ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង និង​កិច្ចសន្យាចំនួន៥​ច្បាប់ ពាក់​ព័ន្ធ​នឹង«​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ​» (​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​) ត្រូវ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា -​ចិន​បាន​ចុះហត្ថលេខា​ជា​ផ្លូវការកិច្ចព្រមព្រៀង និង​កិច្ចសន្យា ចំនួន ៥​ច្បាប់ ពាក់ព័ន្ធ​នឹង “​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ​” (​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​)…

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា -​ចិន​បាន​ចុះហត្ថលេខា​ជា​ផ្លូវការកិច្ចព្រមព្រៀង និង​កិច្ចសន្យា ចំនួន ៥​ច្បាប់ ពាក់ព័ន្ធ​នឹង “​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ​” (​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​) ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ ទី​១៧ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ដើម្បី​រៀបចំ​វាយតម្លៃ​របាយការណ៍​សិក្សា​សមិទ្ធិ​លទ្ធភាព និង​រៀបចំ​ចរចា​កិច្ចសន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន នៃ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ បាន​អញ្ជើញ​ជា​អធិបតី និង​ជា​ហត្ថលេខី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​កិច្ចសន្យា​ចំនួន ៥ ពាក់ព័ន្ធ​នឹង​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ រួម​ជាមួយ​លោក Wang Tong Zhou ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន (China Communications Construction Company – CCCC) ដោយ​មានការ​ចូលរួម​ពី ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​អនុ​គណៈកម្មាធិការ​។

កិច្ចព្រមព្រៀង និង​កិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធ​នឹង “​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ​” ដែល​ត្រូវ​បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​កាល​ព្រឹក​ម្សិលមិញ​នេះ​រួម​មាន​ដូច​ជា​៖ (១) កិច្ចសន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដែល​មាន ឯកឧត្តម​ស៊ុន ចាន់​ថុ​ល ដោយ​ទទួល​បាន​សិទ្ធ​ប្រទាន​ធ្វើ​ជា​តំណាង​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​ជាមួយ​ឯកឧត្តម​អៀង ស៊ុន​លី តំណាង​ក្រុមហ៊ុន​ហ្វូ​ណ​ន​តេ​ជោ ខូ​ស​ថ​ល​-​អ៊ី​ន​ឡេ​ន វ័​រ​ធើ​វេ​យ ឯ​.​ក (២)​កិច្ចព្រមព្រៀង​ម្ចាស់​ភាគហ៊ុន​, (៣) កិច្ចព្រមព្រៀង​វិនិយោគ​, (៤) កិច្ចសន្យា​វិស្វកម្ម លទ្ធកម្ម និង​សាងសង់ និង (៥) កិច្ចសន្យា​ប្រតិបត្តិការ និង​ការ​ថែទាំ​។

អនុវត្ត​ក្រោម​ការ​ឯកភាព​ដ៏​សំខាន់ ដែល​សម្រេច​បាន​រវាង​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ នេះ​គឺជា​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​គុណភាព​ក្រោម​គំនិត​ផ្តួចផ្តើម “​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​” ក៏​ដូច​ជា​ក្របខ័ណ្ឌ “​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​” ដែល​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​គ្នា កម្ពុជា​-​ចិន នៅ​ក្នុង​យុគសម័យ​ថ្មី ហើយ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ចូលរួម​ជំរុញ​យ៉ាង​ខ្លាំង​នូវ​វិស័យ​នានា ដែល​ទាក់ទង​នឹង​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

គម្រោង​នេះ គឺជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​កែប្រែ​មុខមាត់​កម្ពុជា នៅ​ក្នុង​វិស័យ​នាវាចរណ៍ ក៏​ដូច​ជា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក និង​ផ្លូវ​សមុទ្រ​។ ផ្លូវទឹក​មួយ​ខ្សែ​នេះ​មាន​ប្រវែង ១៧៤​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គ និង​ផ្លូវ​សមុទ្រ ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯកនៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់​ក្នុងស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន​៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ហើយ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្ទុក​នាវា​ដែល​មាន​ទម្ងន់​រហូត​ដល់ ៣ ០០០ DWT​។

ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​រួម​មាន​៖ ការងារ​ស្តារ​ទន្លេ​, ការងារ​ជីក​ប្រឡាយ​, ការ​សាងសង់​ស្ថានីយ​ជល​សាស្ត្រ​សន្ទះ​ផ្លូវទឹក​, ការ​សាងសង់​ទំនប់​ការពារ​ច្រាំង​ទន្លេ​, ការ​សាងសង់​ជម្រាល​ជើងទេរ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជំនួយ​ដល់​វិស័យ​នាវាចរណ៍​ផ្សេង​ៗ​ទៀត​។ គម្រោង​នេះ​នឹង​បង្កើត​បណ្តាញ​ផ្លូវទឹក​ក្នុងស្រុក​មួយ​ដែល​មាន​ភាព​សព្វ​ជ្រុងជ្រោយ ព្រមទាំង​ចូលរួម​បំពេញបន្ថែម​នូវ​ចន្លោះ​ប្រហោង​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​បង្កើន​សុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ផង​ដែរ​។

នៅ​ពេល​គម្រោង​នេះ​បញ្ចប់​ការ​ស្ថាបនា​ជា​ស្ថាពរ រំពឹង​ថា​នឹង​ចូលរួម​លើកកម្ពស់​កា​រត​ភ្ជាប់​, ព​ន្លឿ​ន​ការ​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​, និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ទំនាក់ទំនង និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​និង​ភាព​ងាយស្រួល រវាង​កម្ពុជា​ទៅ​កាន់​តំបន់​នានា​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ខ្លួន​។

លើស​ពី​ការ​ដឹក​ជញ្ជូន គម្រោង​នេះ​រួម​បញ្ចូល​ការ​គ្រប់គ្រង​ធនធានទឹក ប្រព័ន្ធ​ធារាសាស្ត្រ និង​កសិកម្ម ដែល​មាន​ចក្ខុវិស័យ​ឆ្ពោះទៅ​មុខ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើន​ផលិតភាព​កសិកម្ម​តាម​បណ្តោយ​ខ្សែ​ផ្លូវទឹក​មួយ​នេះ​។ បន្ថែម​ពី​នេះ វា​ក៏​នឹង​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​នៃ​វិស័យ​សំខាន់​ៗ នៅ​ទូ​ទាំង​កម្ពុជា ទៅ​កាន់​តំបន់ និង​ពិភពលោក ជា​អាទិ៍​រួម​មាន​៖ ឧស្សាហកម្ម​, កសិកម្ម​, ភស្តុ​ភារ​កម្ម​, និង​វិស័យ​កំពង់​ផែ​។

គួរ​រម្លឹក​ដែរ​ថា​៖ “​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ​” ជា​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​កាលនោះ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​។ គម្រោង​នេះ​បច្ចុប្បន្ន​បាន​និង​កំពុង​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​បន្សល់​ទុកជា​ប្រវត្តិសាស្ត្រ​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ជំនាន់​ក្រោយ​រាប់​ពាន់​ឆ្នាំ​តទៅ​មុខ​។

គម្រោង​នេះ ត្រូវ​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​ជា​ផ្លូវការ​យ៉ាង​មហោឡារិក​និង​អធិកអធម កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ក្រោម​អ​ធីប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ដោយ​មានការ​ចូលរួម​គាំទ្រ​យ៉ាង​កងរំពង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​។ គម្រោង​ព្រែកជីក​នេះ​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ត្រូវ​បាន​ស្ថាបនា​រួចរាល់​នៅ​អំឡុង ឆ្នាំ​២០២៨​ខាង​មុខ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ