ទីក្រុងវ៉ាស៊ីនតោន៖ សមត្ថកិច្ចអាមេរិកកំពុងស្រាវជ្រាវរកមូលហេតុនៅពីក្រោយករណីបុរសម្នាក់បើករថយន្តបុកស្លាប់មនុស្សយ៉ាងរង្គាលនៅទីក្រុងញូអ័រលាន រដ្ឋលូស៊ីអាណា (New Orleans, Louisiana)។ សាក្សីនិយាយថាបុរសនេះបើករថយន្តបុកមនុស្ស និងបំពាក់ទង់របស់ក្រុមភេរវកម្មអាយស៊ីសនឹងជាប់នឹងរថយន្តរបស់គាត់។ ជនរងគ្រោះទាំង១៥នាក់នោះជាអ្នកចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំសាកល។
សមត្ថកិច្ចបានផ្សព្វផ្សាយអត្តសញ្ញាណរបស់ជនសង្ស័យដែលជាទាហានចូលនិវត្តរបស់អាមេរិកផ្ទាល់តែម្ដង។ ឥឡូវនេះ អាមេរិកកំពុងវិភាគថាតើបុរសឈ្មោះសាំស៊ុតឌីន ចាបា (Shamsud-Din Jabbar) អាយុ៤២ឆ្នាំ រស់នៅរដ្ឋតិចសាសន៍ និងធ្លាប់បំពេញបេសកកម្មនៅអាហ្វហ្កានីស្ថានម្នាក់នេះត្រៀមវាយប្រហារនៅក្នុងកម្មវិធីប្រកួតបាល់ឱបនាខែកុម្ភៈខាងមុខនេះដែរឬទេ។
គួរកត់សម្គាល់ថាហេតុការណ៍បើករថយន្តបុកស្លាប់មនុស្សនៅញូអ័រលានកន្លងផុតទៅតែប៉ុន្មានម៉ោងប៉ុណ្ណោះក៏មានករណីផ្ទុះឆេះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតេសស្លា (Tesla) នៅទីក្រុងឡាស់វេហ្កាស់ រដ្ឋនេវ៉ាដា (Las Vegas, Nevada) បណ្ដាលឱ្យស្លាប់ជនសង្ស័យ និងរបួសមនុស្ស៧នាក់។ អែហ្វប៊ីអាយ (FBI) កំពុងស្រាវជ្រាវដើម្បីចង់ដឹងថាតើករណីទាំង២នេះមានទំនាក់ទំនងគ្នាដែរឬទេ។ ករណីផ្ទុះរថយន្តអគ្គិសនីនៅក្បែរវិមានរបស់លោកត្រាំនោះកើតឡើងតែមិនដល់បីអាទិត្យទេមុនពេលលោកស្បថចូលកាន់តំណែង។
ងាកទៅករណីនៅញូអ័រលាននោះ សមត្ថកិច្ចប្ដេជ្ញាថាពួកគេត្រូវតែរកឱ្យឃើញច្បាស់ថាតើករណីនេះធ្វើឡើងតែម្នាក់ឯង ឬក៏មានអ្នកសមគំនិត។ អំពើភេរវកម្មកើតឡើងកណ្ដាលទីក្រុងបែបនេះជារឿងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ប្រទេសមហាអំណាចដូចជាអាមេរិក។ គេឃើញទង់របស់ក្រុមភេរវកម្មអាយស៊ីសត្រូវគេចងភ្ជាប់នឹងរថយន្តរបស់ជនសង្ស័យ។
ក្រោយហេតុការណ៍ទាំងពីរនេះ លោកបៃដិនប្រកាសថ្កោលទោសជាទម្ងន់ និងចាត់ទុកថានេះជាទង្វើដ៏ឃោរឃៅបំផុត។ លោកបញ្ជាក់ថារហូតមកដល់ពេលនេះ ថ្វីដ្បិតអែហ្វប៊ីអាយមិនទាន់រកឃើញថាករណីនៅឡាស់វេហ្កាស់ និងញូអ័រលានមានទំនាក់ទំនងគ្នាយ៉ាងណាក្ដី ប៉ុន្តែសមត្ថកិច្ចនឹងបន្តស្រាវជ្រាវសំណុំរឿងនេះយ៉ាងក្ដៅគគុករហូតដល់ទីបញ្ចប់។
សមត្ថកិច្ចស្រាវជ្រាវប្រវត្តិរូបរបស់ជនសង្ស័យឈ្មោះចាបា និងរកឃើញថាគាត់ធ្វើការនៅក្នុងវិស័យអចលនទ្រព្យនៃទីក្រុងហូសស្តុន រដ្ឋតិចសាសន៍ (Houston, Texas)។ នៅក្នុងវីឌីអូឃ្លីបបែបប្រម៉ូតខ្លួនឯងកាលពីបួនឆ្នាំមុន ចាបាបានពិពណ៌នាខ្លួនគាត់ជាអ្នកដែលចាប់កំណើត និងធំដឹងក្ដីនៅទីក្រុងប៊ីម៉ុន (Beaumont) ស្ថិតនៅចម្ងាយ១៣០គីឡូម៉ែត្រពីទីក្រុងហូសស្តុន។
ចាបាធ្លាប់បម្រើនៅក្នុងជួរកងទ័ពអាមេរិកចាប់ពីខែមីនា ឆ្នាំ២០០៧ដល់ខែមករា ឆ្នាំ២០១៥។ បន្ទាប់មក គាត់ផ្លាស់ទៅកងទ័ពបម្រុងចាប់ពីឆ្នាំ២០១៥ដល់ខែកក្កដា ឆ្នាំ២០២០។ គាត់បំពេញបេសកកម្មនៅអាហ្វហ្កានីស្ថានចាប់ពីខែកុម្ភៈ ឆ្នាំ២០០៩ដល់ខែមករា ឆ្នាំ២០១០។ ពេលត្រឡប់ទៅអាមេរិកវិញ គាត់មានឋានន្តរស័ក្ដិជាពលបាលទោ។ ទូរទស្សន៍ស៊ីអឹនអឹន (CNN) បានដកស្រង់ប្រភពពីមន្ត្រីស៊ើបអង្កេតមកផ្សាយថាជនសង្ស័យរូបនេះបានពិពណ៌នានៅក្នុងវីឌីអូឃ្លីបថាខ្លួនមានក្ដីស្រមៃតាំងពីយូរមកហើយដើម្បីចូលរួមជាមួយក្រុមអាយស៊ីស៕
ចែករំលែកព័តមាននេះ