ខេត្តកណ្តាល ៖ នគរបាលស្រុកស្អាង ចាប់ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីទាញកាំបិតបុ័ងតោ និងដំបងឈើ វាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា សង្ស័យមានឈ្មោះ ប៉ិច ណឺន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ មានសារធាតុញៀនវិជ្ជមាន(+) និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០២លើក៖ ពីបទហិ.ង្សាដោយចេតនា រយៈពេល០១ឆ្នាំ និងធ្វើឲ្យខូចខាតដោយចេតនា រយៈពេល០១ឆ្នាំ។ ក្នុងនោះ សមត្ថកិច្ច ដកហូតវត្ថុតា រួមមាន ៖ កាំបិតបុ័ងតោ ចំនួន០១ដើម ដំបងឈើ ០១កំណាត់ ។
បើយោងតាមប្រភពព័ត៌មានពីប្អូនបង្កើតរបស់ជនសង្ស័យ បានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានស្រែកឡូឡា និង បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ បណ្តាលឲ្យខូចខាតអស់មួយចំនួន ដោយទ្រាំនឹងទង្វើជនសង្ស័យមិនបានជនរងគ្រោះក៏បានមកដាក់បណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកស្អាង កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕





ចែករំលែកព័តមាននេះ