថ្នាក់យន្តហោះ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ប្រទេសជប៉ុនក៏បានប្រារព្ធខួបមួយឆ្នាំ និងរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នៅភាគកណ្តាលប្រទេសជប៉ុន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥០០នាក់បានស្លាប់ និងបណ្តាលឱ្យផ្ទះជាង ១៥ម៉ឺនខ្នងដួលរលំនៅទូទាំងខេត្ត Ishikawa, Niigata, Toyama និង Fukui ។ រដ្ឋបាលខេត្ត Ishikawa បានរៀបចំពិធីមួយនៅទីក្រុង Wajima ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយការរញ្ជួយដី ដើម្បីផ្តល់ការរំលែកទុក្ខដល់ជនរងគ្រោះ និងសន្យាកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ពន្ធ័ឡើងវិញអោយបានរួចរាល់ក្នុងពេលឆាប់ៗ។
នាយករដ្ឋមន្ត្រី Shigeru Ishiba បាននិយាយនៅក្នុងពិធីនោះថា “នៅមានបញ្ហាប្រឈមជាច្រើនដែលនៅសេសសល់ តែលោកនឹងខិតខំប្រឹងប្រែងជួសជុល និងការកសាងឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះវាជាវិធីមួយដែលនឹងធ្វើឱ្យព្រលឹងនជនរងគ្រោះបានស្ងប់សុខ។
គួរកត់សម្គាល់ថា តំបន់ខាងលើក៏បន្តរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់កាលពីខែកញ្ញា ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយការរញ្ជួយដី ខណៈមកទល់ពេលនេះ មនុស្សជាង២ម៉ឺននាក់នៅតែបន្តស្នាក់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នដែលបង្កើតឡើងដោយរដ្ឋាភិបាល ហើយក្រោយពីហេតុការណ៍រញ្ជួយដី អ្នកស្រុកដែលផលប៉ះពាល់ បានបន្តបាត់បង់ជីវិតបន្ថែម ប្រមាណជាង២០០នាក់ទៀត ដោយសារបញ្ហានានា ដែលបន្សល់ទុកពីគ្រោះមហន្តរាយខាងលើ៕
ចែករំលែកព័តមាននេះ