រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះកង់អគ្គិសនីទៅផ្សាររតនាផ្លាហ្សា ត្រូវបានជនសង្ស័យ២ម៉ូតូធ្វើសកម្មភាពធា.ក់ផ្តួលកង់អគ្គិសនី ហើយលួចយកទូរស័ព្ទដែលដាក់ក្នុងឃ្លុបកង់ រួចនាំគ្នាជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្សាររតនាផ្លាហ្សា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ជិះកង់អគ្គិសនីមកផ្សាររតនាផ្លាហ្សាក៏ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម ២គ្រឿង មានគ្នា៤នាក់ ក្នុងនោះម៉ូតូមួយគ្រឿងបានជិះកាត់ ហើយម៉ូតូមួយគ្រឿងទៀតបានធា.ក់កង់អគ្គិសនីជនរងគ្រោះផ្តួលបោកទៅនឹងរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ដែលឈប់ចតនៅកន្លែងកើតហេតុ ហើយជនសង្ស័យបានយកទូរស័ព្ទដៃជនរងគ្រោះអស់ចំនួន២គ្រឿង រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ចំណែកជនរងគ្រោះរងរបួសជង្គង់ និងដៃ បានទាក់ទងទៅក្រុមគ្រួសារមកយកជនរងគ្រោះនៅកន្លែងកើតហេតុភ្លាមៗ ។ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋនៅកន្លែងបានទាក់ទងទៅនគរបាលមូលដ្ឋាន ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីទទួលបណ្តឹងជនរងគ្រោះ និងរង់ចាំស្រាវជ្រាវរកមុខសញ្ញាខាងលើ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ