ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ចង់​ដក​ខ្លួនថយ​​ពី​បញ្ហា​អ៊ុយ​ក្រែន​បន្ទាប់​ពី​កា​រ​ចរ​ចា​មិន​សូវ​រីក​ចម្រើន

16 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លើក​នេះច្បាស់​ជាង​មុន​ទៅ​ទៀត​​ ត្រាំ​មិន​និយាយ​ច្រើន​ទេ បើ​គាត់​ខំ​ប្រឹង​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​អស់​ប៉ុណ្ណឹង​ហើយ​ ហើយ​គ្មាន​រីក​ចម្រើន​ទៅ​មុខ​ទៀត​ គាត់​នឹង​ឈប់​រវីរវល់​ធ្វើ​ជា​មេ​អណ្ដើក​សម្រុះ​សម្រួល​គ្នា​ត​ទៅ​ទៀត​ហើយ​ ហើយ​បណ្ដោយ​តាម​យថា​កម្ម​ទៅ​ចុះ​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ីយ៉ូ (Rubio)​​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លើក​នេះច្បាស់​ជាង​មុន​ទៅ​ទៀត​​ ត្រាំ​មិន​និយាយ​ច្រើន​ទេ បើ​គាត់​ខំ​ប្រឹង​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​អស់​ប៉ុណ្ណឹង​ហើយ​ ហើយ​គ្មាន​រីក​ចម្រើន​ទៅ​មុខ​ទៀត​ គាត់​នឹង​ឈប់​រវីរវល់​ធ្វើ​ជា​មេ​អណ្ដើក​សម្រុះ​សម្រួល​គ្នា​ត​ទៅ​ទៀត​ហើយ​ ហើយ​បណ្ដោយ​តាម​យថា​កម្ម​ទៅ​ចុះ​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ីយ៉ូ (Rubio)​​។

​​ប្រុមខ​ការ​ទូត​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា​យ៉ាង​ហោច​ណាស់​​ពី​នេះ​ទៅ​​មុខ​​ប៉ុន្មាន​ថ្ងៃ​ទៀត​​ លោក​ចង់​ឃើញ​ដំណើរ​ការ​ចរ​ចា​រីក​ចម្រើន​ទៅ​មុខ​​​​​ទោះ​បី​តិច​ក្ដី​ច្រើន​ក្ដី​ដើម្បី​ឱ្យ​អាមេរិក​បាន​ល្ហែ​ល្ហើយ​ចិត្ត​ខ្លះ​ និង​មាន​ចិត្ត​ចង់​​​ដោះ​ស្រាយ​បញ្ហា​នេះ​​ជា​បន្ត​ទៀត​​។ លោក​រូប៊ីយ៉ូ​ថ្លែង​ដូច្នេះ​​ក្រោយ​​​​កិច្ច​ជំនួប​​ជា​មួយ​ថ្នាក់​ដឹក​នាំ​អឺរ៉ុប និង​អ៊ុយ​ក្រែន​​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​។ លោក​ថា​អាមេរិក​មិន​អាច​ខិត​ខំ​ទាំង​ឥត​ប្រយោជន៍​រាប់​អាទិត្យ រាប់​ខែ​ដោយ​គ្មាន​លទ្ធ​ផល​នោះ​ទេ​។

ហេតុ​នេះ យើង​ត្រូវ​តែ​​ប្ដេជ្ញា​ចិត្ត​យ៉ាង​ឆាប់​រហ័ស​បំផុត​​។ ​បើ​​ប៉ុន្មាន​ថ្ងៃ​​​ទៀត យើង​​សម្លឹង​ឃើញ​ថា​មិន​អាច​​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​​នៅ​ក្នុង​រង្វង់​ពីរ​បី​សប្ដាហ៍​ទេ​​ អាមេរិក​នឹង​​ដក​ខ្លួន​ថយ​ហើយ​។ ​លោក​រូប៊ីយ៉ូ​ថ្លែង​ថា​លោក​ត្រាំ​កំពុង​គិត​គូរ​អំពី​ការ​ដើរ​ចេញនេះ​មិន​មែន​គិត​លំ​ៗ​ទេ ប៉ុន្តែ​គិត​ដោយ​ការ​តាំង​ចិត្ត​​ខ្ពស់​មែន​ទែន​។ គាត់​ (ត្រាំ) បាន​លះ​បង់​​​ពេល​វេលា​ និង​កម្លាំង​កាយ​ចិត្ត​ច្រើន​ណាស់​ទៅ​លើ​រឿង​នេះ (ការ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​)។

​លោក​រូប៊ីយ៉ូ​ទទួល​ស្គាល់​ថា​អ៊ុយ​ក្រែន​ជា​បញ្ហា​សំខាន់​ពិត​មែន​ហើយ​។ ប៉ុន្តែ​ពិភព​លោក​មាន​រឿង​សំខាន់​មិន​ចាញ់​អ៊ុយ​ក្រែន​ទេ​ដែល​ត្រូវ​ការ​ដោះ​ស្រាយ​ដូច​គ្នា​។ លោក​ចង់​មាន​ន័យ​ថា​បើ​អាល័យ​តែ​នៅ​ត្រាំ​ត្រែង​​នឹង​រឿង​អ៊ុយ​ក្រែន​វិល​វល់​នៅ​ក្នុង​វាល​វដ្ឋ​សង្សារ​​មហា​ធំ​ធេង​ ដោះ​ស្រាយ​មិន​ចេញ​ដដែល​ តើ​​បន្ត​នៅ​​ធ្វើ​អ្វី​ទៀត​?

ក្រោយ​ការ​ប្រើ​វោហារ​សាស្ត្រ​នយោបាយ​មុត​ៗ​ដល់​ថ្នាក់​នេះ ប្រទេស​ដទៃ​ទៀត​ហាក់​ដូច​ជា​ស្ងាត់​មាត់​ច្រៀប​ មិន​ទាន់​ចេញ​វាចា​នៅ​ឡើយ​ទេ​ មិន​ថា​អង់គ្លេស បារាំង អាល្លឺម៉ង់​ អ៊ុយ​ក្រែន ឬ​រុស្ស៊ី​នោះ​ទេ​។​ ទន្ទឹម​នឹង​នោះ ដំណើរ​ការ​ចរ​ចា​ទ្វេ​ភាគី​រវាង​អាមេរិក និង​អ៊ុយ​ក្រែន​ (ពាក់​ព័ន្ធ​នឹង​ការ​បែង​ចែក​ផល​ប្រយោជន៍​គ្នា​) ហាក់​ដូច​ជា​រីក​ចម្រើន​ទៅ​មុខ​គួរ​ឱ្យ​កត់​សម្គាល់​។​

ត្រាំ​ថ្លែង​កាល​ពី​យប់​មិញ​ថា​អាមេរិក និង​អ៊ុយ​ក្រែន​អាច​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​នៅសប្ដាហ៍​ក្រោយ​។ តាម​ពិត ប្រទេស​ទាំង​២​គួរ​ណាស់​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​តាំង​ពី​ដើម​ខែ​មីនាមក​ម៉្លេះ​​។ ប៉ុន្តែ​​ដោយ​សារ​នៅ​ក្នុង​កិច្ច​ជំនួប​នៅសេត​វិមាន​នោះ​​មាន​ជម្លោះ​ពាក្យ​សម្ដី​គ្នា​រវាង​លោក​ហ្សេឡិនស្គី​ជា​មួយ​លោក​ត្រាំ និង​លោក​ជេ​ឌី​វេន (អនុ​ប្រធានា​ធិបតី​អាមេរិក)​​។ ដូច្នេះ​ក៏​អាក់​ខាន​ទៅ​វិញ​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ