រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិ ឃាត់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីសមត្ថកិច្ចជំនាញ ត្រូវបានរកឃើញថា ពួកគេនៅតែគឃ្លើនបន្តផ្សព្វផ្សាយល្បែងអនឡាញ ប្រឆាំងនឹងសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោក ទូច សុឃៈ ។
លោក ទូច សុឃៈ បានឱ្យដឹងថា ជនសង្ស័យ៤នាក់ ដែលបំពានសារាចរណែនាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្អែកលើភស្តុតាងគ្រប់គ្រាន់ ។
អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បន្តថា ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើសន្និសីទកាសែតបញ្ជាក់បន្ថែមអំពីលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបករណីការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នេះ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។
សូមរម្លឹកថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ខណៈភ្លាមៗក្រោយចុះហត្ថលេខា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទុកឱសានវាទ ១សប្តាហ៍ ឱ្យក្រុមអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអនុវត្តវិធានការក្ដៅ ដោយស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធសហការបិទរាល់គណនីក្ដី ផេកក្ដី គេហទំព័រក្ដី ដែលបន្តបំពានសារាចរណ៍ណែនាំ ៕
ចែករំលែកព័តមាននេះ