ទីក្រុងវ៉ាស៊ីនតោន៖ ត្រាំថាលោកមិនចង់វាយអ៊ីរ៉ង់ទាំងប្រញាប់ប្រញាល់ពេកទេព្រោះលោកចង់ចរចាគ្នាឱ្យអស់លទ្ធភាពជាមុនសិន។ ទន្ទឹមនឹងនោះ លោកក៏ឆ្លៀតព្រមានផងដែរថាអ៊ីរ៉ង់មិនត្រូវផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន និងនាយករដ្ឋមន្ត្រីអ៊ីតាលីដែលបំពេញទស្សនកិច្ចនៅវ៉ាស៊ីនតោន ត្រាំថាលោកសូមមិនប្រើពាក្យថាច្រានចោលផែនការរបស់អ៊ីស្រាអែលដែលចង់វាយអ៊ីរ៉ង់នោះទេ។ គ្រាន់តែថាលោកមិនប្រញាប់ប្រញាល់វាយអ៊ីរ៉ង់ពេកដែរ។
ការថ្លែងដូចនេះតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលស្នើសុំឱ្យលោកបកស្រាយចំពោះការចុះផ្សាយរបស់កាសែតដឹញូយ៉កថាមស៍ (The New York Times) ដែលថា «អ៊ីស្រាអែលប្រុងរួមដៃគ្នាជាមួយអាមេរិកដើម្បីវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប៉ុន្តែលោកត្រាំច្រានចោលសំណើនោះ»។ ត្រាំបញ្ជាក់ត្រង់ចំណុចនេះថាលោកសូមមិនប្រើពាក្យច្រានចោល (សំណើរបស់អ៊ីស្រាអែលទេ) ប៉ុន្តែលោកគ្រាន់តែគិតថាអ៊ីរ៉ង់មានឱកាសរស់នៅដោយសុខសាន្តដោយមិនចាំបាច់ពលីជីវិត។
ត្រាំថាលោកចង់ឃើញអ៊ីរ៉ង់មានឱកាសកសាងខ្លួនជាប្រទេសដ៏អស្ចារ្យ១។ ហេតុនេះ លោកគិតថាគ្មានការចាំបាច់ដើម្បីប្រើប្រាស់កម្លាំងយោធាទេ។ ការថ្លែងរបស់ត្រាំអាចជាសញ្ញាវិជ្ជមាន១ និងធ្វើឱ្យសភាពការណ៍ធូរស្បើយបន្តិចវិញ។ គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ត្រៀមជួបគ្នានៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃសៅរ៍សប្ដាហ៍នេះដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។
តាមពិត អាមេរិកបន្តដាក់សម្ពាធដល់កម្រិតកំពូលទៅលើអ៊ីរ៉ង់។ គ្រាន់តែថាលោកត្រាំប្រកាសគាំទ្រការសន្ទនាគ្នាបន្ទាប់ពីអ៊ីរ៉ង់យល់ព្រមចូលតុចរចា។ គម្រោងជួបគ្នាជាបន្ទាន់បែបនេះជាការបង្ហាញពីសភាពការណ៍ផុយស្រួយ និងគ្រោះថ្នាក់។ បើអ៊ីរ៉ង់មិនចូលតុចរចាទេ អ៊ីស្រាអែលអាចនឹងវាយប្រហារមែនទោះបីគ្មានអាមេរិកក៏ដោយ។ គ្រាន់តែថាបើចង់ធានាការវាយប្រហារដោយជោគជ័យលុះត្រាតែអាមេរិកជួយជ្រោមជ្រែងពីក្រោយខ្នង ជាពិសេស ត្រៀមទប់ទល់នឹងការវាយបករបស់អ៊ីរ៉ង់។
ក្រោយការផ្សាយរបស់ញូយ៉កថាមស៍ លោកត្រាំបញ្ជាក់ថាលោកមិនលុបចោលទាំងស្រុងនូវលទ្ធភាពនៃការវាយប្រហារអ៊ីរ៉ង់ទេ។ គ្រាន់តែថាជម្រើសទី១របស់លោកគឺការចរចាគ្នា។ បើជម្រើសទី១ទៅមុខលែងរួច និងឈានដល់ជម្រើសទី២ លោកយល់ថាអ៊ីរ៉ង់មុខតែប្រឈមនឹងស្ថានភាពដ៏អាក្រក់ជាមិនខាន។ ប៉ុន្តែលោកយល់ថាសម្រាប់ពេលនេះ អ៊ីរ៉ង់ចង់ចរចាគ្នា។ លោកយល់ថាវាជាការល្អបើពួកគេយល់ព្រមចរចាគ្នា។ លោកមិនចង់ធ្វើបាបនរណាម្នាក់ទេ លោកមិនចង់ទាល់តែសោះ។
ប៉ុន្តែលោកសូមផ្ដាំ១ម៉ាត់ថាអ៊ីរ៉ង់មិនត្រូវផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ត្រាំចាត់ទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥កាលពីជំនាន់លោកអូបាម៉ាជាកិច្ចព្រមព្រៀងធ្វើឱ្យអាមេរិកខាតបង់ផលប្រយោជន៍ដ៏ធំ។ លោកយល់ថាអាមេរិកចាញ់ប្រៀបអ៊ីរ៉ង់ច្រើនណាស់នៅក្នុងកិច្ចព្រមព្រៀងនោះ។ ហេតុនេះហើយលោកសម្រេចចិត្តដកខ្លួនថយពីកិច្ចព្រមព្រៀងនោះ ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ។ ខាងលើនេះជាការដកស្រង់ប្រភពពីទស្សនាវដ្ដីញូស្វីក និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ