ខេត្តកំពង់ធំ ៖ មានករណីអំពើហិង្សាក្នុងគ្រួសារមួយ ដែលបង្កឡើងដោយកូនប្រុសម្នាក់វាយឪពុកម្តាយបង្កើត បណ្តាលឱ្យរងបួសធ្ងន់ បន្ទាប់ពីជនសង្ស័យជាកូនខឹងឪពុកម្តាយស្តីបន្ទោស ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមប្រភពព័ត៍មានពីលោកស្រីឧត្តមសេនីយត្រី កង កូយ ស្នងការរងខេត្តកំពង់ធំ ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនឹងការពារអនីតិជន នឹងការងារយេនឌ័រ បានអោយដឹងកាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះថា ដោយបានទទួលបទបញ្ជាពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តផងនោះ លោកស្រីនិងមន្ត្រីក្មឱវាទបានធ្វើការសួរនាំអំពីករណីហិង្សាខាងលើ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ រ៉េត រាត្រី ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកតន្ត្រីករសម័យកាន់ហ្គីតាសូឡូនៅក្នុងក្រុមតន្ត្រីថៃហ្គឺប៊យ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូឃ្មុំ ។ ជនសង្ស័យធ្លាប់មានប្រពន្ធដែរ តែបានលែងលះគ្នាជាយូរឆ្នាំមកហើយ ។
ចំណែកជនរងគ្រោះជាម្តាយឈ្មោះ ពេជ សោភា អាយុ៥៨ឆ្នាំ រងរបួសចំលើក្បាល១កែន្លងនិងបាក់ដើមដៃទាំងពីរ ចំណែកជនរងគ្រោះជាឪពុកបង្កើតឈ្មោះ សេង សារឿន អាយុ៥៩ឆ្នាំ របួសចំមុខលើចិញ្ចើមឆ្វេង១កន្លែង និងក្រោមភ្នែកឆ្វេង១កន្លែង ។
លោកស្រីស្នងការងបន្តថា!យោងតាមការស្រាវជ្រាវនិងសាកសួរ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានមកពីផឹកស្រាស្រវឹងជោគជាំ លុះពេលត្រឡប់មកផ្ទះវិញ ម្តាយឃើញអាការៈកូនដូច្នោះគាត់ក៏បានស្តីបន្ទោសអោយ ហើយក៏ប្រាប់ឲ្យឆាប់ចូលទៅដេកទៅ ដែលជាហេតុនាំអោយជនសង្ស័យខឹងនឹងម្តាយ ហើយក៌បានតមាត់និងរករឿងជាមួយម្តាយថែមទៀតផង ។
តាមប្រភពដដែលបានបន្តថា ពេលឃើញសភាពកូនប្រុសហ៊ានតមាត់នឹងម្តាយបែបនេះ ខណៈនោះជនរងគ្រោះជាឪពុក ឈ្មោះ សេង សារឿន មានការខឹងសម្បារនឹងកូន ក៏បានជួយជេរស្តីបន្ថែមទៀត ដោយខឹងពេក គាត់ក៏បានវាយកូនប្រុសដែលជាជនសង្ស័យ១ដៃ ។ ពេលនោះជនសង្ស័យដោយសារតែស្រាចូលខ្លួន ក៏វាយឪពុកវិញនឹងដៃ ចំមុខដួលទៅលើដី ភ្លាមនោះជនសង្ស័យក៏ស្ទុះទៅយកកុងទ័រភ្លើង ដែលនៅក្បែរនោះ មកបោកសំដៅក្បាលឪពុក តែម្តាយឃើញទាន់ក៏ចូលទៅអោបពីលើប្តី ក៏បណ្តាលឱ្យស្ត្រីជាម្តាយត្រូវចំក្បាលរងរបួស រួចហើយជនសង្ស័យបានយកឈើជ្រុងមកវាយជនរងគ្រោះជាម្តាយថែមទៀត បណ្តាលឲ្យចំដៃបាក់ទាំងសងខាងតែម្តង ។
ក្រោយពីកើតហេតុ ជនសង្ស័យក៏ត្រូវបានឃាត់ខ្លួន ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យខេត្តកំពង់ចាម ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានវាយទៅលើឪពុកម្តាយបង្កើតទាំងពីរប្រាកដមែន ដោយសារតែខឹងម្តាយឪពុកជេរស្តីអោយ និងវាយរូបគេ ។
ក្រោយពីកសាងសំណុំរឿងចប់ ជនសង្ស័យត្រូវបញ្ជូនទៅកាន់សាលាតំបូងខេត្តនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីចាត់ការតាមនិតិវិធំច្បាប់៕
ចែករំលែកព័តមាននេះ