ទីក្រុងបាងកក៖ ថ្ងៃនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ប្រកាសថាត្រូវតែពង្រឹងសន្តិសុខនៅបណ្ដាខេត្តភាគខាងត្បូងព្រោះមានសភាពការណ៍មិនស្រួលចាប់ផ្ដើមកើតឡើងសាជាសាថ្មីដែលបង្កឡើងដោយក្រុមបះបោរ។ លោកស្រីថ្លែងដូច្នេះបន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកនៅខេត្តណារ៉ាធីវ៉ាត់ (Narathiwat) និងប៉ាត់តានីកាលពីយប់ថ្ងៃសៅរ៍បណ្ដាលឱ្យស្លាប់មនុស្សមួយចំនួន។

ជាចំណាត់ការដំបូង លោកស្រីផែថងថានបង្ហើបឱ្យដឹងថារដ្ឋាភិបាលត្រូវបន្ថែមកម្លាំងការពារសន្តិសុខនៅភាគខាងត្បូង។ លោកស្រីនឹងពិភាក្សាបញ្ហានេះជាមួយស្ថាប័នពាក់ព័ន្ធ។ លោកស្រីយល់ថាការវាយប្រហារនេះជះឥទ្ធិពលអាក្រក់ចំពោះអារម្មណ៍របស់មហាជន។ សូមរំលឹកថាកាលពីយប់ថ្ងៃសៅរ៍ មានករណីផ្ទុះគ្រាប់បែកបីគ្រាប់នៅណារ៉ាធីវ៉ាត់។ លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថាហេតុការណ៍នោះបណ្ដាលឱ្យស្លាប់ភ្នាក់ងារសន្តិសុខស្ម័គ្រចិត្ត២នាក់។
ភ្នាក់ងារសន្តិសុខ២នាក់ដែលបានស្លាប់ដោយសារការបាញ់ប្រហារពីក្រុមបះបោរលោកស្រីផែថងថានទទួលដំណឹងនេះនៅពេលធ្វើដំណើរវិលត្រឡប់ពីអាល្លឺម៉ង់។ ឥឡូវនេះ ចំនួនអ្នកស្លាប់សរុបកើនឡើងដល់៥នាក់ ចំណែកអ្នករបួសសរុប១៣នាក់។ លោកស្រីសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព និងសន្យាផ្ដល់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលសម្រាប់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ និងរបួស។ ខាងលើនេះជាការផ្សាយរបស់កាសែតដឹណេសឹនរបស់ប្រទេសថៃ។

ដោយឡែកកាសែតបាងកកប៉ុស្តិ៍របស់ថៃចុះផ្សាយដោយយោងតាមពាក្យសម្ដីរបស់សាក្សីថាជនបះបោរមួយក្រុមបានគប់គ្រាប់បែក និងបាញ់កាំភ្លើងទៅលើសាលាស្រុក បណ្ដាលឱ្យស្លាប់ភ្នាក់ងារសន្តិសុខស្ម័គ្រចិត្ត២នាក់ និងរបួស១១នាក់។ មិនតែប៉ុណ្ណោះ ពួកបះបោរបានចុចបំផ្ទុះគ្រាប់បែកនៅក្បែរផ្លូវរថភ្លើង និងនៅខាងក្រៅហាងលក់ទំនិញមួយកន្លែងថែមទៀត។

បាងកកប៉ុស្តិ៍ផ្សាយបន្តទៀតថាកាលពីយប់ថ្ងៃសៅរ៍នោះមិនត្រឹមតែនៅខេត្តណារ៉ាធីវ៉ាត់មួយប៉ុណ្ណោះទេដែលរងការវាយប្រហារពីសំណាក់ពួកបះបោរនៅភាគខាងត្បូង។ សូម្បីតែនៅខេត្តប៉ាត់តានី (Pattani) ក៏មានបញ្ហាផងដែរ។ ក្បួនរថយន្តល្បាតរបស់កងសន្តិសុខរងការវាយប្រហារ បណ្ដាលឱ្យទាហានម្នាក់ស្លាប់ និងមន្ត្រីរដ្ឋបាលថ្នាក់មូលដ្ឋាន២នាក់រងរបួស។

នៅក្នុងស្ថានភាពនេះ ផ្នែកសន្តិសុខបានប្រកាសដាក់ខេត្តណារ៉ាធីវ៉ាត់នៅក្នុងការប្រុងប្រយ័ត្នកម្រិតខ្ពស់ព្រោះអាចនឹងមានការវាយប្រហារជាបន្តទៀត។ សាក្សីនិយាយថានៅម៉ោង៧:១០យប់ថ្ងៃសៅរ៍ គេឃើញរថយន្តភីកអាប់មួយគ្រឿងដឹកជនប្រដាប់អាវុធពេញប្រៀប ស្លៀកពាក់ឈុតខ្មៅ បើកទៅឈប់នៅខាងក្រៅសាលាស្រុកសុងង៉ាយខូលឡក់ (Sungai Kolok)។

ពួកគេចុះពីលើឡាន បោកគ្រាប់បែកដាក់សាលាស្រុក និងបាញ់រះទៅលើភ្នាក់ងារសន្តិសុខដែលយាមសាលាស្រុក។ បន្ទាប់មក ឡើងជិះឡានបើកយ៉ាងលឿនស្លេវចេញពីទីនោះបាត់ស្រមោល។ ពួកគេក៏ចុចបំផ្ទុះគ្រាប់បែកដែលបង្កប់នៅក្នុងរថយន្ត និងម៉ូតូដែលចតទុកចោលនៅក្បែរសាលាស្រុកផងដែរ។ នៅពេលកំពុងជិះឡានគេចខ្លួនចេញពីកន្លែងកើតហេតុនោះ ពួកគេឆ្លៀតទម្លាក់គ្រឿងផ្ទុះជាហូរហែនៅតាមដងផ្លូវដើម្បីពន្យឺតចលនាដេញតាមពីសំណាក់សមត្ថកិច្ចថៃ។

តាមរយៈវីឌីអូឃ្លីបដែលទាញចេញពីកាមេរ៉ាសុវត្ថិភាព គេឃើញថាអ្នកដំណើរនៅម្ដុំកើតហេតុនោះនាំគ្នារត់ប្រសាចនៅពេលក្រុមបះបោរគប់គ្រាប់បែក និងបាញ់រះទៅលើសាលាស្រុក។ ការវាយប្រហារនេះកើតឡើងប៉ុន្មានអាទិត្យក្រោយពេលលោកថាក់ស៊ីនចុះទៅបណ្ដាខេត្តភាគខាងត្បូងកាលពីថ្ងៃទី២៣ ខែកុម្ភៈ។ មុនពេលលោកទៅដល់ខេត្តយ៉ាឡានោះក៏មានហេតុការណ៍ផ្ទុះគ្រាប់បែកកក្រើកថៃភាគខាងត្បូងផងដែរ។ លោកថាក់ស៊ីនរំពឹងថាការផ្សះផ្សាមុខរបួសចាស់អាចនឹងមានសញ្ញាល្អដើម្បីឈានទៅដល់ការស្រុះស្រួលគ្នា និងការបិទបញ្ចប់អំពើបះបោរនេះជាស្ថាពរ៕
ចែករំលែកព័តមាននេះ