ថ្ងៃឆ្លងឆ្នាំផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមិនមានការកកស្ទះខ្លាំងទេ ខណៈពលរដ្ឋកាន់តែយល់ដឹងពីការប្រើប្រាស់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ មិនមានការកកស្ទះចរាចរណ៍ខ្លាំងនោះទេ ខណៈប្រជាពលរដ្ឋកាន់តែយល់ដឹងពីការប្រើប្រាស់ផ្លូវភ្នំពេញ-ព្រះសីហនុ ហើយស្ថានភាពនៃការធ្វើដំណើរទាំងនៅច្រកចូល និងច្រកចេញ ។
បើតាមការលើកឡើងរបស់ លោក ផន រឹម លើបណ្តាញសង្គម នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា យោងតាមទិន្នន័យបានបញ្ជាក់ថា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំនួនចរាចរណ៍នៅច្រកចូលមានចំនួន២១.៥៦៦គ្រឿង ខណៈនៅច្រកចេញមានចំនួន ២១.៥៨៧គ្រឿង ។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣ករណី (គ្មានអ្នកស្លា.ប់ និងរបួសទេ) ។
ដោយឡែកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ចំនួនចរាចរណ៍នៅច្រកចូលមានចំនួន២៧.១៦២គ្រឿង ខណៈនៅច្រកចេញមានចំនួន ២៨.៥០២គ្រឿង ។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ករណី របួសម្នាក់ និងគ្មានករណីស្លា.ប់ទេ ។
អ្នកនាំពាក្យ បានឱ្យដឹងទៀតថា ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤-ថ្ងៃ០១ ខែមករា ឆ្នាំ២០២៤ ចំនួនចរាចរណ៍មានការធ្លាក់ចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារប្រជាពលរដ្ឋ កាន់តែមានជម្រើសច្រើនក្នុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តតំបន់មាត់សមុទ្រទិសនិរតី រួមទាំងផ្លូវជាតិលេខ៤ ត្រូវបានស្តារ និងលើកកម្រិតគុណភាពកាន់តែប្រសើរ និងជិតរួចរាល់ ។
ដោយឡែកទីកម្សាន្តមួយចំនួនទៀត ក្រៅពីខេត្តព្រះសីហនុ ដូចជាកំពត និងកែប ជាដើម ក៏មានផ្លូវធ្វើដំណើរកាន់តែស្រួល និងឆាប់រហ័ស ដូចជា ៖ ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ជាដើម ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តែងអំពាវនាងដល់អ្នកបើកបរទាំងអស់ សូមគោរពបទបញ្ញត្តិនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន ។ ការពារសុវត្ថិភាពអាយុជីវិតអ្នក និងដទៃសូមបើកបរដោយទំនួលខុសត្រូវ ៕
ចែករំលែកព័តមាននេះ