ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លុយ​ដុល្លារ​ក្លែងក្លាយ​ដែល​ជា​រឿង​ចាស់ ទំនងជា​អាច​នឹង​កម្រើក​ឡើង​វិញ​ទើប​បានជា​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ជា​អាណាព្យាបាល​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ប្រទេស​បាន​ចេញ​សេចក្តីជូនដំណឹង​សង្កត់ធ្ងន់​អំពី​បញ្ហា​នេះ ឡើងជា​សាធារណៈ កាលពី​ចុងឆ្នាំ​២០២៤​បែប​នេះ ។ ធនាគារជាតិ​នៃ​កម្ពុជា​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​អំពី​បញ្ហា​នេះ​ទេ ប៉ុន្តែ​ស្ថាប័ន​នេះ​បាន​ចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤…

រឿង​លុយ​ដុល្លារ​ក្លែងក្លាយ​ដែល​ជា​រឿង​ចាស់ ទំនងជា​អាច​នឹង​កម្រើក​ឡើង​វិញ​ទើប​បានជា​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ជា​អាណាព្យាបាល​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ប្រទេស​បាន​ចេញ​សេចក្តីជូនដំណឹង​សង្កត់ធ្ងន់​អំពី​បញ្ហា​នេះ ឡើងជា​សាធារណៈ កាលពី​ចុងឆ្នាំ​២០២៤​បែប​នេះ ។

ធនាគារជាតិ​នៃ​កម្ពុជា​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​អំពី​បញ្ហា​នេះ​ទេ ប៉ុន្តែ​ស្ថាប័ន​នេះ​បាន​ចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ហើយ​ដែល​ត្រូវ​សារព័ត៌មាន​នានា​ទទួល​បាន និង​ចេញផ្សាយ នៅ​ដើមឆ្នាំ​២០២៥​ជា​បន្តបន្ទាប់ ។

តាម​សេចក្តីជូនដំណឹង​ដែល​ចេញ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទន្ទឹម​នឹង​ការ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​ក៏​កំពុង​ត្រូវ​បាន​ចរាចរ​ផង​ដែរ ។ ដូច្នេះ​ក្នុង​គោលបំណង​រួមចំណែក​ទប់ស្កាត់​ការ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ និង​តាម​សំណើ​របស់​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក ធនាគារជាតិ​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដកហូត​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​ពី​អតិថិជន​ដោយ​គ្មាន​សំណង រួច​បញ្ជូន​ទៅ​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក​ជាមួយនឹង​របាយការណ៍ ដើម្បី​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក​ស៊ើបអង្កេត​បន្ត ។

ស្ថាប័ន​អាណាព្យាបាល​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​នេះ​ក៏​បាន​ប្រាប់​អោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​រក្សា​ទុក​ព័ត៌មាន​អំពី​អត្តសញ្ញាណ​អតិថិជន​ដែល​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ ហើយ​ផ្តល់​ព័ត៌មាន​ទាំងនេះ​មក​ធនាគារជាតិ​នៃ​កម្ពុជា​ផង​ដែរ ។

ក្រៅពី​នោះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​សាធារណជន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​មុន​នឹង​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​ករណី​មានការ​សង្ស័យ​ថា ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​នោះ​ក្លែងក្លាយ សូម​ផ្តល់​ព័ត៌មាន​ជូន​ធនាគារជាតិ​នៃ​កម្ពុជា ។

រូបតំណាង

ទន្ទឹម​នេះ ធនាគារជាតិ​នៃ​កម្ពុជា​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ណែនាំ​អតិថិជន​របស់​ខ្លួន អំពី​របៀប​កំណត់​អត្តសញ្ញាណ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ពិត ដើម្បី​ចូលរួម​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់ ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​ផង​ដែរ ។ សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ថា ប្រសិនបើ​ប៉ះ​ចំ​ក្រដាស​ក្លែងក្លាយ​តែ​មួយ​សន្លឹក​មិន​ចាំបាច់​ដល់​១០០​ដុល្លារ ដែល​មាន​តម្លៃ​ស្មើរ​នឹង​ជាង​៤០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ទេ គឺ​ត្រឹមតែ​១​ដុល្លារ​ក៏​យើង​អាច​នឹង​ខាតបង់​អស់​៤​ពាន់​រៀល​ដែរ ។

មក​ដល់​ពេល​នេះ លុយ​ដុល្លារ​អា​មេ​រិ​ក នៅ​តែ​ត្រូវ​បាន​គេ​ទទួលស្គាល់​បំផុត​នៅ​លើ​ពិភពលោក ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​រូបិយប័ណ្ណ​ដែល​មាន​ស្ថិរភាព និង​គួរ​ឱ្យ​ទុកចិត្ត ។ ប៉ុន្តែ​វា គឺជា​រឿង​អកុសល ប្រសិនបើ​ករណី​លុយ​ក្លែងក្លាយ​ផ្ទុះ​ឡើង ។ នៅ​កម្ពុជា​រឿង​លុយ​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​នេះ សម្បូរ​កាលពី​ចុង​ទស្សវត្សរ៍​នៃ​ឆ្នាំ​១៩៩០ ហើយ​ក៏​បាន​សាបរលាប​បន្តិច​ម្តង រហូត​ដល់​បច្ចុប្បន្ន​ក៏​ស្រាប់តែ​មាន​សេចក្តីជូនដំណឹង​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ឡើង​តែ​ម្តង ។

លោក ទេព សុធា ជា​ប្រជាពលរដ្ឋ​មួយ​រូប បាន​លើក​ឡើង​ថា លុយ​ដុល្លារ​ក្លែងក្លាយ​នេះ​ស្ងប់ស្ងាត់​យូរ​ដែរ​ហើយ​សម្រាប់​កម្ពុជា ដោយ​មាន គឺ​មាន​តែ​បញ្ហា​លុយ​ដុល្លារ​ទក់ ឬ​ចាស់ ឬ​រហែក​ប៉ុណ្ណោះ ។ ធនាគារជាតិ​ចេញ​បែប​នេះ គឺជា​ការ​កន្ត្រាក់​អារម្មណ៍​មួយ ដូច្នេះ​ហើយ​ទើប​ការ​ប្រុង​ប្រយ័ត្ន គឺ​ចាំបាច់​ត្រូវ​បន្ត​យកចិត្តទុកដាក់ ។ លោក​បញ្ជាក់​ថា «​បើ​យើង​មិន​ប្រយ័ត្ន​ទេ ពេល​ប៉ះ គឺ​ដឹង​តែ​ស៊យ​ហើយ » ។
ពាក់ព័ន្ធ​នឹង​បញ្ហា​លុយ​ដុល្លារ​ក្លែងក្លាយ​នេះ សារព័ត៌មាន ABC News ក៏​បាន​ទទួលស្គាល់​ថា វា គឺជា​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ដែល​នៅ​តែ​បន្ត​មាន ដោយនៅ​ក្នុង​នោះ​កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​កបាន​រឹបអូស​លុយ​ដុល្លារ​ក្លែងក្លាយ​បាន​ជិត​២២​លាន​ដុល្លារ​ដែរ ។

រូបតំណាង

ប្រភព​ដដែល​បាន​បន្ត​ថា បើ​ប្រៀបធៀប​នឹង​អំពើ​ក្លែងបន្លំ​ផ្សេង​ៗ​ការ​ចរាចរ​លុយ​ដុល្លារ​ក្លែងក្លាយ វា​មិន​មាន​ទំហំ​ធំ​ដល់​ការ​ជួញដូ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​ដូច​ជា Bitcoin និង​ការ​ចរាចរ​គ្រីប​តូ​ផ្សេង​នោះ​ទេ ប៉ុន្តែ​ទំហំ​នៃ​ការ​ជួញដូរ​ដុល្លារ​ក្លែងក្លាយ​នេះ នៅ​តែ​មានការ​រួមចំណែក​ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់ និង លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ។

ការ​បន្ត​ការ​គំរាមកំហែង​នៃ​រូបិយប័ណ្ណ​អា​មេ​រិ​ក​ក្លែងក្លាយ​ចំពោះ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នេះ នៅ​តែ​បន្ត​វិវឌ្ឍន៍ និង​នៅ​តែ​មាន​ដោយសារ​តែ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា ភាព​អាច​រកបាន​នៃ​ឧបករណ៍​ស្កែ​ន និង​បោះពុម្ព និង​ការ​ទទួលយក​ប្រាក់​ដុល្លារ​ដោយ​ក្រុម​ទុច្ចរិត​នានា ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​វា​នៅ​តែ​ជា​ការ​គំរាមកំហែង​ជាស​កល ។ អ្នក​ប្តូរ​ប្រាក់​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ដើម្បី​កុំអោយ​ពលរដ្ឋ​ខាតបង់ ធនាគារជាតិ​នៃ​កម្ពុជា​គួរតែ​ចេញ​សេចក្តី​ពិស្តារ​នៃ​ព័ត៌មាន​នេះ​ពីព្រោះ​វា​ពិតជា​សំខាន់​ដោយសារ​តែ​កម្ពុជា​ក៏​ជា​ប្រទេស​ចាយ​លុយ​ដុល្លារ ហើយ​ពលរដ្ឋ​ភាគច្រើន គឺ​ទទួល​បាន​ប្រាក់បៀវត្សរ៍ និង​ធ្វើការ​ទូទាត់​ផ្សេង​ៗ​នៅ​តែ​ប្រើប្រាស់​ដុល្លារ​នៅឡើយ ជា​ពិសេស គឺ​ការ​ទូទាត់​ធំ​ៗ​។

លោក​បាន​បន្ត​ថា ម្យ៉ាងវិញទៀត ធនាគារជាតិ​ក៏​គួរតែ​ពន្យល់​នូវ​លក្ខណៈ​វិនិច្ឆ័យ​ច្បាស់លាស់​ចំពោះ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ជា​ពិសេស គឺ​កន្លែង​ចំណាំ​ពិសេស​ៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្បាស់លាស់ ហើយ​ងាយស្រួល​នៅ​ក្នុង​ការ​បង្ការ ដើម្បី​កុំអោយ​យើង​ខាតបង់​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ