រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថបានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីមន្ត្រីនគរបាលយុត្តិធម៌បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប ។
កងរាជរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវទិសស្លោក «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»ហើយយោធិននៃកងរាជអាវុធហត្ថត្រូវតែបានអប់រំ និងត្រូវតែអនុវត្តទិសស្លោកនេះ ឱ្យខ្ជាប់ខ្ជួន ដើម្បីជាគំរូក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ប្រសិនបើបុគ្គលណាមិនគោរព ត្រូវតែទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។
ជាក់ស្តែង កងរាជអាវុធហត្ថបានធ្វើការស៊ើបអង្កេតស្រាវជ្រាវរកឃើញបុគ្គលពាក់ព័ន្ធនឹងបទល្មើសឃាតកម្ម និងបទល្មើសគ្រឿងញៀនចំនួន៤នាក់ ហើយតាមការស្តាប់ចម្លើយជនសង្ស័យទាំងនោះ ក៏ឈានដល់ឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន២រូប ដែលពាក់ព័ន្ធនឹងអំពើស៊ីសំណូក និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត ។
ហើយដែលកងរាជអាវុធហត្ថអនុវត្តតាមទិសស្លោក បើមិនគោរពច្បាប់ ប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់ មិនមានការយល់យោគទេ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៦ មករា ឆ្នាំ២០២៥ បានលើកឡើងថា យោងសេចក្តីរាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល អំពីការស្រាវជ្រាវស៊ើបអង្កេតករណីឃាតកម្ម និងបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្តនៅខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តតាកែវ, ព្រមទាំងឈានដល់ការ ឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប៖ ២រូបបញ្ជូនទៅអង្គភាព ប្រឆាំងអំពើពុករលួយ និង១រូបទៀត បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្មតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ។
ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស៊ើបអង្កេតករណីឃាតកម្មនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ពាក់ព័ន្ធ នឹងការធ្វើទារុណកម្ម អំពើឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធនឹងអំពើចែកចាយជួញដូរគ្រឿងញៀនដោយខុសច្បាប់ ។
អ្នកនាំពាក្យបានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល បានចាប់យកវត្ថុតាងគ្រឿងញៀនចំនួនប្រមាណ៧គីឡូក្រាម, អាវុធវែងកែច្នៃចំនួន១ដើម, អាវុធខ្លី ចំនួន១ដើម, កាំភ្លើងបាញ់សត្វចំនួន១ដើម, សម្ភារពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន និងជនសង្ស័យទាំង៤នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ។
ប្រភពបានលើកឡើងទៀតថា ដោយផ្អែកលើការស្រាវជ្រាវ និងស្តាប់ចម្លើយជនសង្ស័យ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ បានសុំគោលការណ៍ដឹកនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបន្តអនុវត្តនីតិវិធី ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ធ្វើការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប ។
អ្នកនាំពាក្យបានបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យ និងផ្អែកតាមឯកសារភស្តុតាងមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ចំពោះឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ មិនមានពាក់ ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បាន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម៕
ចែករំលែកព័តមាននេះ