ខេត្តកំពង់ចាម ៖ លោក ផ្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាមមានប្រសាសន៍ឲ្យដឹងថា ចំពោះទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះ គឺជាផ្ទះឈើទាំងអស់ បានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៨០ ដែលគ្រានោះគឺជាបឹងកំប្លោក ហើយជាប្រភេទផ្ទះឈើប្រកក្បឿង ត្រូវបានសាងសង់ឡើងជាប់គ្នាតែម្ដង មានរហូតដល់ចំនួន១៧ខ្នង បើគិតមកដល់សព្វថ្ងៃមានរយៈពេលជាង៤០ឆ្នាំហើយ ។ ជាមួយនោះ ជញ្ជាំងឈើអាចត្រូវពុកផុយទៀតផងងាយឆេះណាស់ ។
លោកចៅសង្កាត់កំពង់ចាមមានប្រសាសន៍បន្តថា អគ្គិភ័យបានរាលដាល និងឆេះយ៉ាងសន្ធោសន្ធៅ ឆ្លងពីផ្ទះមួយទៅផ្ទះមួយ ដោយសាក្សីនិយាយថា បណ្ដាលមកពីទុស្សេចរន្តភ្លើងនៅបង្គោលមុខផ្ទះពលរដ្ឋតែម្ដង ទើបឆេះរាលដាលបន្តមកផ្ទះឈើ ក៏បង្កើតជាគ្រោះមហន្តរាយបែបនេះ នៅវេលាជិតរំលងអធ្រាត្រ ថ្ងៃទី៧ មីនា ឈានចូលព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ។
ទ្រព្យសម្បត្តិរបស់ពលរដ្ឋដែលបាត់បង់ ក្នុងនោះមានកង់ និងម៉ូតូរាប់រយ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនធំទៀត ដែលមិនអាចយកបានក្លាយជាចំណីភ្លើងទាំងអស់ បើគិតជាទឹកប្រាក់វិញប្រមាណជិត២លានដុល្លារ ដែលត្រូវខាតបង់ ។
ដោយមើលឃើញបែបនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នាំយកអំណោយសាខាកាកបាទក្រហមមកចែកជូនដល់ពលរដ្ឋរងគ្រោះទាំង១៧គ្រួសារ នៅព្រឹកថ្ងៃទី៨ មីនា ដោយមួយគ្រួសារទទួលបានថវិកាកាកបាទក្រហមចំនួន១លានរៀល ថវិការបស់គណបក្សប្រជាជនកម្ពុជា១លានរៀល ព្រមទាំងរបស់របរប្រើប្រាស់មួយចំនួនទៀត ។
លោក ផ្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ សាលាគណៈខេត្តកំពង់ចាម ដឹកនាំដោយព្រះសីលសំវរៈ ប៊ត តាំងឆេង ព្រះមេគណខេត្ត អមដំណើរដោយព្រះចៅអធិការវត្តខេមវ័នបឹងស្នាយ ចៅអធិការវត្តបឹងកុក ព្រះគ្រូ សេខ ឧត្តមបញ្ញា ចៅអធិការវត្តជ្រោយថ្ម រួមនឹងព្រះសង្ឃជាច្រើនអង្គទៀត បាននិមន្តនាំយកគ្រឿងឧបភោគ-បរិភោគ ព្រមទាំងបច្ច័យចំនួន ២ ៧២០ ០០០រៀល ។
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កំពង់ចាម ដឹកនាំដោយលោក ប៊ិ ប៊ុន្ថា ចូលរួមថវិកាចំនួន ៣ ៤០០ ០០០រៀល រដ្ឋបាលសង្កាត់កំពង់ចាម ចូលរួមថវិកាចំនួន ៣ ៤០០ ០០០រៀល ក្រុមទទួលបន្ទុកចលនាស្ត្រីរបស់គណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម ដឹកដោយលោកស្រី ឈិត ណារី ចូលរួមថវិកាចំនួន ១៧០ ០០០រៀល ដើម្បីចូលរួមរំលែកការលំបាកដល់គ្រួសាររងគ្រោះដោយអគ្គិភ័យ១៧គ្រួសារ នៅភូមិ៨ សង្កាត់កំពង់ចាម ។ សរុបទឹកប្រាក់បានទទួលក្នុងមួយគ្រួសារចំនួន ៥៧ម៉ឺនរៀល គ្រឿងឧបភោគ-បរិភោគ និងឃីត១កញ្ចប់ ។
ចំពោះប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យបានលើកឡើងថា នៅពេលខាងមុខនេះ ផ្ទះពួកគាត់នឹងត្រូវស្ថាបនាឡើងវិញ នឹងអាចសាងសង់អំពីបេតុង ដើម្បីឱ្យមានសុវត្ថិភាពជាងផ្ទះឈើ ។
សូមរំលឹកថា អណ្ដាតភ្លើងក្រហមរន្ទាលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ កំពុងលេបត្របាក់លំនៅឋានរបស់ប្រជាពលរដ្ឋប្រកបរបរលក់កង់-ម៉ូតូ លើទីតាំងអតីតបឹងកំប្លោក ធ្វើឱ្យមានការភ្ញាក់ផ្អើលស្រែកឆោឡោកណ្ដាលយប់គួរឱ្យរន្ធត់បំផុត ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិ៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ មហន្តរាយនេះ បណ្ដាលឱ្យលំនៅឋានដែលសាងសង់អំពីឈើប្រក់ក្បឿង ចំនួន១៧ខ្នង ស្មើ១៧ម្ចាស់ ត្រូវបានឆេះខ្ទេចខ្ទី ដោយទ្រព្យសម្បត្តិមួយផ្នែកធំក្លាយជាចំណីភ្លើង ចំណែកម្ចាស់វិញ បានត្រឹមតែបង្ហូរទឹកភ្នែកយំសោកស្ដាយតែប៉ុណ្ណោះ ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីអគ្គិភ័យនេះភ្លាម លោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យ១គ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់ ។
បន្ទាប់មកគេបានឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់ទាំងកណ្ដាលយប់ ខណៈមនុស្សមួយចំនួនកំពុងតែដេកលង់លក់ក្នុងដំណេក ។
សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ភ្លាមៗ ត្រូវបានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងចម្រុះជួយអន្តរាគមន៍ដោយផ្ទាល់ ។ ក្នុងប្រតិបត្តិការនេះ រួមមានកម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤សង្កាត់ ចេញអន្តរាគមន៍ជាបន្ទាន់ដល់កន្លែងកើតហេតុ ។
អគ្គិភ័យបានរលត់១០០%ទៅវិញនៅវេលាម៉ោង០៤និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ។
ការបាញ់ទឹកពន្លត់ភ្លើងនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១០គ្រឿង គឺរថយន្តពន្លត់អគ្គិភ័យខេត្ត៣គ្រឿង ស្រុកព្រៃឈរ១គ្រឿង ស្រុកកងមាស១គ្រឿង ស្រុកជើងព្រៃ១គ្រឿង ស្រុកស្ទឹងត្រង់១គ្រឿង ស្រុកកំពង់សៀម១គ្រឿង ស្រុកចំការលើ១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលក្រុងកំពង់ចាម១គ្រឿង ។ ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់ទឹកអស់ចំនួន ៥៣រថយន្ត ។
យោងតាមសាក្សីម្នាក់ជាម្ចាស់ផ្ទះ ដែលប្រកបរបរជាងផ្សារកង់-ម៉ូតូ បានឲ្យដឹងនាព្រឹកថ្ងៃទី៨ ខែមីនា ថា មុនហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើង ដំបូងឃើញមានការទុស្សេចរន្តភ្លើងចេញពីបង្គោលមួយកន្លែងនៅមុខផ្ទះរបស់គាត់ ហើយភ្លើងនោះបានឆេះរាលដាលបន្តមកដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ គឺបានឆេះឆ្លងពីផ្ទះមួយទៅផ្ទះមួយធ្វើឲ្យអណ្ដាតភ្លើងឡើងក្រហមរន្ទាលភ្លឺអស់ម្ខាងមេឃ ។ ពេលដែលភ្លើងកំពុងឆាបឆេះសន្ធោសន្ធៅនោះ មនុស្សខ្លះកំពុងដេកលង់លក់ក្នុងដំណេក ។
ម្ចាស់ផ្ទះបានត្រឹមជញ្ជូនរបស់ទ្រព្យបន្តិចបន្តួចចេញពីក្នុងផ្ទះតែប៉ុណ្ណោះ ធ្វើយ៉ាងណាឱ្យរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។
អ្នកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា គ្រោះមហន្តរាយដ៏ធំមិនធ្លាប់មានទេនៅក្នុងក្រុងកំពង់ចាមនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមទាំងសហការី ពិតជាមានការសោកស្ដាយបំផុតចំពោះហេតុការណ៍នេះ និងបានយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង១៧គ្រួសារ ដោយធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមីនា ។
សូមបញ្ជាក់ថា សកម្មភាពរថយន្តពន្លត់អគ្គិភ័យនៅតែបន្តបាញ់ទឹកបន្ថែមទៀត ទៅលើលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ និងមានផ្សែងហុយៗធ្វើយ៉ាងណាចៀសវាងកុំឲ្យភ្លើងឆេះឡើងវិញ ដោយបន្តរហូតដល់ម៉ោង៩ព្រឹក ។ ចំពោះទ្រព្យសម្បត្តិដែលបាត់បង់ ក្នុងនោះសង្កេតឃើញមានកង់រាប់រយគ្រឿង ម៉ូតូគ្រប់ប្រភេទចូលខ្ទង់១០០គ្រឿងដែរ បើគិតជាទំហំទឹកប្រាក់នៃការខូចខាត អាចចូលដល់រង្វង់ជិត២លានដុល្លារ ៕
























ចែករំលែកព័តមាននេះ