ខេត្តកំពង់ឆ្នាំង ៖ រថយន្ត១គ្រឿង ខណៈកំពុងបើកបរស្រាប់តែបែកកង់មុខខាងឆ្វេង រេចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយ និងបុកម៉ូតូ១គ្រឿង បណ្តាលឱ្យរងរបួស៣នាក់ ។ ឧប្បត្តិហេតុគ្រោះថ្នាក់នេះ កើតឡើងកាលពីម៉ោងប្រមាណប្រមាណ១១និង៤៥នាទីព្រឹកថ្ងៃទី១ មករា ឆ្នាំ២០២៥កន្លងទៅ នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។

រថយន្តដែលបែកកង់ក្រឡាប់នេះម៉ាក ហ្វដ រ៉េងជើរ ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ ២C-៧៨៥៣ ស៊េរីឆ្នាំ២០១៧ អ្នកបើកបរឈ្មោះ ទេព ឆូយ ភេទប្រុស អាយុ៦១ឆ្នាំ ជាមេភូមិ និងមានអ្នករួមដំណើរចំនួន៦នាក់(ស្រី៣នាក់) ក្នុងនោះបងប្អូនបង្កើតអ្នកបើកបរ២នាក់(ស្រី) ក្មួយបង្កើត២នាក់(ស្រី១នាក់) បងថ្លៃ១នាក់(ប្រុស) និងចៅប្រុស១នាក់ ។ អ្នកទាំង៧នាក់ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

រថយន្តធ្វើដំណើរពីខាងត្បូងទៅជើង លុះទៅដល់ចំណុចខាងលើ ស្រាប់តែរថយន្តបែកកង់ក៏រេចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយ និងបុកម៉ូតូ១គ្រឿង ម៉ាកហុងដាវេវ ពណ៌ស ពាក់ផ្លាកលេខ ប៉ៃលិន ១A-៧៦៣៦ ដែលចតនៅជិតផ្ទះ ។ គ្រោះថ្នាក់នេះ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្តរងរបួសចំនួន៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្តខូចខាតធ្ងន់ និងម៉ូតូខូចខាតស្រាល ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន ៕




ចែករំលែកព័តមាននេះ