ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​តន្ត្រីករ​ម្នាក់ ផឹកស៊ី​ស្រវឹង​វាយ​ឪពុក​ម្ដាយ​រង​របួសធ្ងន់ នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ

2 ថ្ងៃ មុន

ខេត្តកំពង់ធំ ៖ តន្ត្រីករ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង បាន​វាយ​ទៅ​លើ​ឪពុក​ម្ដាយ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ កាលពី​យប់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥…

ខេត្តកំពង់ធំ ៖ តន្ត្រីករ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង បាន​វាយ​ទៅ​លើ​ឪពុក​ម្ដាយ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ កាលពី​យប់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​អូរ​ធំ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

លោក​ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ មក​រា ២០២៥​នេះ ជន​បង្ក​ឈ្មោះ រ៉េ​ត រាត្រី អាយុ​២៧​ឆ្នាំ ជា​តន្ត្រីករ បាន​ប្រើប្រាស់​ហិ​.​ង្សា​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ឪពុក​ម្ដាយ នៅ​ពេល​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ប៉ុន្តែ​តន្ត្រីករ​រូប​នេះ មិន​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​នោះ​ទេ ។

លោក​ឧត្តមសេនីយ៍ទោ ហេង សុផល បន្ត​ថា ជន​រង​គ្រោះជា​ឪពុក មានឈ្មោះ សេង សា​រឿ​ន អាយុ​៥៩​ឆ្នាំ ត្រូវ​របួស​ចំ​ផ្ទៃមុខ ខាងលើ​ចិញ្ចើម​ឆ្វេង និង​ក្រោម​ភ្នែក​ឆ្វេង និង​ជន​រង​គ្រោះជា​ម្ដាយ មានឈ្មោះ ពេ​ជ សោភា អាយុ​៥៨​ឆ្នាំ រង​របួស​ក្បាល និង​បាក់ដៃ​ទាំង​សងខាង ។

លោកស្នងការ បាន​បន្ត​ទៀត​ថា ដើមចម ដែល​នាំ​ឲ្យ​តន្ត្រីករ​រូប​នេះ វាយ​លើ​ឪពុក​ម្ដាយបង្កើត ដោយសារ​នៅ​ថ្ងៃ​កើតហេតុ​រូបគេ​ស្រវឹង​ជោគ​ជាំ ហើយ​ពេល​នោះ ម្ដាយ​ស្ដីបន្ទោស​រឿង​មក​ពី​ផឹកស៊ី​ស្រវឹង ទើប​ខឹង​តមាត់​ជាមួយ​ម្ដាយ ។ ហើយ​នៅ​ពេល​នោះ​ដែរ ឪពុក​បាន​ជេរ​ស្ដី​បន្ថែម និង​វាយ​មួយ​ដៃ ទើប​កូនប្រុស​រូប​នេះ ស្ទុះ​ទៅ​វាយ​ឪពុក​ចំ​មុខ​បណ្ដាល​ឲ្យ​ដួល ហើយ​ម្ដាយ​បាន​ទៅ​ជួយ ស្រាប់តែ​កូនប្រុស​វាយ​ម្ដាយ​បន្ថែម​ទៀត បណ្ដាល​ឲ្យ​បាក់ដៃ​ទាំង​ពីរ តែ​ម្តង ។

លោកស្នងការ បញ្ជាក់​ថា ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្ដរាគមន៍ និង​ចាប់ខ្លួន​ជន​បង្ក​ភ្លាម​ៗ​បញ្ជូន​ទៅ​ធ្វើការ​សួរនាំ​។ ដោយឡែក ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

លោកស្នងការ បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ជន​បង្ក សមត្ថកិច្ច​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​បញ្ជូន​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ពី​បទ ហិ​.​ង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ។

លុះ​ព្រឹក​ឡើង លោក​ឧត្តមសេនីយ៍ទោ ហេង សុផល បាន​បញ្ជា​ឲ្យ​លោកស្នងការ​រង ចុះ​ទៅ​ធ្វើការ​សួរសុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​របស់​ជន​រង​គ្រោះ​ផង​ដែរ នៅ​មន្ទីរពេទ្យ ប៉ុន្ដែ​ត្រូវ​បាន​ក្រុម​គ្រួសារ បញ្ជូន​បន្ត​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ