ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានបាត់ខ្លួនរយៈពេល៣០ថ្ងៃ ដោយក្រុមគ្រួសាររកមិនឃើញ បើទោះបីដាក់កម្លាំងរុករក និងប្រើវិធីតាមបែបអបិយជំនឿ បន់ស្រន់ ដូចដែលធ្លាប់បានធ្វើកន្លងមក ក៏នៅតែរកមិនឃើញ។ ទើបនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរឃុំពោ ស្រុកកំពង់លែង បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះរុករកជាថ្មីម្ដងទៀត ។
លោក ប៊ុត សប្បាយ មេឃុំពោធិ៍បានបញ្ជាក់ថា ស្ត្រីដែលបានបាត់ខ្លួនមានឈ្មោះ ឯក ឡូត អាយុ៤៣ ឆ្នាំ មានកូន៣នាក់ និងមានទីលំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង បានបាត់ខ្លួនកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៥ ខែមករានេះ គឺមានរយៈពេលមួយខែហើយ ។ ក្រុមគ្រួសារនិងអ្នកភូមិដើរ ព្យាយាមលើកកម្លាំងគ្នាដើររក រួមនិងប្រើពិធីតាមបែបអបិយជំនឿដោយលេងភ្លេងពិណពាទ្យ ថ្វាយអ្នកតាម្ចាស់ស្រុក យ៉ាងណាក្តីក៏នៅតែមិនឃើញ ។
លោកមេឃុំពោធិ៍បានបញ្ជាក់ថា កន្លងមក ស្ត្រីរូបនោះធ្លាប់បាត់ខ្លួន២លើករួចមកហើយ ដោយលើកទីមួយ ដូចមានបារមីសណ្ឋិតហើយរត់ចូលព្រៃជិតភ្នំសំរង បាត់ខ្លួនរយៈពេល៧ថ្ងៃ ។ លើកទី២ រត់ចូលព្រៃបាត់ខ្លួន១៤ថ្ងៃទើបរកឃើញវិញ ការរកឃើញវិញក៏ដោយសារតែកាលនោះធ្លាប់លេងភ្លេងពិណពាទ្យថ្វាយអ្នកតាម្ចាស់ស្រុក ។
ប៉ុន្តែពេលបាត់ខ្លួនលើកទី៣នេះ ទោះបីលេងភ្លេងពិណពាទ្យថ្វាយម្ចាស់ស្រុក ដូចធ្លាប់ថ្វាយកន្លងមក យ៉ាងណាក្តី ក៏នៅមិនទាន់រកឃើញនៅឡើយដែរ ។ ហើយសម្រាប់ថ្ងៃទី០៥ ខែមករាឆ្នាំ ២០២៥ នេះបានដាក់កម្លាំងប្រជាពលរដ្ឋ ប្រជាការពារប្រមាណ៣០នាក់ បានចេញរកជាថ្មីនៅតែមិនប្រទះឃើញនៅឡើយ ។ ថ្ងៃនេះផងដែរ ក្នុងនាម អាជ្ញាធរឃុំសូមស្នើដល់កម្លាំងសមត្ថកិច្ចស្រុក-ខេត្តជួយដាក់កម្លាំងជួយរុករកស្ត្រីម្នាក់នោះឲ្យបានឃើញផង។
បើតាមប្រជាពលរដ្ឋដែលមានជំនឿស៊ប់ទៅលើអាប៉ីជំនឿថា នៅតំបន់នោះថា ជើងភ្នំសំរង មានបារមីស័ក្តិសិទ្ធិកាន់ ហើយការបាត់ខ្លួនរបស់ស្ត្រីខាងលើអាចពាក់ព័ន្ធក្នុងជំនឿថា មានអ្នកចូលមកសណ្ឋិតយករូបគាត់ឲ្យចូលក្នុងព្រៃ ព្រោះកន្លងមកធ្លាប់បាត់ពី៧ថ្ងៃទៅជាង១០ថ្ងៃពេលឃើញវិញនៅតែឃើញសុខភាពធម្មតា ៕
ចែករំលែកព័តមាននេះ