រាជធានីភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយព័ត៌មានតាមផេកហ្វេសប៊ុកឈ្មោះ «កឹម សុភេន កូនអ្នកស្វាយរៀង» ដែលមានខ្លឹមសារថា មានក្មេងស្ទាវចូលកា.ប់មនុស្សដល់ក្នុងផ្ទះ ហើយតេទូរស័ព្ទលេខ (ហតឡាញ) សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ប៉ុន្តែមិនលើក ។ នេះបើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះមុននេះ ។

ចំពោះករណីនេះ ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រួម និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ ។
ដោយករណីនេះ ជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (វ៉ៃបែកកញ្ចក់រថយន្ត បណ្តាលឱ្យអ្នកបើករថយន្តម្នាក់បែកកញ្ចក់ ត្រូវរងរបួសស្រាល) ។

ចំពោះមូលហេតុជនរងគ្រោះបានបើករថយន្តស៊ីផ្លេជាច្រើនដងដាក់ក្មេងរើសអេតចាយ មានគ្នាប្រមាណ៤ទៅ៥នាក់អង្គុយ និងឈរលើផ្លូវខាងមុខស្តង់ទិញអេតចាយ នាំឱ្យក្រុមក្មេងរើសអេតចាយខឹង ក៏តាមវ៉ៃកញ្ចក់រថយន្តជនរងគ្រោះឱ្យបែកកញ្ចក់ និងបណ្តាលឱ្យរងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៦:២០នាទីព្រឹក នៅចំណុចភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ក្រុមជនសង្ស័យក្រោយបង្កហេតុបានរត់គេចខ្លួនភ្លាមៗ មុនពេលដែលសមត្ថកិច្ចទៅដល់ ។

បន្ទាប់មកសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ភី គង់នីត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្តតាក់ស៊ី ទីលំនៅបន្ទប់ជួល ភូមិតាងួន២ សង្កាត់កាកាបទី១ ។ ចំណែកសម្ភារខូចខាតកញ្ចក់រថយន្តចំហៀង១ផ្ទាំង និងរបួសស្នាមឆូតចង្កេះខាងស្តាំ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេត ដើម្បីចាប់ជនបង្កយកមកចាត់ការតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ