រាជធានីភ្នំពេញ ៖ ក្រោយពីស្រាវជ្រាវបន្ថែម ករណីចាប់បង្ខាំង និងជំរិតទារប្រាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាលទ្ធផល កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានរកឃើញ និងដកហូតរថយន្ត ដែលក្រុមឧក្រិដ្ឋជនជនជាតិវៀតណាម ជួលជិះធ្វើសកម្មភាពចាប់ជំរិតជនជាតិចិន នោះហើយ ។
បើតាមនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអោយដឹងថា ដោយបន្ដអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងទៅសាកសួរ ម្ចាស់ទីតាំងប្តូរប្រាក់មួយកន្លែង នៅក្រុងបាវិត ដែលជាទីតាំងក្រុមជនសង្ស័យបានទៅដកប្រាក់ ។
នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អោយដឹងបន្តថា ម្ចាស់ទីតាំងប្តូរប្រាក់ បានបំភ្លឺថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ង្វៀង វ៉ាន់ថាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម បានមកដកប្រាក់នៅទីតាំងរបស់គាត់ចំនួន ១ម៉ឺនដុល្លារអាមេរិក។ ក្រោយពីបានពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ជុំវិញទីតាំងដកប្រាក់ កម្លាំងជំនាញ បានឃើញថា មុនពេលជនសង្ស័យឈ្មោះ ង្វៀង វ៉ាន់ថាំង មកដកប្រាក់ គឺជនសង្ស័យ និងបក្ខពួក ០៣នាក់ទៀត បានចូលទៅកាស៊ីណូយីហោ ហ្គោតឡាក់ ដែលមានទីតាំងទល់មុខកន្លែងដកប្រាក់។ បន្ទាប់ពីដកប្រាក់រួច ជនសង្ស័យទាំង០៤នាក់ បានឡើងជិះរថយន្ត១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8559 ។
នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជាក់ថា រហូតដល់ថ្ងៃទី២ ខែឆ្នាំដដែល កម្លាំញជំនាញ បានស្រាវជ្រាវរកឃើញរថយន្តម៉ាកស្ដារិច ពណ៍ស ពាកស្លាកលេខ 2BV-8092 ដែលក្រុមជនសង្ស័យចាប់ជនរងគ្រោះយកទៅបង្ខាំង ជំរិតទារប្រាក់ និងបានដកយករថយន្តនោះ នៅចំណុចកាស៊ីណូថៃថេន វេលាម៉ោង៤និង១០នាទីល្ងាច និងខ្នោះដៃ១គូ ច្រវ៉ាក់២ខ្សែ ស្កុតរុំ២ដុំ ញញួរ១ ស្រោមដៃ១ថង់ ខ្សែរឹតចង មួយចំនួន ។
កម្លាំងជំនាញ បានអញ្ជើញម្ចាស់រថយន្តឈ្មោះ អាត កន យកមកសាកសួរ នៅអធិការដ្ឋានក្រុងបារិត ក្រោយពីសាកសួរម្ចាស់រថយន្ត បានបំភ្លឺថា ខ្លួនបានជួលរថយន្តខាងលើឲ្យទៅឈ្មោះ BUIHUY QUYEN ភេទប្រុស ជនជាតិវៀតណាម កាន់លិខិតឆ្លងដៃលេខ(..) កាលពិថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងតម្លៃ ៦៥០ដុល្លារអាមេរិក (ប្រាំមួយរយហាសិបដុល្លារអាមេរិក) ក្នុងមួយខែ យកទៅប្រើប្រាស់បន្ត ។
តាមរយៈកាមេរ៉ាសុវតិ្ថភាពកាស៊ីណូ ថៃថេន នៅថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០០និង២៩នាទី បានឃើញរថយន្តខាងលើ យកមកចតទុកក្នុងបរិវេនកាស៊ីណូ ហើយអ្នកបើកបររថយន្តនោះ បានដើរចេញ ហើយគេចខ្លួន ។
ចំពោះរថយន្តស្តារិច និងសម្ភារៈខាងលើ បានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី ។
សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលស្លាកលេខ ។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញស្នងដ្ឋាននគរបាលខេត្តស្វាយរៀង ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ។ លុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទីរសៀល កម្លាំងជំនាញបានស្រាវជ្រាវរកឃើញ ជនរងគ្រោះខាងលើត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១២នាក់ រួមមាន ៖
ទី១៖ឈ្មោះ ហឿ ង៉ុកថាម ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម
ទី២៖ឈ្មោះ ឡាំ ធី ញឺវិន ភេទស្រី អាយុ១៧ឆ្នាំ
ទី៣៖ឈ្មោះ ង្វៀង ទ្រីដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
ទី៤៖ឈ្មោះ ង្វៀង ហ្វានលឺ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម
ទី៥៖ឈ្មោះ ហ្វៀង វ៉ាន់ថាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម
ទី៦៖ឈ្មោះ ហ្វាម វ៉ាន់ទូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម
ទី៧៖ឈ្មោះ ដាវ ត្រុងហៀវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម
ទី៨៖ឈ្មោះ ឡ ឌឹកទន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម
ទី៩៖ឈ្មោះ ង្វៀង យីគឿង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម
ទី១០៖ឈ្មោះ ង្វៀង វ៉ាន់ហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម
ទី១១៖ឈ្មោះ ហ្វាម វឹងវៀក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម
និងទី១២៖ឈ្មោះ ងរ វ៉ានជាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ ៕
ចែករំលែកព័តមាននេះ