ខេត្តកណ្ដាល ៖ បន្ទាប់ពីទទួលបានដំណឹង មានកម្មករ កម្មការិនី នៅរោងចក្រមួយកន្លែង ដែលមានគ្នាចំនួន២៣នាក់ បានពុលអាហារ (នំបញ្ចុក) កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពសៀមរាប ក្នុងស្រុកកណ្ដាលស្ទឹង និងខ្លះទៀត សម្រាកព្យាបាលនៅគ្លីនិកឯកជន នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្ត តំណាងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឧបត្ថម្ភដល់កម្មករ កម្មការិនី ដែលពុលអាហារ សម្រាកនៅមណ្ឌលសុខភាព និងគ្លីនិកឯកជនដោយផ្ទាល់ ។
ក្នុងឱកាសចុះសួរសុខទុក្ខ លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្ត បានពាំនាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរអធិបតី នាយករដ្ឋមន្ត្រី និងលោកអភិបាលខេត្តកណ្ដាល ដោយក្ដីនឹករលឹក ។
លោកអភិបាលរងខេត្ត បន្តថា ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនីទាំងអស់ ព្រោះថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានយកចិត្តទុកដាក់តាមដាន និងពិនិត្យជាប់ជាប្រចាំ ដើម្បីធានាបានថា បងប្អូនទាំងអស់ ដែលពុលអាហារ នៅពេលនេះ មិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់អាយុជីវិតឡើយ ។
ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ កុំមានការព្រួយបារម្ភ និងភ័យខ្លាច ចំពោះការចំណាយក្នុងការព្យាបាល ព្រោះថា បងប្អូនរបស់យើងមានប.ស.ស ក្នុងការរ៉ាប់រងថ្លៃចំណាយទាំងអស់ ដូច្នេះសូមបងប្អូនសម្រាកឱ្យបានស្រួល ថែបំប៉នសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ និងចូលបម្រើការងារបន្តទៀត ។
លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឱ្យដឹងថា កម្មករ កម្មការិនី ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពសៀមរាប ក៏ដូចជានៅគ្លីនិកឯកជន ពួកគាត់បានពិសារនំបញ្ចុក ដែលលក់នៅក្នុងរោងចក្រ មុនចូលបំពេញការងារ ហើយបន្ទាប់មកពួកគាត់ មានអាការៈ ធីងធោង វិលមុខ ក្អួតចង្អោរ រាកញឹកញាប់ (៤ ទៅ៦ដង) និងចុកពោះខ្លាំង ។
លោកប្រធានមន្ទីរ ក៏បានឱ្យដឹងទៀតថា គិតមកដល់ពេលនេះកម្មក រកម្មការិនីទាំងអស់ មានអាការៈធូរស្បើយឡើងវិញហើយ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពសៀមរាប ក្នុងការព្យាបាលដោយការយកចិត្តទុកដាក់ ។
លោកប្រធានមន្ទីរ ក៏បានឱ្យដឹងទៀតថា ជំហានដំបូងក្រុមការងារបានដាក់ការសង្ស័យថា បណ្ដាលមកពីការហូបនំបញ្ចុក ពីព្រោះអ្នកដែលមានអាការៈពុលអាហារនេះ សុទ្ធតែបានហូបនំបញ្ចុក មុនចូលធ្វើការ ហើយមកដល់ពេលនេះ ក្រុមការងារកំពុងតែពិនិត្យ និងស្រាវជ្រាវរកមូលហេតុ ដែលបណ្ដាលឱ្យមានការពុលអាហារនេះ ៕













ចែករំលែកព័តមាននេះ