អាណិតណាស់ ! លោកយាយអាយុ៨៨ឆ្នាំដើរលក់ក្ដឹបអំពិលឆ្លង ដែនពីស្រុកបាកានមកក្រុងពោធិ៍សាត់យកលុយចិញ្ចឹមចៅឱ្យរៀន
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ លោកយាយម្នាក់យួរកន្ត្រក ដែលក្នុងនោះមានក្ដឹបអំពិល ម្ទេស ក្រូចឆ្មា ក្រសាំង ម្អម (ចងជាបាច់ និងច្រកដាក់ថង់)…
ខេត្តពោធិ៍សាត់ ៖ លោកយាយម្នាក់យួរកន្ត្រក ដែលក្នុងនោះមានក្ដឹបអំពិល ម្ទេស ក្រូចឆ្មា ក្រសាំង ម្អម (ចងជាបាច់ និងច្រកដាក់ថង់)…
ខេត្តពោធិ៍សាត់ ៖ លោកយាយម្នាក់យួរកន្ត្រក ដែលក្នុងនោះមានក្ដឹបអំពិល ម្ទេស ក្រូចឆ្មា ក្រសាំង ម្អម (ចងជាបាច់ និងច្រកដាក់ថង់) ដើរលក់ឲ្យប្រជាពលរដ្ឋតាមផ្ទះ(១០០០រៀលៗ) ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ ស្ទើរតែរាល់ថ្ងៃ ដោយមិនដឹងថា លោកយាយរស់នៅជាមួយអ្នកណា និងនៅឯណានោះទេ?
នៅពេលជួបជាមួយលោកយាយផ្ទាល់ លោកយាយបានប្រាប់ឲ្យដឹងថា លោកយាយឈ្មោះ នៅ ភុន អាយុ៨៨ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកយាយ បានលក់ដីភូមិយកលុយព្យាបាលជំងឺប្ដី ប៉ុន្តែដោយសារព្យាបាលមិនជា ប្ដីរបស់លោកយាយក៏ស្លា.ប់ចោលបាត់ទៅដែលមកដល់ពេលនេះ មានរយៈពេល០៧ឆ្នាំមកហើយ ។ លោកយាយមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់ ពួកគេចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយតែងតែផ្ញើលុយមកឲ្យកូនរៀន និងមកលេងផ្ទះជារៀងរាល់ឆ្នាំ ប៉ុន្តែរយៈពេល០២ឆ្នាំនេះលែងផ្ញើលុយ លែងមកលេងផ្ទះ គឺបាត់ដំណឹងសូន្យឈឹងតែម្ដង មិនដឹងថា ស្លា.ប់ ឬរស់នោះទេ ។
សព្វថ្ងៃនេះ លោកយាយរស់នៅលើដីអ្នកដទៃជាមួយចៅស្រីទាំង០២នាក់ ដែលម្នាក់អាយុ១០ឆ្នាំ និងម្នាក់ទៀតអាយុ១២ឆ្នាំ ។ លោកយាយរស់នៅជួបការលំបាកខ្លាំងបានទិញក្ដឹបអំពិល ក្រសាំង ម្អម ម្ទេស ក្រូចឆ្មា និងបន្លែផ្សេងៗយកទៅលក់បន្ត ដើម្បីបានលុយខ្លះៗទិញអង្ករហូប និងចៅទៅរៀន ។
លោកយាយឲ្យដឹងថា ដោយសារលក់នៅស្រុកបាកាន មិនសូវដាច់ ដូច្នេះលោកយាយត្រូវជិះរថយន្ដឈ្នួលយកទៅលក់នៅទីប្រជុំជនក្រុងពោធិ៍សាត់ ដែលទាំងទៅ ទាំងមកត្រូវចំណាយថ្លៃឡាន អស់១៥.០០០រៀល ។
ក្នុងមួយថ្ងៃលក់បានពី៤០.០០០រៀល ទៅ៥០.០០០រៀល ។ ទូទាត់ថ្លៃដើមចំណេញបានជាងមួយម៉ឺនរៀល ហើយបើមានអ្នកជួយទិញផងដាក់ទានឲ្យផង ក្នុងមួយថ្ងៃអាចបានជិត២០.០០០រៀលដែរ ។ លោកយាយ ឲ្យចៅទៅរៀន ម្នាក់៥.០០០រៀលក្នុងមួយថ្ងៃ ដូច្នេះបើគិតទាំងលុយទិញអង្ករ ទិញម្ហូប សម្ភារៈសិក្សា សម្លៀកបំពាក់ និងតម្រូវការផ្សេងៗទៀត គឺពិតជាមានការខ្វះខាត ហើយសព្វថ្ងៃនេះ បានអ្នកជិតខាង ជួយឲ្យបាយសម្លម្ដងម្កាល ពេលឃើញគាត់ និងចៅៗហូបបាយជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ។
លោកយាយ នៅ ភុន មានការព្រួយបារម្ភ ដោយសារលោកយាយអាយុកាន់តែច្រើន កម្លាំងកាន់តែខ្សាយ មិនអាចដើរលក់យកលុយមកចិញ្ចឹមចៅទាំងពីរបានរហូតនោះទេ ។ លោកយាយសូមឲ្យអាជ្ញាធរ និងសប្បុរសជន ដែលមានចិត្តមនុស្សធម៌ ចិត្តបុណ្យ ជួយដល់គាត់ និងចៅស្រីទាំងពីរផង ព្រោះមិនដឹងថាឪពុកម្ដាយពួកគេនៅរស់ ឬក៏ស្លា.ប់នោះទេ? ៕
ចែករំលែកព័តមាននេះ