ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ផ្ដល់​អាទិភាព​ចរ​ចា​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រ​ទេស​ធំ​ៗ​ចំនួន​១៥

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ មន្ត្រី​រដ្ឋាភិបាល​លោក​ត្រាំ​កំពុង​ប្រញឹក​ដៃ​ក្នុង​ការ​ចរ​ចា​គ្នា និង​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ចំនួន​១៥​ដែល​ជា​ក្រុម​ប្រទេស​សេដ្ឋ​កិច្ច​ធំ​ៗ​ និង​បាន​បោះ​ដៃ​ទៅ​អាមេរិក​មុន​គេ​ដើម្បី​ស្នើ​សុំ​ចរ​ចា​គ្នា​ដោះ​ស្រាយ​បញ្ហា​ពន្ធ​​​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​​របស់​រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​ ​លោ​កស្កុត​បឺសឹន​ (Scott Bessent)​ ប្រាប់​​​​អ្នក​សារ​ព័ត៌​មាន​នៅ​ចំពោះ​មុខ​លោក​ត្រាំ និង​លោក​ស្រី​មេឡូនី…

ទី​ក្រុង​វ៉ាស៊ីនតោន៖ មន្ត្រី​រដ្ឋាភិបាល​លោក​ត្រាំ​កំពុង​ប្រញឹក​ដៃ​ក្នុង​ការ​ចរ​ចា​គ្នា និង​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ចំនួន​១៥​ដែល​ជា​ក្រុម​ប្រទេស​សេដ្ឋ​កិច្ច​ធំ​ៗ​ និង​បាន​បោះ​ដៃ​ទៅ​អាមេរិក​មុន​គេ​ដើម្បី​ស្នើ​សុំ​ចរ​ចា​គ្នា​ដោះ​ស្រាយ​បញ្ហា​ពន្ធ​​​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​​របស់​រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​ ​លោ​កស្កុត​បឺសឹន​ (Scott Bessent)​ ប្រាប់​​​​អ្នក​សារ​ព័ត៌​មាន​នៅ​ចំពោះ​មុខ​លោក​ត្រាំ និង​លោក​ស្រី​មេឡូនី នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី​ដែល​បំពេញ​ទស្សន​កិច្ច​នៅ​វ៉ាស៊ីន​តោន​។​

​លោក​ត្រាំ និង​លោ​ក​ស្រី​មេឡូនី​បាន​ជួបគ្នា​នៅ​សេត​វិមាន​ដើម្បី​​ពិភាក្សា​​អំពី​បញ្ហា​​ពាណិជ្ជ​កម្ម​​។​ កិច្ច​ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រាំ​ដំឡើង​ពន្ធ​ទៅ​លើ​សហ​ភាព​អឺរ៉ុប​ ហើយ​ត្រូវ​​​អឺរ៉ុប​​វាយ​បក​វិញ​។ លោក​ស្រីមេឡូនី​ចជា​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​ទី​១​ដែល​ជួប​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​ត្រាំ​ចាប់​តាំង​ពី​លោក​​​ដំឡើង​ពន្ធ​២០%​ទៅ​លើ​ទំនិញ​របស់​អឺរ៉ុប​ជា​ទូ​ទៅ​ (ឡាន​ដំឡើង​ដល់​២៥%​) កាល​ពី​ថ្ងៃទី​២​ ខែ​មេសា​។ ក្រោយ​មក​ លោក​ប្រកាស​ព្យួរ​ទុក​រយៈ​ពេល​៩០​ថ្ងៃ​ជា​បណ្ដោះ​អាសន្ន​នូវ​ផែន​ការ​ដំឡើង​ពន្ធ​​នោះ​​។

នៅ​ក្នុង​សម័យ​អន្តរ​កាល​នេះ លោក​ចង់​ឃើញ​ប្រទេស​នានា​បោះ​ដៃ​ទៅ​រក​វ៉ាស៊ីនតោន​ដើម្បី​ចរ​ចា​គ្នា​។ ប៉ុន្តែ​ប្រទេស​ខ្លះ​នៅ​​តែ​ប្រកាន់​ជំហរ​មិន​ចុះ​ញ៉ម​នឹង​ការ​ដាក់​សម្ពាធ​នេះ​ទេ​។ នៅ​ពេល​កំពុង​ធ្វើ​សន្និ​សីទកាសែត​សុខ​ៗ លោក​ត្រាំ​​ក៏​ងាក​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​ជាតិ​ដើម្បី​ឱ្យ​គាត់​បក​ស្រាយ​បញ្ជាក់​អំពី​ដំណើរ​ការ​ចរ​ចា​គ្នា​ជា​មួយ​ប្រទេស​ទាំង​នោះ​។ ហេតុ​នេះ លោក​រដ្ឋ​មន្ត្រី​ក៏​បាន​បញ្ជាក់​ថា​អាមេរិក​កំពុង​ផ្ដល់​អាទិភាព​ទៅ​លើ​ការ​ចរ​ចា​​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​ធំ​ៗ​ចំនួន​១៥​។​

លោក​ថ្លែង​​ថា​យើង​បាន​ពិភាក្សា​​ជា​មួយ​​ប្រទេស​ជប៉ុន​កាល​ពី​ម្សិល​មិញ​។ លោក​ជឿ​ជាក់​ថា​អឺរ៉ុប និង​អា​មេរិក​​ប្រហែល​ជា​បាន​ទាក់​ទង​គ្នា​រួច​ហើយ​។ ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​​ត្រៀម​ពិភាក្សា​គ្នា​នៅ​សប្ដាហ៍​ក្រោយ​​។ លោក​ជឿ​ជាក់​ថា​ឥណ្ឌា​ក៏​កំពុង​ចាប់​ផ្ដើម​ពិភាក្សា​គ្នា​ជា​បណ្ដើរ​ៗ​ផង​ដែរ​។ ដំណើរ​ការ​ចរ​ចា​ទាំង​នេះ​បាន​ និង​កំពុង​ប្រព្រឹត្ត​ទៅយ៉ាង​លឿន​ជា​ទី​បំផុត​។​

ប្រទេស​ទាំង​១៥​ដែល​រដ្ឋ​មន្ត្រី​អាមេរិក​លើក​ឡើង​នេះ​ទំនង​ជា​ចង់​សំដៅ​ទៅ​លើ​​ប្រទេស​ដែល​មាន​ជី​ឌី​ភី​ (GDP) ​ធំ​​ជាង​គេ​ទាំង​១៥។ ក្នុង​នោះ​មាន​អាមេរិក,​ ចិន,​ ជប៉ុន, ​អាល្លឺម៉ង់,​ ឥណ្ឌា, អង់គ្លេស​, បារាំង​,​ អ៊ីតាលី, ​ប្រេស៊ីល, កាណាដា,​ រុស្ស៊ី, កូរ៉េ​ខាង​ត្បូង, អូស្ត្រាលី, អេស្ប៉ាញ និង​ម៉ិក​ស៊ីកូ​។​ ​ប្រទេស​ទាំង​នេះ​មាន​តួ​នាទី​សំខាន់​ណាស់​នៅ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ពិភព​លោក​។

​​​​ក្នុង​នាម​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​ទី​២​, ចិន​​​មិន​ទាន់​បង្ហាញ​សញ្ញា​ដក​ថយ​នៅ​ឡើយ​ទេ​។ កាល​ពី​សប្ដាហ៍​មុន ត្រាំ​បាន​ដំឡើង​ពន្ធ​​ចិន​រហូត​ដល់​១៤៥​​%​បន្ទាប់​ពី​ចិន​ដំឡើង​ពន្ធ​ទំនិញ​អាមេរិក​​​១២៥%​។ ប៉ុន្តែ​ចិន​ប្រកាស​ថា​ខ្លួនដំឡើង​ពន្ធ​១២៥%​នេះ​ជា​ទឹក​ផ្ដាច់​ព្រ័ត្រ​ហើយ​ ហើយ​ខ្លួន​ឈប់​លេង​ចូល​ជា​មួយ​ល្បែង​ដំឡើង​ពន្ធ​របស់​ត្រាំ​ត​ទៅ​ទៀត​ហើយ​។ ចិន​បាន​និយាយ​វាត់​កន្ទុយ និង​ដាក់​ផ្លែ​ឱ្យ​ត្រាំ​ថា​នេះ​​ជា​ «ឆាក​កំប្លែង​ដ៏​ល្អ​សើច​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពាណិជ្ជ​កម្ម​ពិភព​លោក​សម័យ​ទំនើប​»​។

ត្រាំ​ថ្លែងថា​គាត់​មិន​ជា​ប្រញាប់​ប្រញាល់​ពេក​ទេ​ក្នុង​ការ​ប្រកាស​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ដទៃ​។ លោក​ថា​ឥឡូវ​នេះ​យើង​កំពុង​តែ​ខ្វារ​ក​នឹង​ការ​ប្រមូល​លុយ​ដែល​ហូរ​ចូល​ដូច​ទឹក​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។​ នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី​ លោក​ស្រី​មេឡូនី ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​សេត​វិមាន​ថា​លោក​ស្រី​ដឹង​ច្បាស់​ថា​អ៊ីតាលី និង​អាមេរិក​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​មួយ​គ្នា​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លោក​ស្រី​មក​សេត​វិមាន​លើក​នេះ​បំណង​ធំ​គឺ​ដើម្បី​ធ្វើ​រឿង​នេះ​ឯង​។

ក្រសួង​សេដ្ឋ​​កិច្ច​ និង​ហិរញ្ញ​វត្ថុ​របស់​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​បាន​ស្នើ​សុំ​ជួប​គ្នា​ជា​មួយ​លោក​រដ្ឋ​មន្ត្រី​បឺសឹន​ដើម្បី​ពិភាក្សា​គ្នា​​នៅ​​អំឡុង​ពេល​ទស្សន​កិច្ច​របស់​ឧប​នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​នា​សប្ដាហ៍​ក្រោយ​។​​ អ្នក​នាំ​ពាក្យ​​​ចិន លោក​លីន​ចៀន​ (Lin Jian) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​​នៅក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​គ្មាន​ភាគី​ណា​មួយ​​ទទួល​ជ័យ​ជម្នះ​នៅ​ទី​បញ្ចប់ឡើយ​​។ ហេតុ​នេះ​ លោក​ថ្លែង​ថា​ប្រទេស​ចិន​គ្មាន​ចង់​ធ្វើ​សង្គ្រាម​នេះ​ទេ​។ ប៉ុន្តែ​ចិន​ក៏​មិន​ខ្លាច​នឹង​ធ្វើ​សង្គ្រាម​នេះ​ដែរ​​​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទស្សនា​វដ្ដី​ញូ​ស្វីក (Newsweek)​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ