ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិផរណាកូរ៉េខាងត្បូងកើនឡើងខ្ពស់ ចំពេលភាពចលាច.លនយោបាយផុងកាន់តែជ្រៅ

3 ថ្ងៃ មុន

ប្រទេសកូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍ពីគេហទំព័រ Bloomberg នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អតិផរណាអ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងជាលំដាប់ ដោយ​សារ​តែភាពចលាចលនយោបាយមានទម្ងន់លើរូបិយប័ណ្ណក្នុងស្រុក…

0:00
0:00

ប្រទេសកូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍ពីគេហទំព័រ Bloomberg នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អតិផរណាអ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងជាលំដាប់ ដោយ​សារ​តែភាពចលាចលនយោបាយមានទម្ងន់លើរូបិយប័ណ្ណក្នុងស្រុក ដែលគំរាមកំហែងដល់ស្ថិរភាពតម្លៃក្នុងប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលអាហារ និងថាមពលមួយនេះ។

ការិយាល័យស្ថិតិជាតិកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃអង្គារនេះថា តម្លៃទំនិញប្រើប្រាស់បានកើនឡើង ១.៩% នៅក្នុងខែធ្នូ បើធៀបនឹងឆ្នាំមុន ដែលលឿនជាងការកើនឡើង ១.៥% នៅក្នុងខែវិច្ឆិកា។ ជាមួយទិន្នន័យចុងក្រោយនេះ បានធ្វើឱ្យមានភាពស្មុគស្មាញដល់សមីការគោលនយោបាយធនាគារកូរ៉េខាងត្បូង ដែលអាចកំណត់ដែនលើការកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួន នៅឆ្នាំក្រោយ។

អ្នកបង្កើតគោលនយោបាយក៏មានការបារម្ភផងដែរថា កំណើនសេដ្ឋកិច្ចជាតិអាចនឹងចុះខ្សោយបន្ថែមទៀត ដោយសារភាពចលាចលនយោបាយ បង្កឡើងដោយការដាក់ច្បាប់អាជ្ញាសឹករយៈខ្លីរបស់ប្រធានាធិបតី លោក យូន សកយ៉ល (Yoon Suk Yeol) ដែលទីបំផុតនាំទៅដល់ការចោទប្រកាន់ ហើយនៅថ្ងៃទី៣១ ខែធ្នូនេះ តុលាការក្រុងសេអ៊ូល ក៏ឈានបានចេញដីកាចាប់ខ្លួនប្រធានាធិបតីត្រូវបានព្យួរតំណែងរូបនេះ ក្រោយមិនចូលខ្លួនបំភ្លឺតាមការកោះហៅពីអាជ្ញាធរស៊ើបអង្កេត។

លោក Ahn Jae-kyun អ្នកវិភាគនៅក្រុមហ៊ុន Shinhan Investment បានអះអាងថា ផលប៉ះពាល់លើ​អតិផរណាពីរូបិយប័ណ្ណទន់ខ្សោយ អាចនឹងកើនឡើងក្នុងប៉ុន្មានខែខាងមុខ ប៉ុន្តែការព្រួយបារម្ភដ៏ធំបំផុតនៅពេលនេះ កំពុងធ្វើឱ្យអារម្មណ៍អ្នកប្រើប្រាស់ធ្លាក់ចុះយ៉ាងខ្លាំង។ ដូច្នេះខែមករាទំនងជាពេលវេលាត្រឹមត្រូវ សម្រាប់ការកាត់បន្ថយអត្រាការប្រាក់ដែលបានផ្តល់ឱ្យជាវិជ្ជមានទាំងផលិតកម្ម និងការប្រើប្រាស់កំពុងធ្លាក់ចុះ។

បញ្ហាប្រឈមរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានបូកបញ្ចូលបន្ថែមទៀត ដោយឧបទ្ទវហេតុផ្ទុះយន្តហោះដ៏រន្ធត់បំផុត Boeing 737-800 មួយគ្រឿងរបស់ក្រុមហ៊ុន Jeju Air កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយសារជួបបញ្ហានៅពេលចុះចត ដែលឆក់យកជីវិតមនុស្សចំនួន ១៧៩នាក់ ខណៈដែលមានតែ២នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្សសរុប ១៨១នាក់នៅលើយន្តហោះ ដែលរួចផុតពីសេចក្តីស្លាប់។

លោក Rhee Chang-yong ទេសាភិបាលធនាគារកូរ៉េ បានថ្លែងនៅមុនពេលកើតឧបទ្ទវហេតុផ្ទុះយន្តហោះ Jeju Air Boeing 737-800 ថា សេដ្ឋកិច្ចកូរ៉េខាងត្បូងនៅឆ្នាំក្រោយ អាចនឹងមិនឈានដល់កំណើន ១.៩% ដូចការព្យាករណ៍ពីមុនឡើយ។

យ៉ាងណាមិញ Bloomberg Economics បានលើកឡើងថា ការធ្លាក់ចុះតម្លៃប្រាក់វ៉ុនដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៩ បង្ហាញពីការព្រួយបារម្ភអំពីផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែវាក៏អាចកំណត់វិសាលភាពដែលធនាគារកូរ៉េអាចកាត់បន្ថយអត្រាការប្រាក់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ