ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថា កាលពីវេលាម៉ោង០៣និង២៦នាទីទៀបភ្លឺឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលព្រះថោង ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីក្រុមជាងភ្លើង មួយក្រុមមានគ្នា០៩នាក់ ជិះម៉ូតូ១គ្រឿង និងបើករថយន្ដ(ស្ទួច) ១គ្រឿងទៀត បានធ្វើសកម្មភាពបុកពីក្រោយ ហើយវាយ និងកា.ប់លើក្រុមជនរងគ្រោះចំនួន៥នាក់ ម៉ូតូ២គ្រឿង បណ្តាលឱ្យរងរបួសមនុស្ស២នាក់ (ស្រាល) និងខូចម៉ូតូ១គ្រឿង រួចក៏គេចខ្លួនចេញពីកន្លែងកើតហេតុ ។
ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះដល់កន្លែងកើតហេតុ ដោយស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងដកហូតវត្ថុតាងមួយចំនួន ។
ជនសង្ស័យទាំង៦នាក់ រួមមានឈ្មោះ ៖
១-ឈ្មោះ ហម ភៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
២-ឈ្មោះ នាយ វីថៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងភ្លើង (កាន់ដែកបន្ទះ) ។
៣-ឈ្មោះ នី វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងភ្លើង (កាន់ដែកបន្ទះ) ។
៤-ឈ្មោះ ធុ យុទ្ធីភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងភ្លើង (កាន់ដែកបន្ទះ) ។
៥-ឈ្មោះ ហម នៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង (កាន់ពូថៅ) ។
និង៦-ឈ្មោះ ផា ម៉ាប់ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង (អ្នកបើករថយន្ត) ។
ដោយឡែកឈ្មោះ ហ៊ីង ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មុខរបរជាងភ្លើង និង០២នាក់ទៀត ពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ។ ជនសង្ស័យទាំង០៩នាក់ខាងលើ ស្នាក់នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន ៖
-ពូថៅចំនួន០១ដើម
-ដែកបន្ទះចំនួន០៥បន្ទះ
-ទូរសព្ទចំនួន០៣គ្រឿង
-ម៉ូតូ១គ្រឿង
-រថយន្ត០១គ្រឿង ។
បើតាមនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ដែរថា ចំពោះមូលហេតុ គឺផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដោយក្រុមជនសង្ស័យជិះម៉ូតូបុកប៉ះគ្នាជាមួយជនរងគ្រោះ នៅចំណុចជិតកាហ្វេប្រោន សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រួចជនសង្ស័យ ក៏ជិះរត់គេច ហើយជនរងគ្រោះ ជិះម៉ូតូដេញតាមសុំសម្រួល តែជនសង្ស័យក៏បានទូរសព្ទហៅបក្ខពួកខ្លួនមក ដោយប្រាប់ថា មានគេជិះម៉ូតូដេញវាយនៅចំណុចព្រះថោង ពេលនោះក្រុមបក្ខពួកជនសង្ស័យ នាំគ្នាជិះរថយន្តស្ទួច មកបុកជនរងគ្រោះពីក្រោយ ហើយបានធ្វើសកម្មភាពវាយកាប់ម៉ូតូរបស់ជនរងគ្រោះតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមកស្នងការដ្ឋាន ដើម្បីបន្តនីតិវិធីច្បាប់។ កម្លាំងសមត្ថកិច្ច កំពុងបន្តស្វែងរកជនសង្ស័យ ដែលរត់គេចខ្លួន ៕
ចែករំលែកព័តមាននេះ