ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារកណ្តាល​ចិន​បង្កើន​ការ​ទិញ​មាស​ស្តុក​ទុក ទោះ​តម្លៃ​ស្ថិត​នៅ​កម្រិត​ខ្ពស់​ក៏​ដោយ

13 ម៉ោង មុន

ប្រទេស​ចិន ៖ ធនាគារកណ្តាល​ចិន (PBOC) បាន​បង្កើន​ការ​ទិញ​មាស​ស្តុក​ទុក​ក្នុង​រយៈពេល​បួន​ខែ​ជាប់​គ្នា បើ​ទោះបីជា​តម្លៃ​លោហៈធាតុ​មួយ​នេះ ស្ថិត​នៅ​កម្រិត​ខ្ពស់​យ៉ាងណា​ក៏​ដោយ​។ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា…

ប្រទេស​ចិន ៖ ធនាគារកណ្តាល​ចិន (PBOC) បាន​បង្កើន​ការ​ទិញ​មាស​ស្តុក​ទុក​ក្នុង​រយៈពេល​បួន​ខែ​ជាប់​គ្នា បើ​ទោះបីជា​តម្លៃ​លោហៈធាតុ​មួយ​នេះ ស្ថិត​នៅ​កម្រិត​ខ្ពស់​យ៉ាងណា​ក៏​ដោយ​។

យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ទុនបម្រុង​មាស​របស់​ប្រទេស​ចិន​បាន​កើន​ដល់ ៧៣,៦១​លាន​ត្រ​យ​អោន (Troy Ounces) ឬ​ស្មើនឹង ២,៥២៣​តោន នៅ​ត្រឹម​ចុងខែ​កុម្ភៈ ពោល​កើនឡើង​ពី ៧៣,៤៥​លាន​ត្រ​យ​អោន ឬ​ស្មើនឹង ២,៥១៩​តោន នៅ​ចុង​ខែមករា ដោយសារ​ធនាគារកណ្តាល​ចិន​បាន​បន្ត​ទិញ​លោហៈធាតុ​ដ៏​មាន​តម្លៃ​នេះ​ក្នុង​រយៈពេល​៤​ខែ​ជាប់​គ្នា​។

តាម​ទិន្នន័យ​ពី​ធនាគារកណ្តាល​ចិន​បាន​បង្ហាញ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ទុនបម្រុង​មាស​របស់​ចិន​មាន​តម្លៃ​រហូត​ដល់ ២០៨.៦៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ចុងខែ​កុម្ភៈ ដែល​កើនឡើង​ពី​តម្លៃ ២០៦.៥៣​ពាន់​លាន​ដុល្លារ​នៅ​ចុង​ខែមករា​។

ក្តី​បារម្ភ​ជុំវិញ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​របស់​សហរដ្ឋអាមេរិក កំពុង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​អតិផរណា បូក​រួម​ជាមួយនឹង​ភាព​មិន​ច្បាស់លាស់​នៃ​ភូមិសាស្ត្រ​នយោបាយ​បាន​ជំរុញ​ឱ្យ​តម្លៃ​មាស​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៥​។

រហូត​មក​ដល់​ពេល​នេះ អា​មេ​រិ​កបាន​ដំឡើង​ពន្ធ ២០% បន្ថែម​ទៀត​ពីលើ​ពន្ធ​ដែល​មាន​ស្រាប់​សម្រាប់​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន ខណៈ​ដែល ១០% ចុង​ក្រោយ​បំផុត ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៤ ខែមីនា កន្លង​ទៅ​។ កត្តា​នេះ ជំរុញ​ឱ្យ​ប្រទេស​ចិន​ប្រកាស​អំពី​ពន្ធ​សងសឹក​របស់​ខ្លួន​លើ​អា​មេ​រិ​ក​ផង​ដែរ កាលពី​ថ្ងៃ​ទី​៥ ខែមីនា ដោយ​សន្យា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​ការ​ប្រើប្រាស់​ក្នុងស្រុក និង​ការពារ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើនឡើង​ជាមួយនឹង​អា​មេ​រិ​ក​។

យោង​តាម​របាយការណ៍​ក្រុមប្រឹក្សា​មាស​ពិភពលោក (World Gold Council) បានឱ្យ​ដឹង​ថា បណ្តា​ធនាគារកណ្តាល​ពិភពលោក ដែល​ជា​ប្រភព​ដ៏​សំខាន់​នៃ​តម្រូវការ​មាស​បាន​ទិញ​មាស​បម្រុង​ទុក​ច្រើន​ជាង​១​ពាន់​តោន សម្រាប់​ឆ្នាំ​ទី​៣​ជាប់​គ្នា គិត​ត្រឹម​ឆ្នាំ ២០២៤ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​នៅ​តែ​ជា​អ្នកទិញ​ដ៏​សកម្ម​សម្រាប់​ឆ្នាំ​នេះ​។

លោក Frank Watson អ្នកវិភាគ​ទីផ្សារ​នៅ Kinesis Money បាន​មើលឃើញ​ថា ការ​ទិញ​មាស​ស្តុក​ទុក​ដោយ​ធនាគារកណ្តាល​ចិន និង​ធនាគារកណ្តាល​ផ្សេង​ទៀត គឺជា​កត្តា​សំខាន់​សម្រាប់​ការ​ជំរុញ​តម្លៃ​មាស​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ហើយ​កត្តា​ផ្សេង​ទៀត​ដូច​ជា អតិផរណា អត្រា​ការ​ប្រាក់ ព្រឹត្តិការណ៍​ភូមិសាស្ត្រ​នយោបាយ និង​ការ​ចាប់អារម្មណ៍​របស់​វិនិយោគិន នឹង​បន្ត​បង្កើន​តម្លៃ​មាស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ